ខ្មែរប៉ុស្ដិ៍ Close

ADB ចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា លើ​កម្មវិធី​ចំនួន​ពីរ​ដែលមាន​ទឹកប្រាក់ ៩០លានដុល្លារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48
ADB ចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា លើ​កម្មវិធី​ចំនួន​ពីរ​ដែលមាន​ទឹកប្រាក់ ៩០លានដុល្លារ ADB ចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា លើ​កម្មវិធី​ចំនួន​ពីរ​ដែលមាន​ទឹកប្រាក់ ៩០លានដុល្លារ

លោក អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Sunniya DURRANI-JAMAL នាយក​ស្ថាន​តំណាង​ធនាគារ​អភិឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សម្រាប់​កម្មវិធី​ចំនួន២ ដែលមាន​ទឹកប្រាក់​សរុប ៩០​លាន​ដុល្លារ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

កម្ម​វិធី​ទាំង ២​រួមមាន៖

១. កម្មវិធី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិយាប័នទ (អនុ​កម្មវិធី​ទី២)៖ គ្រោយចំណាយ ៤០លានដុល្លារ។ ​កម្មវិធីនេះ ​នឹង​គាំទ្រ​ចម្បងទៅលើ៖

  • ការ​ពង្រីក សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋក្រីក្រ
  • ការ​ធ្វើឱ្យ​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​កាន់តែមាន​លក្ខណៈ​ល្អប្រសើរ និង
  • ការ​ធ្វើឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរឡើង។

២. ​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ជំហាន​ទី៣៖ គ្រោង​ចំណាយ ៥៥,៦៣លានដុល្លារ។ ​កម្មវិធី​នេះ​ផ្តោតសំខាន់​ទៅលើ

  • ការ​កែទម្រង់គោល​នយោបាយ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ និង
  • កម្មវិធី​វិនិយោគ ដើម្បី​ធ្វើឱ្យកាន់តែ​ប្រសើរឡើង​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ចំនួន១១ នៃ​ខេត្ត​គោលដៅ​ចំនួន១០ (បន្ទាយមានជ័យ បាត់​ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត ពោធិ៍សាត់ និង​សៀមរាប ព្រះវិហារ និង​ឧត្តរមានជ័យ) ដោយផ្តោតលើ៖ ការ​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ និង​សេវាកម្ម​ផ្គត់ផ្គង់​ទឹកជនបទ, ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​អនាម័យ​ជនបទ និង​ការពង្រឹង​សមត្ថភាព​ស្ថាប័ន គ្រប់គ្រង និង​ធនធានមនុស្ស​ក្នុង​ខេត្ត​គោលដៅ​ពាក់ព័ន្ធ​នឹង​ការងារ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ។

លោក​ឧបនាយករដ្ឋមន្រ្តី បាន​រំលឹក​ឡើងវិញ​អំពីកិច្ចសហប្រតិបត្តិការ ADB ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​សរុប​ចំនួន ៣,៣៦ពាន់លានដុល្លារ (រួមបញ្ចូលទាំងកិច្ចព្រមព្រៀងខាងលើ)។ ក្នុងនោះ ឥណទាន​សម្បទាន​ មាន​ទឹកប្រាក់​សរុប​ចំនួន ២,៨៦​ពាន់លានដុល្លារ និង​ហិរញ្ញប្បទាន​ឥតសំណង​ ៤៩៨លានដុល្លារ៕

អត្ថបទទាក់ទង