ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីហុងគ្រី ប្រកាសជួយការពារមិនឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
ប្រធានាធិបតីហុងគ្រី ប្រកាសជួយការពារមិនឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ប្រធានាធិបតីហុងគ្រី ប្រកាសជួយការពារមិនឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា

ប្រធានាធិបតីហុងគ្រី យ៉ាណូស អាឌ័រ ដែលជាប្រទេសមួយនៃសមាជិកសហភាពអឺរ៉ុបដែរនោះ បានបន្តប្រកាសប្រឹងប្រែងជួយការពារប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជានៅលើទីផ្សារអឺរ៉ុប មិនឱ្យមានការដកដូចការព្រមានរបស់គណៈកម្មការអឺរ៉ុបនោះឡើយ។​ ការប្រកាសបង្ហាញជំហរជួយការពារ EBA សម្រាប់កម្ពុជា បានធ្វើឡើងក្នុងពេលលោក យ៉ាណូស អាឌ័រ អញ្ជើញជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

លោក យ៉ាណូស អាឌ័រ ក្នុងដំណើរទស្សនកិច្ចជាលើក ដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ បានបង្ហាញការស្ញប់ស្ញែងចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា។ លោក បានមើលឃើញថា ភាពរីកចម្រើនរបស់កម្ពុជា គឺមានការចូលរួមចំណែកដ៏សំខា ន់ពីទទួលបានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញនៅលើទីផ្សារអឺរ៉ុប ដោយ លោកប្រធានាធិបតីបានប្រកាសមិនគាំទ្រឡើយចំពោះគម្រោងដក EBA ពីកម្ពុជា។

លោកប្រធានាធិបតីហុងគ្រី ដែលធ្លាប់បានបម្រើការងារជាសមាជិកសភាអឺរ៉ុបដែរនោះ បានអះអាងថា ក្នុងនាមជាប្រទេសសមាជិកសហភាពអឺរ៉ុប លោក នឹងប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជានៅលើទីផ្សារអឺរ៉ុប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីហុងគ្រី ដែលបានផ្តល់យុត្តិធម៌សម្រាប់កម្ពុជា និងជួយការពារកម្ពុជា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុប បានប្រកាសចាប់ផ្តើមដំណើរការនីតិវិធីដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms (EBA)។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើរកឃើញថា ប្រទេសទទួលផលនេះ មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។

កិច្ចព្រមព្រៀងអនុគ្រោះពន្ធ ឬ EBA (Everything But Arms) ជាកិច្ចព្រមព្រៀងដែលសហភាពអឺរ៉ុប បានផ្តល់ឱ្យកម្ពុជា និង ប្រទេសអភិវឌ្ឍតិចតួចផ្សេងទៀតនៅលើពិភពលោកនូវឱកាសនាំគ្រប់ផលិតផលទាំងអស់ (លើកលែងតែអាវុធ) ចូលទៅក្នុងទីផ្សាររួមតែមួយរបស់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា។ ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែ ប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗពន្យល់ទៅគណៈកម្មការអឺរ៉ុប។

ប្រសិនបើគណៈកម្មការអឺរ៉ុបមិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន ១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជា ធរមាន ពោលទំនិញរបស់កម្ពុជានៅតែបន្តនាំចូលទៅ កាន់សហភាពអឺរ៉ុបដោយមិនជាប់ពន្ធរយៈពេលជាង ១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី។

រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសដោយចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះ ជារឿងភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិ សេធដោយចំហ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រ ទេសកម្ពុជាសម្រេចបាន។ ទោះជាយ៉ាងណា រាជរដ្ឋា ភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេចព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ៕

អត្ថបទទាក់ទង