ខ្មែរប៉ុស្ដិ៍ Close

សម្ដេច​ក្រឡាហោម ស ខេង ឆ្លើយតប ៤​ចំណុច ទៅកាន់​លោកស្រី រ៉ូ​ណា ស្មី​ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 37

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ កាលពី​រសៀល​ថ្ងៃ​ពុធ ទី​០៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។ ក្នុង​កិច្ចប្រជុំ លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង ៤​ចំណុច រួមមាន​៖ បច្ចុប្បន្នភាព​នៃ​លំហរ​សេរីភាព និង​ការបំពេញ​ការងារ​រប​ស់​អង្គការ​សង្គម​ស៊ីវិល ការអនុវត្ត​យន្តការ​ច្រកចេញចូល​តែមួយ កំណែ​ទម្រង់​ច្បាប់ យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន និង​ការបង្កើត​វេទិការ​រវាង​ក្រសួងមហាផ្ទៃ និង​សង្គម​ស៊ីវិល​។

​បន្ទាប់ពី​កិច្ចប្រជុំ លោក ផាត សុ​ផានិត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​អ្នកកាសែត​ថា សម្ដេច​ក្រឡាហោម ស ខេង បាន​ពន្យល់​យ៉ាង​លម្អិត​អំពី​ការវិវត្តន៍​ចុងក្រោយ និង​ប្រកបដោយ​ភាព​វិជ្ជមាន ពាក់ព័ន្ធ​នឹង​ការងារ​សំខាន់ៗ ទាំង​៤ ដែល​លោកស្រី រ៉ូ​ណា​ស្មី​ត ចង់ដឹង​។ បន្ទាប់ពី​ស្ដាប់​ការពន្យល់​នេះ​រួចមក អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​តិ​រូបនេះ បាន​សម្ដែង​ការកោតសរសើរ​នូវ​វឌ្ឍនភាព​ការងារ​ទាំងនេះ គិត​ចាប់តាំងពី​ក្រោយ​ជំនួប​លើក​ទី​៦ រវាង​លោកស្រី និង​សម្ដេច ស ខេង កាលពី​ចុងឆ្នាំ​២០១៨​កន្លងទៅ​។

​លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​សំណូម​ឲ្យ​ក្រសួងមហាផ្ទៃ កែលម្អរ​ចំណុច​ខ្វះខាត​មួយចំនួន ដើម្បី​ឲ្យ​កិច្ចការ​សំខាន់​ទាំង​៤ ដែល​លោកស្រី ផ្ដោត​ការយកចិត្តទុកដាក់​នោះ កាន់តែ​ដំណើរការ​ប្រកបដោយ​ភាព​វិជ្ជមាន ដូចជា​ព​ន្លឿ​ន​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន និង​ការពង្រឹង​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា​នឹង​ការអនុវត្ត​សិទ្ធិ​របស់​សង្គម​ស៊ីវិល ជាដើម​។

សូមរម្លឹកថា លោកស្រី រ៉ូណា ស្មីត បានមកបំពេញបេសកកកម្ម លើកទី៧ នៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩​។ លោកស្រី បានជួបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អ្នក​នយោបាយ អង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ជាដើម។ មុនពេលចាកចេញពីកម្ពុជា លោកស្រី នឹង​ធ្វើ​សន្និសីទ​កាសែត នៅម៉ោង ៣ រសៀល​ថ្ងៃទី០៩ ខែឧសភា នៅទីស្នាក់ការ​ឧត្តមស្នងការ​អង្គការ​សហប្រជា​ជាតិ​ ទទួលបន្ទុក​សិទ្ធិ​មនុស្ស ​ប្រចាំ​កម្ពុជា ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​២៧១ ក្នុង​រាជធានី​ភ្នំពេញ​៕​

អត្ថបទ៖ Swiftnews

អត្ថបទទាក់ទង