លិខិតមិត្តអ្នកអាន៖ ថ្ងៃ ០៩ វិច្ឆិកា “ណែនដូចប៊ូល មូលដូចបាល់!”
សម្រាប់ថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ ផែនការលោក សម រង្ស៊ី ដែលចង់ប្រមូលផ្តុំកម្លាំងមហាជន និងកម្លាំងប្រដាប់អាវុធធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបរាជានិយមអាស្រ័យធម្មនុញ ច្បាស់ជាទទួលបរាជ័យទាំងស្រុងមិនអាចប្រកែក បានឡើយ។ ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងថា ច្បាស់ជាបរាជ័យ? ពីព្រោះមានហេតុផលសត្យានុម័តជាច្រើនដែលអាចបញ្ជាក់បានក្នុងនោះអ្វីដែល យើងបានឃើញ នឹងភ្នែកស្រាប់និងលឺនឹងត្រចៀក គឺ រដ្ឋាភិបាល បានសំរេចចាត់វិធានការដ៏តឹងរ៉ឹងបំផុតដើម្បីបំបែក និងកាត់ស្មៅជើងក្រោម ព្រមទាំងបិទជីពចរដើម្បីបំផ្លាញផែនការរបស់លោក សម រង្ស៊ី ទាំងស្រុង។ មិនតែប៉ុណ្ណោះ វិធានការរបស់រដ្ឋាភិបាលក៏បានរុញច្រានឲ្យលោក សម រង្ស៊ី និងគូកនឲ្យស្ថិតក្នុងសភាពមួយទាល់ច្រក។ បើនិយាយតាមបែបផ្សេង អាជ្ញាធររដ្ឋាភិបាលពិតជាបានក្តាប់សភាពការណ៍យ៉ាងណែនក្នុងដៃគឺ «ណែនដូចប៊ូល មូលដូច បាល់» បើទោះជាសម រង្ស៊ី មានស្លាបហោះក៏មិនអាចចូលស្រុកមកធ្វើអ្វីបានតាមគំនិតដែលខ្លួនចង់នោះឡើយ។ ហើយបើពិតជាហ៊ានប្រថុយចូលមែននោះ ប្រាកដជាត្រូវសមត្ថកិច្ចចាប់ក្របួចនិងបង្រ្កាបដោយប្រសិទ្ធភាពបំផុត។ នេះបានសបញ្ជាក់ឲ្យឃើញពីប្រៀបខ្លាំងរបស់លោក ហ៊ុន សែន និងក៏បានបង្ហាញអោយឃើញនូវកំហុសខាងយុទ្ធសាស្ត្រធំធេង របស់លោក សម រង្ស៊ី ផងដែរ។
ខ្ញុំចង់លើកហេតុផលមួយចំនួនដែលអាចបញ្ជាក់ថា លោក សម រង្ស៊ី ពិតជាបានបង្កើតកំហុសធ្ងន់ធ្ងរ និងបានហុចដងកាំបិតអោយលោក ហ៊ុន សែន ចាត់វិធានការសរុប មធ្យោបាយសរុបដោយស្របច្បាប់បំផុតដើម្បីការពាររដ្ឋធម្មនុញ្ញ និងការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៖
ហេតុផលទី១៖ ដោយសារតែវ័យកាន់តែចាស់ហើយចង់បានអំណាចពេកមុននឹងធ្វើនយោបាយលែងកើត លោក សម រង្ស៊ី ក៏សម្រេចចិត្តទាំងទទឹងទិស និងទាំងតក់ក្រហល់ដោយប្រើប្រាសមធ្យោបាយមិនប្រជាធិបតេយ្យ។ ការប្រកាសផ្តួលរំលំរដ្ឋាភិបាលនិងរបបរាជានិយមដែលការពារយ៉ាងរឹងមាំដោយរដ្ឋធម្មនុញ្ញគឺជាអំពើខុសច្បាប់ទាំងស្រុង និងខុសពីរដ្ឋធម្មនុញ្ញដែលកំណត់ឲ្យមានការបោះឆ្នោតរៀងរាល់ ៥ឆ្នាំម្តង។ នេះជាកំហុសធំបំផុតទី១របស់ សម រង្ស៊ី ដែលធ្វើឲ្យបាត់បង់ការគាំទ្រទាំងផ្ទៃក្នុងខ្លួនឯងផង និងជាពិសេសទាំងសហគមន៍អន្តរជាតិផង។ ហេតុដូច្នេះហើយបានជាមកដល់ពេលនេះ ពុំមានរដ្ឋាភិបាលបរទេស រឺស្ថាប័នអន្តរជាតិណាមួយបានចេញមកប្រកាសជាផ្លូវការគាំទ្រការចូលស្រុករបស់លោកសម រង្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែននោះឡើយ។
ហេតុផលទី២៖ ដោយសារតែចង់ស្រាយគំនុំគ្រួសារខ្លាំងពេក លោក សម រង្ស៊ី ទប់អារម្មណ៍មិនបានហើយក្លាយជាមនុស្សថ្លើមពាសមេឃ ហ៊ានរហូតដល់ប្រមាថមាក់ងាយអង្គព្រះមហាក្សត្រជាសាធារណៈ។
ការប្រមាថព្រះមហាក្សត្រគឺជាកំហុសធ្ងន់ធ្ងរធំបំផុតទី២ ដែលធ្វើឲ្យលោក សម រង្ស៊ី បាត់បង់ការគាំទ្រកាន់តែខ្លាំងពីសំណាក់មហាជនខ្មែរទូទៅដែលគោរពស្រឡាញ់ព្រះមហាក្សត្រយ៉ាងខ្លាំង តាំងពីបូរាណកាលមក។ ប៉ុន្តែ លើកនេះ លោក សម រង្ស៊ី បានបំពានទឹកចិត្តពលរដ្ឋខ្មែរទូទាំងនគរដោយឥតញញើតកោតក្រែង។
ហេតុផលទី៣៖ កំហុសត្រួតលើកំហុស !
