ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា ដាច់ខាតមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 35
ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា ដាច់ខាតមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា ដាច់ខាតមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ

ស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ បានបង្ហាញពីការវិវត្តគួរឲ្យកត់សម្គាល់។ ព្រឹត្តិការណ៍ ៩វិច្ឆិកា ដែលទណ្ឌិត សម រង្ស៊ី និងគូកន បានប្រកូកប្រកាសកៀរគរកម្លាំងទាំងក្នុង និងក្រៅប្រទេសដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល និងផ្លាស់ប្តូររបបនៅកម្ពុជា បានបរាជ័យទាំងស្រុងដ៏គួរឲ្យអាម៉ាស់ជាទីបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយនេះ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញ និងអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះដែលធ្វើឲ្យប្រទេសកម្ពុជាទាំងមូលទទួលបានសុខសន្តិភាពពេញលេញតាំងពីឆ្នាំ១៩៩៨មក។

ត្បិតថា ព្រឹត្តិការណ៍ ៩វិច្ឆិកា ត្រូវបានទណ្ឌិត សម រង្ស៊ី កំណត់ថា ជាទឹកចុងក្រោយ និងជាវគ្គផ្តាច់ព្រ័ត្រក្នុងការផ្តួលរំលំរដ្ឋាភិបាល បង្ខំឲ្យព្រះមហាក្សត្រដាក់រាជ្យ និងចុងក្រោយប្រែក្លាយកម្ពុជាពីរបបរាជានិយមទៅជារបបសាធារណរដ្ឋក៏ពិតមែន តែ ៩វិច្ឆិកា គឺជាព្រឹត្តិការណ៍ប្រហារជីវិតនយោបាយរបស់ សម រង្ស៊ី និងគូកន ឲ្យវិនាសអន្តរាយពីកម្ពុជាទៅវិញទេ។ គេអាចនិយាយបានថា ទណ្ឌិត សម រង្ស៊ី ធ្លាក់ក្នុងអន្ទាក់ខ្លួនឯងសម្លាប់ជីវិតនយោបាយរបស់ខ្លួនទាំងស្រុង ឬ ៩វិច្ឆិកា ជាថ្ងៃអន្សាររបស់ទណ្ឌិតរត់ចោលគុករូបនេះ។

ស្របពេលដែលទណ្ឌិត សម រង្ស៊ី បានបរាជ័យដ៏អាម៉ាស់ក្នុងព្រឹត្តិការណ៍ ៩វិច្ឆិកា ហើយធ្វើដំណើរមាតុភូមិនិវត្តន៍ទៅស្រុកបារាំងវិញយ៉ាងរខេករខាកបំផុតនោះ ជនជាប់ចោទ កឹម សុខា ឯណេះវិញ ហាក់ដូចជាទទួលបានជោគជ័យលើគូបដិបក្ខរបស់ខ្លួនតាមរយៈ ដេកផ្ទះ ឈ្នះឯង។ តាមពិតនយោបាយ ដេកផ្ទះ ឈ្នះឯង គឺជាយុទ្ធសាស្ត្ររបស់ទណ្ឌិត សម រង្ស៊ី តែ កឹម សុខា គឺជាអ្នកអនុវត្តន៍ហើយទទួលបានជោគជ័យយ៉ាងពិតប្រាកដ ទោះថា លោក កឹម សុខា មិនទាន់ទទួលបានសេរីភាពទាំងស្រុងក្តី តែលោក កឹម សុខា អាចដើរហើរបាននៅជុំវិញផ្ទៃប្រទេសកម្ពុជា និងអាចជួបជជែកពិភាក្សាជាមួយបណ្តាជនបរទេសទាំងឡាយបានដូចដើមឡើងវិញ គ្រាន់តែថា មិនទាន់មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយ ពីព្រោះលោក កឹម សុខា ក៏ស្ថិតនៅក្នុងចំណោមមនុស្ស ១១៨រូប ដែលច្បាប់ហាមឃាត់សិទ្ធិនយោបាយរយៈពេល ៥ឆ្នាំ ក្រោយតុលាការរំលាយអង្គការចាត់តាំងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាគឺអតីតគណបក្សសង្គ្រោះជាតិ។

