Facebook សម្តេចក្រឡាហោម ស ខេង៖ «ផែនការរដ្ឋប្រហារ ៩ វិច្ឆិកា ទទួលបរាជ័យ»

ដោយ៖ ស៊ីវេត មធុរ៉ា​​ | ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ | ព័ត៌មានទូទៅ | 0 |
Facebook សម្តេចក្រឡាហោម ស ខេង៖ «ផែនការរដ្ឋប្រហារ ៩ វិច្ឆិកា ទទួលបរាជ័យ» Facebook សម្តេចក្រឡាហោម ស ខេង៖ «ផែនការរដ្ឋប្រហារ ៩ វិច្ឆិកា ទទួលបរាជ័យ»

(ភ្នំពេញ)៖ ការខកខាន នៃដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៊ី ដែលតាំងខ្លួនជាមេដឹកនាំគណក្សប្រឆាំង ដែលត្រូវបានរំលាយចោល ដោយតុលាការកំពូល នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានធ្វើឲ្យមានការវិភាគវែកញែកតាមទស្សនៈ ផ្សេងៗគ្នាជាច្រើន ហើយមានទស្សនៈខ្លះ បានស្តីបន្ទោសដល់រាជរដ្ឋាភិបាលកម្ពុជា ថាបានចាត់វិធានការជាច្រើន រួមទាំងការប្រើប្រាស់កងកម្លាំង ក្នុងកិច្ចរារាំងដំណើរវិលត្រឡប់នេះ។

តើការខកខានមិនអាចចូលមកក្នុងប្រទេស របស់លោក សម រង្ស៊ី និងបក្ខពួករបស់គាត់ នៅពេលនេះជាកំហុសរបស់នរណា?

មិនមានអ្វីដែលត្រូវប្រកែកបានឡើយ! ជាមួយនឹងការប្រកាសវិលត្រឡប់ចូលមកក្នុងប្រទេសវិញ ទណ្ឌិត សម រង្ស៊ី បានថ្លែងជាបន្តបន្ទាប់ និងធ្វើសកម្មភាព មិនឈប់ឈរតាមមធ្យោបាយ និងរូបភាពផ្សេងៗ ដោយបានបំផុសបំផុលដល់ប្រជាពលរដ្ឋ ដែលមានជំនឿលើខ្លួនទាំងក្នុង និងក្រៅប្រទេស ថាការវិលត្រឡប់របស់គាត់នៅថ្ងៃទី៩ ខែវិច្ឆិកានេះ នឹងបង្កើតឡើងជាចលនាមហាជនដ៏ធំមួយ ដើម្បីនាំមកនូវផ្លាស់ប្តូរ តាមរយៈការផ្តួលរំលំរាជរដ្ឋាភិបាល ការចាប់ខ្លួននាយករដ្ឋមន្ត្រី ព្រមទាំងបានប្រកាសញុះញង បំបែកបំបាក់កងទ័ពជាតិ ដោយបង្កើតមូលនិធិចិញ្ចឹមកងទ័ព ហើយហ៊ានរហូតដល់ប្រមាថព្រះចេស្តា ព្រះមហាក្សត្រ ដែលព្រះអង្គគង់ជានិមិត្តរូបជាតិ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្រ្តខ្មែរ។

សកម្មភាពទាំងនេះហើយ ដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួក ត្រូវបានតុលាការចោទប្រកាបពីបទល្មើសឧបឃាត និងរួមគំនិតក្បត់ ព្រមទាំងមានដីកា បង្គាប់ឲ្យចាប់ខ្លួន ដែលតម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែអនុវត្តច្បាប់តាមដីកាតុលាការ និងចាត់វិធានការនានា ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារ សុខសន្តិភាព ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យមួយ ដែលទើបតែងើបផុតពីសង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញសង្គមជាតិ យើងស្ទើររលាយសូន្យសុង។