សុខៗស្រាប់តែលោក សម រង្ស៊ី និងគូកន បានប្រកាសចេញសេចក្តីសម្រេចប្រមូលថវិកា ដើម្បីឧបត្ថម្ភកម្លាំងប្រដាប់អាវុធដែលហ៊ានផ្តាច់ខ្លួនហើយអោយបែរចុងកាណុងទៅរករដ្ឋាភិបាលវិញ។ សេចក្តីសម្រេចនេះ គឺពិតជានយោបាយអត្តឃាតដ៏អាក្រក់បំផុតដែលបង្ហាញឲ្យឃើញកាន់តែច្បាស់ថា លោក សម រង្ស៊ី កំពុងរៀបចំផែនការធ្វើរដ្ឋប្រហារយ៉ាងពិតប្រាកដ។ នេះជាកំហុសធំបំផុតទី៣របស់លោក សម រង្ស៊ី ដែលមិនត្រឹមតែបំបែកកម្លាំងផ្ទៃក្នុងរបស់ខ្លួនជាពិសេសគឺការចេញមុខប្រឆាំងជាចំហពីក្រុម កឹម សុខានិយមប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បានធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន មានហេតុផលគ្រប់គ្រាន់ខាងផ្លូវច្បាប់ក្នុងការប្រកាសជាជំហរដាក់ចេញវិធានការសរុប មធ្យោបាយសរុបគ្រប់បែបយ៉ាងរាប់ទាំងមធ្យោបាយយោធា ដូចដែលបាននិងកំពុងធ្វើសព្វថ្ងៃនេះទន្ទឹមគ្នានឹងការប្រើ ប្រាស់កម្លាំងមហាជនដែលជាចលនាជាតិមួយតាមរយៈការរៀបចំទិវាហូបអំបុកថ្ងៃទី៩ វិច្ឆិកានៅទូទាំងប្រទេស។
មូលហេតុទី៤៖ ការរៀបចំផែនការរដ្ឋប្រហារក្រោមរូបភាពនៃការវិលចូលស្រុកវិញ របស់លោក សម រង្ស៊ី បានធ្វើឡើងក្នុងកាលៈទេសៈមិនអំណោយផលទាល់តែសោះចំពោះលោក សម រង្ស៊ី ដោយសារម្យ៉ាងពេលនេះកម្លាំងផ្ទៃក្នុងរបស់លោក សម រង្ស៊ី កំពុងបែកបាក់ខ្ទេចខ្ទី និងម្យ៉ាងទៀត លោក ហ៊ុន សែន កំពុងកាន់ក្តាប់អំណាចយ៉ាងណែនក្នុងដៃលើគ្រប់វិស័យ រាប់ទាំងវិស័យយោធាផង។ ហើយបើងាកទៅមើលបរិបទអន្តរជាតិវិញ ផែនការរបស់លោក សម រង្ស៊ី បានធ្វើឡើងចំពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងបំពេញតួនាទីដ៏សំខាន់ក្នុងនាមជារដ្ធសមាជិកអាស៊ានផង ក្នុងនាមសហគមន៍អាស៊ានជាមួយដៃគូផ្សេងៗផង។ ក្នុងពេលខាងមុខនេះ រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ី-អឺរ៉ុប ASEM ទៀតផង។
ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏កំពុងប្រើនយោបាយការទូត ស្រទន់ដើម្បីពង្រឹងឡើងវិញនូវទំនាក់ ទំនងល្អជាមួយកម្ពុជាដូចដែលយើងបានឃើញការ បង្ហោះសារជាបន្តបន្ទាប់របស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា។
ដូច្នេះ គេអាចនិយាយបានថា លោក សម រង្ស៊ី បាននិងកំពុងធ្វើនយោបាយលោតខុសទិសខ្យល់ទាំងស្រុង ឬថា សម រង្ស៊ី កំពុងរាំខុសសង្វាក់ភ្លេងហើយ។
ដោយសារតែកំហុសយុទ្ធសាស្ត្រធំៗទាំងអស់នេះហើយទើបបានជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកជាឱកាសមាសដែលផ្តល់អំណោយផលគ្រប់បែបយ៉ាងក្នុងការចាត់វិធានការទៅលើលោក សម រង្ស៊ី និងគូកនដែលជាក្រុមដឹកនាំធ្វើរដ្ឋប្រហារ។ នេះគឺជាវិធានការក្នុងបុព្វហេតុការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រនិងការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
លោក សម រង្ស៊ី និងក្រុមរបស់គាត់ក៏ដូចជាអ្នកវិភាគខ្លះកំពុងវិភាគដោយយល់ច្រឡំថា រដ្ឋាភិបាលភ្នំពេញខ្លាចស្រមោលលោក សម រង្ស៊ី ទើបបានជាប្រើវិធានការធំធេងយ៉ាងនេះ។ ប៉ុន្តែ បើតាមខ្ញុំយល់ លោក ហ៊ុន សែន យល់ច្បាស់ណាស់ថា លោក សម រង្ស៊ី ពេលនេះកំពុងស្ថិតក្នុងសភាព«ចចកសំគម ហើយត្រូវរបួស»ទៀត ដែលសូម្បីតែសត្វរុយក៍មើលងាយដែរ។ ប៉ុន្តែ ចំណាត់ការដែលរដ្ឋាភិបាលធ្វើចំពោះលោក សម រង្ស៊ី និងគូកន ដែលមើលទៅមានសភាពសម្បើមខ្លាំងក៏ព្រោះតែលោក ហ៊ុន សែន ចង់បង្ហាញថា ៖
-លោកនៅតែអាចក្តាប់បានយ៉ាងណែនក្នុងដៃនូវកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺមិនដូចការឃោសនារបស់លោក សម រង្ស៊ី ដែលចង់បំបែកបំបាក់កម្លាំងប្រដាប់អាវុធចេញពីរដ្ឋាភិបាលនោះឡើយ។
-លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ចង់បង្ហាញថា លោកអាចប្រើប្រាស់យន្តការអាស៊ានផងដែរដើម្បីចាត់វិធានការតាមផ្លូវច្បាប់ពីព្រោះកំហុសយុទ្ធសាស្ត្ររបស់លោក សម រង្ស៊ី បានធ្វើឲ្យលោក ហ៊ុន សែន មានហេតុផលគ្រប់គ្រាន់ក្នុងការដាក់ឈ្មោះ សម រង្ស៊ី និងគូកនក្នុងបញ្ជីខ្មៅផ្ញើទៅបណ្តាប្រទេសអាស៊ានដើម្បីសុំសហការក្នុងការចាត់វិធានការ តាមច្បាប់ក្នុងនាមជារដ្ឋសមាជិកអាស៊ាន។ បញ្ជីខ្មៅនេះហើយដែលធ្វើឲ្យអាស៊ាន ពិសេសប្រទេសជិតខាងកម្ពុជាបានបណ្តេញលោកស្រីមួរ សុខ ហួរអោយត្រឡប់ទៅវិញ ហើយលោករង្ស៊ីក៏ដូចជាគូកនគាត់ដែលមានឈ្មោះក្នុងបញ្ជីខ្មៅនឹងពិតជាមានលទ្ធផលដូចលោកស្រីមួរ សុខហួរនេះដែរ។
ដូច្នេះ ខ្ញុំយល់ថាការលើកឡើងថាលោក ហ៊ុន សែន ខ្លាចស្រមោល សម រង្ស៊ី នោះគឺមិនឡូហ្ស៊ីកឡើយ តែផ្ទុយទៅវិញ គឺលោក ហ៊ុន សែន គ្រាន់តែប្រើប្រាស់ឱកាសមាសដែល លោក សម រង្ស៊ី ហុចអោយក្នុងយុទ្ធសាស្ត្រ «ឈ្នះសង្គ្រាមដោយមិនចាំបាច់ធ្វើសង្គ្រាម»តែប៉ុណ្ណោះ។
សរុបមកវិញ ខ្ញុំមើលឃើញថា ពេលនេះរដ្ឋាភិបាលភ្នំពេញ ដែលដឹកនាំដោយគណបក្សប្រជាជនពិតជាមានមូលហេតុ និងបុព្វហេតុត្រឹមត្រូវនិងស្របច្បាប់ក្នុងការប្រមូលនិងរួបរួមកំលាំងគ្នាទាំងកំលាំងច្បាប់ កំលាំងមហាជន និងកំលាំងប្រដាប់អាវុធ ដើម្បីប្រឆាំងជាចំហនិងជាផ្លូវការទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ថ្ងៃ៩វិច្ឆិកាក្នុងភាព ម្ចាស់ការទាំងស្រុងលើសភាពការណ៍ទូទៅពោលគឺអ្វីៗទាំងអស់ត្រូវបានរដ្ឋាភិបាលរៀបចំទុកជាមុននិងក្តាប់ « ណែនដូចប៊ូល មូលដូចបាល់» ដើម្បីធានាការសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងឱកាសពីធីបុណ្យអុំទូក ឆ្នាំ២០១៩នេះក៍ដូចជាស្ថេរភាព និងសេចក្តីសុខរបស់សង្គមជាតិខ្មែរយើងតទៅទៀត។
ដោយ : សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម