ខ្មែរប៉ុស្ដិ៍ Close

ផ្លូវរថភ្លើងពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង ត្រូវបានប្រកាសដាក់អោយដំណើរការនៅព្រឹកនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 100
ផ្លូវរថភ្លើងពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង ត្រូវបានប្រកាសដាក់អោយដំណើរការនៅព្រឹកនេះ ផ្លូវរថភ្លើងពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង ត្រូវបានប្រកាសដាក់អោយដំណើរការនៅព្រឹកនេះ

បាត់ដំបង៖ នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នរថភ្លើងពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក ខាន់ ម៉ាណេរ ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តី ស ខេង និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ។ ការដាក់ឱ្យដំណើរការឡើងវិញនូវកំណាត់ផ្លូវដែកប្រវែងប្រមាណ ៦៥គីឡូម៉ែត្រនេះ (សិរីសោភ័ណ-បាត់ដំបង) ក៏មានការអញ្ជើញចូលរួមអបអរសាទរយ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបងផងដែរ។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវដែកចំណាយថវិកាជួសជុល និងសាងសង់ឡើងវិញជិត ៧៧លានដុល្លារអាមេរិក។ ផ្លូវដែកចាប់ពីសិរីសោភ័ណ-បាត់ដំបង មាន១០ស្ថានីយ៍ រួមមាន៖ សិរីសោភ័ណ មង្គលបូរី ចំការចេក ភ្នំតូច ទួលសំរោង ជ្រោយស្តៅ ជណ្តើរស្វា អូរតាគី សៀម និងបាត់ដំបង។ កំណាត់ផ្លូវដែកនេះមានផ្លូវឆ្លងកាត់សរុបចំនួន ១១៣កន្លែង ក្នុងនោះ ក្នុងខេត្តបន្ទាយមានជ័យ ពីសិរីសោភ័ណមកមានផ្លូវដែកប្រវែង២៨ គីឡូម៉ែត្រ មានផ្លូវឆ្លងកាត់ចំនួន៥០ (៤១ ជាផ្លូវឆ្លងកាត់ផ្លូវការ និង៩ ជាផ្លូវសាងសង់ក្នុងលក្ខណៈឯកជន មិនមានការទទួលស្គាល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន) ក្នុងទឹកដីខេត្តបាត់ដំបង មានប្រវែង ៣៧គីឡូម៉ែត្រ មានផ្លូវឆ្លងកាត់ចំនួន៦៣ (៥០ជាផ្លូវឆ្លងកាត់ផ្លូវការ និង១៣ ជាផ្លូវសាងសង់ក្នុងលក្ខណៈឯកជន)។

សូមបញ្ជាក់ថា ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ ហើយបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ តែផ្លូវដែករបស់កម្ពុជា ត្រូវបានអាក់ខានប្រើប្រាស់ទៅវិញ ដោយសាររងការខូចខាតដោយអន្លើព្រោះតែភ្លើងសង្គ្រាម។ បច្ចុប្បន្នផ្លូវដែកត្រូវបានជួសជុល និងស្តារឡើងវិញ ដើម្បីបម្រើដល់ការដឹកជញ្ជូននៅកម្ពុជា។ ក្នុងនោះកំណាត់ផ្លូវដែកប៉ោយប៉ែត មកកាន់ក្រុងសិរីសោភ័ណ មានប្រវែង៤៨គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ កន្លងមកនេះ ហើយកំណាត់ផ្លូវពីខេត្តបាត់ដំបងតភ្ជាប់ទៅកាន់ខេត្តពោធិ៍សាត់នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ និងផ្លូវដែករហូតដល់រាជធានីភ្នំពេញ ក៏កំពុងសាងសង់បន្តផងដែរ ជាមួយការរំពឹងអាចដាក់ឱ្យដំណើរក្នុងពេលឆាប់ៗខាងមុខ។

ការដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវដែកពីសិរីសោភ័ណ ទៅកាន់ខេត្តបាត់ដំបងនេះ គឺជាសមិទ្ធផលលើវិស័យដឹកជញ្ជូនទី៥ហើយ នៅក្នុងខែមេសា ឆ្នាំ២០១៨នេះ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានក្រសួងសាធារណការ និងដឹកជញ្ជូនដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាសេនាធិការនោះ បានប្រឹងប្រែងសាងសង់ និងជួសជុលសម្រាប់បម្រើជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ៕

 

អត្ថបទទាក់ទង