ទោះជា សម រង្ស៊ី និងបក្ខពួក បាននិងកំពុងប្រឈមមុខនឹងផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏គេមិនបោះបង់ចោលនូវ ផែនការផ្តួលរំលំរាជរដ្ឋាភិបាល ដោយកម្លាំងខុសច្បាប់នោះឡើយ ហើយនៅតែផ្គើនអះអាង អំពីផែនការនេះចំពោះអ្នកគាំទ្រមួយ ក្រុមតូចរហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែផែនការនេះ មិនត្រូវបានទទួលស្វាគមន៍ដោយសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរនោះឡើយ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោកស្រី មួរ សុខហួរ ជាមនុស្សជំនិតនឹងទណ្ឌិត សម រង្ស៊ី បានសាកល្បងវិលត្រលប់ ដោយប្រើប្រាស់ប្រទេសថៃ ជាកន្លែងផ្លាស់ប្តូរយន្តហោះ ហើយត្រូវបាននគរបាលអន្តោប្រវេសន្ដថៃ បដិសេធមិនឲ្យចូលប្រទេសក្រោមហេតុផលថា វត្តមានរបស់លោកស្រី នៅក្នុងប្រទេសនេះអាចនាំឱ្យមានភាពវិកវរក្នុងសង្គម ឬប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បានសរសេរលិខិតមួយផ្ញើជូន នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដើម្បីស្នើសុំអនុញ្ញាត ឆ្លងកាត់ទឹកដីប្រទេសថៃចូលមកកម្ពុជា ប៉ុន្តែមិនមានការឆ្លើយតបជាផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃឡើយ។ រហូតមកដល់ថ្ងៃពុធទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានថ្លែងក្នុងសន្និសីទកាសែតជាសាធារណៈថា លោក សម រង្ស៊ី នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសកម្ពុជា ដោយឆ្លងកាត់ទឹកដីថៃនោះឡើយ។ លោកប្រាយុទ្ធបានលើកឡើងថា កាតព្វកិច្ចរបស់ប្រទេសថៃ ដែលជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺចៀសវាងការប្រើប្រាស់ទឹកដីប្រទេសរបស់ខ្លួន ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសជិតខាងរបស់ខ្លួន។

លោក ប្រាយុទ្ធ បានថ្លែងយ៉ាងដូច្នេះថា «យោងតាមការប្តេជ្ញាចិត្តរបស់យើង ចំពោះអាស៊ានយើងនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់គ្នាទៅវិញទៅមកទេ ហើយយើងក៏នឹងមិនអនុញ្ញាតឱ្យមានអ្នកប្រឆាំងរដ្ឋាភិបាល ប្រើប្រាស់ប្រទេសថៃ សម្រាប់ធ្វើសកម្មភាពដែរ»។

ការប្រកាសរបស់ប្រទេសថៃមួយលើក ជាពីរលើកនេះ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ពិតជាដឹងយ៉ាងច្បាស់ហើយថា មិនអាចមានវិធីដឹកនាំកម្លាំងរបស់ខ្លួន ចូលមកប្រទេសកម្ពុជាបានឡើយ ប៉ុន្តែលោក សម រង្ស៊ី នៅតែបន្តភូតកុហកអ្នកគាំទ្រថា នឹងចូលមកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

រហូតពេលនេះ ជាមួយនឹងការបិទបាំងភាពអាម៉ាស នៃការបរាជ័យ ក្នុងផែនការចូលមកកម្ពុជា ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានខិតខំស្វែងរកលេសជាច្រើន ដើម្បីចោទប្រកាន់ថារដ្ឋាភិបាលកម្ពុជា ជាអ្នករារាំង។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ច្បាស់ហើយថា ការពង្រាយកងកម្លាំងនៅតាមបណ្តោយព្រំដែន ជាពិសេសជាប់នឹងប្រទេសថៃនោះ គឺជាការត្រៀមអនុវត្តតាមដីកាតុលាការ ដើម្បីចាប់ខ្លួនសមាជិកក្រុមឧទ្ទាម និងដើម្បីថែរក្សាសន្តិសុខ សណ្តាប់សាធារណៈ និងរបៀបរៀបរយសាធារណៈ នៅតាមតំបន់ព្រំដែន គឺពុំមែនជាការបិទច្រកព្រំដែននោះឡើយ។

រហូតមកទល់ពេលនេះ មិនមានការបិទច្រកព្រំដែនណាមួយឡើយ ហើយសកម្មភាពចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឆ្លងកាត់ព្រំដែននានា មានដំណើការជាធម្មតា។ នៅពេលនេះ មិនមានការប្រកាសណាមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការហាមប្រាមទណ្ឌិត សម រង្ស៊ី និងក្រុមរបស់គាត់ មិនឲ្យចូលប្រទេសឡើយ។

បានន័យថា រាជរដ្ឋាភិបាលកម្ពុជា នៅតែគោរព និងអនុវត្តយ៉ាងខ្ជាបខ្ជួននូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពសិទ្ធិសេរីភាព របស់ប្រជារាស្រ្តខ្មែរគ្រប់ៗរូបដោយស្មើភាព។ ដូច្នេះការវិលត្រឡប់ចូលប្រទេសរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ក្នុងនាមជាពលរដ្ឋខ្មែរ គឺពុំមានអ្វីរារាំងឡើយ។

ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសផងដែរ ពីការរក្សាសិទ្ធិក្នុងការចាត់វិធានការច្បាប់ ចំពោះសកម្មភាពទាំងឡាយ ដែលប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខនៃរដ្ឋ ដើម្បីធានាការពារឲ្យបានជាដាច់ខាតនូវសន្តិភាព សន្តិសុខ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជនកម្ពុជា៕

បញ្ចេញមតិ
អត្ថបទទាក់ទង