បើតាមមន្ត្រីស្និទ្ធនឹងក្រុម កឹម សុខា និយម បានបង្ហើបឲ្យដឹងថា តុលាការបន្ធូរបន្ថយលក្ខខណ្ឌចំពោះលោក កឹម សុខា គឺធ្វើឡើងតាមការស្នើសុំពីក្រុមមេធាវីរបស់លោក កឹម សុខា គឺមិនពាក់ព័ន្ធទៅនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ដូចការលើកឡើងរបស់ក្រុមមាននិន្នាការប្រឆាំងនោះឡើយ។ បើដូច្នេះ មានន័យថា ក្រុម កឹម សុខា និយម ឆ្លៀតឱកាសដែលទណ្ឌិត សម រង្ស៊ី បរាជ័យក្នុងយុទ្ធនាការ ៩វិច្ឆិកា និងក៏ឆ្លៀតពេលដែលសហគមន៍អឺរ៉ុបទុកពេលឲ្យកម្ពុជាពិចារណាមួយខែ ជុំវិញបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ថា គួរកាត់ផ្តាច់ ឬមិនគួរកាត់ផ្តាច់ ឬគ្រាន់តែកាត់ផ្តាច់ផ្នែកខ្លះ ពីព្រោះអឺរ៉ុបក៏ទទួលបានផលប្រយោជន៍ពី EBA នេះដែរ ដែលមើលពីសម្បកក្រៅទៅហាក់បីដូចជា សហភាពអឺរ៉ុបដាក់គំនាបលើកម្ពុជា ឬរដ្ឋាភិបាលកម្ពុជារងគំនាបពីអឺរ៉ុបអញ្ចឹង។រឿង EBA និងការបន្ធូរបន្ថយលក្ខខណចំពោះលោក កឹម សុខា តាមពិត គឺជារឿងពីរដាច់ដោយឡែកពីគ្នា។ បញ្ហា EBA មុន និងក្រោយគង់តែកាត់ផ្តាច់ដោយសារតែកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលចេះតែកើនឡើងជារៀងរាល់ឆ្នាំ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាញយដងហើយថា កម្ពុជាស្វាគមន៍ការវិនិយោគពីបរទេស ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពីបណ្តាប្រទេសទាំងអស់នៅលើសកលលោកដោយមិនប្រកាន់ប្លុកកុម្មុយនិស្ត ឬប្លុកសេរីឡើយ ឲ្យតែការវិនិយោគនោះស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាពិតប្រាកដ។ ជំនួយដែលភ្ជាប់លក្ខខណ្ឌ ឬដាក់សម្ពាធ បង្គាប់បញ្ជារដ្ឋាភិបាល គឺដាច់ខាតមិនអាចទទួលយកបានឡើយ បើទទួលយកស្មើនឹងការលើកយកអធិបតេយ្យភាពជាតិទៅឲ្យបរទេសគ្រប់គ្រងដូច្នោះដែរ។ កម្ពុជា ស្វាគន៍អឺរ៉ុបបន្តផ្តល់ប្រព័ន្ធអនុគ្រោះព័ន្ធ EBA ដល់កម្ពុជា ត្បិតថា EBA បានរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាមួយផ្នែក តែក៏មិនអាចធ្វើឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមានដែរ។ ផ្ទុយទៅវិញ បើអត់ EBA ក៏កម្ពុជាមិនស្លាប់ដែរ។ កម្ពុជា មិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជា ក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែ កម្ពុជាចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានា ដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលបានគូសបង្ហាញពីការបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ និងបញ្ជាក់អំពីរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលបានដើរចេញពីស្ថានភាពដែលត្រូវបានគេហ៊ុមព័ទ្ធដោយទារុណកម្ម និងការកៀបសង្កត់នាពេលអតីតកាល។ កំណើនសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានក្នុងរង្វង់៧% ដែលជាគុណសម្បត្តិ និងជាចំណុចលេចធ្លោមួយរបស់កម្ពុជា បានធ្វើឱ្យរាជរដ្ឋាភិបាលបានដាក់គោលដៅនាំកម្ពុជាឆ្ពោះទៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ជាការពិត វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ក៏មានការចូលរួមចំណែកមួយផ្នែកណាមួយផងដែរ ពីជំនួយបរទេស នៅគ្រាដែលកម្ពុជាកំពុងកសាងសក្ដានុពលរបស់ខ្លួនលើវិស័យសេដ្ឋកិច្ច ប៉ុន្តែទោះជាយ៉ាងនេះក្ដី កម្ពុជាមិនអាចដើម្បីតែចង់បានជំនួយបរទេស ត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរនោះទេ៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង