ខ្មែរប៉ុស្ដិ៍ Close

លោក​ ទៀ បាញ់ ចូលជួបសំដែងការគួរសម ជា​មួយ​លោកប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48
លោក​ ទៀ បាញ់ ចូលជួបសំដែងការគួរសម ជា​មួយ​លោកប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក​ ទៀ បាញ់ ចូលជួបសំដែងការគួរសម ជា​មួយ​លោកប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងពិធីបើកការប្រកួតកីឡា យោធាពិភព លោកលើកទី ៧ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអ៊ូហាន ខេត្តហ៊ូបេ សាធារណរដ្ឋប្រជាមានិតចិន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អមតំណើរ ដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ រួមជាមួយថ្នាក់ដឹកនាំស្ថាប័នការពារជាតិ មកពីបណ្តាប្រទេសនានាដ៏ទៃទៀត បានចូលជួបសំដែងការគួរសម ជា​មួយ​លោក ស៊ី ជីនពីង អគ្គលេខាគណបក្សកុម្មុយនីស្តចិន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈឹម។

នៅក្នុងជំនួបនោះ លោក​ ទៀ បាញ់ តាងនាមកងយោធពលខេមរភូមិន្ទ និង ថ្នាក់ដឹកនាំនៅក្នុងវិស័យការពារជាតិ ស្ថាប័ន កងទ័ពនៃបណ្តាប្រទេសទាំងអស់ បានសម្តែងការអបអរសារទ ចំពោះការប្រព្រឹត្តទៅយ៉ាងជោគជ័យ ក្នុងព្រឹត្តិការណ៍ កីឡាយោធាពិភពលោក លើក ទី៧ នៅ ក្នុងទីក្រុង អ៊ូហ៊ាន នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយអត្ថន័យ យ៉ាងវិសេសវិសាលសម្រាប់ប្រវត្តិសាស្រ្តមនុស្សជាតិ និង កងទ័ពទាំងអស់នៅលើសកលលោក។  លោក ទៀ បាញ់ បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍កីឡាយោធាពិភព លោកនេះពិតជាបានដើរតួយ៉ាងសំខាន់នៅក្នុងបុព្វហេតុស្វែងរក និងធានាសន្តិភាព ស្ថិរភាព ទាំងក្នុងតំបន់ និង លើ ពិភពលោក ក្រោមខ្លឹមសារកីឡានាំមកនូវសន្តិភាព កីឡានាំ មកនូវមិត្តភាព និងជាធាតុមួយយ៉ាងសំខាន់ក្នុងការបណ្តុះ ឆន្ទៈស្មារតី ស្រឡាញ់នូវសន្តិភាពសម្រាប់វិស័យអប់រំក្នុង កងទ័ព និងជាវេទិកាបើកចំហឲ្យកងទ័ពទាំងអស់នៅលើ ពិភពលោក មានឱកាសបានប្រាស្រ័យទាក់ទង ឈ្វេងយល់ពីគ្នាទៅវិញទៅមក រួមចំណែកពង្រឹង និងពង្រីកមិត្តភាព កិច្ចសហប្រតិបត្តិការ ក្រោមឆ័ត្រនៃបេសកកម្មរក្សាសន្តិភាព ដែលមានតម្លៃយ៉ាងធំធេងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។

លោក​ ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖ ព្រឹត្តិការណ៍កីឡាយោធាពិភពលោក លើកទី៧ បានបង្ហាញឲ្យឃើញអំពីតួនាទីដ៏ស័ក្តិសិទ្ធ របស់កងទ័ពរំដោះប្រជាជនចិន ក្នុងនាមជា ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍លើកនេះកាន់តែបង្ហាញឲ្យឃើញច្បាស់នូវសក្ខីកម្ម នៃតួនាទីដ៏ចម្បង និងធំធេងយ៉ាងសំខាន់ បំផុត មិនអាចខ្វះបានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុង បុព្វហេតុកសាង និងថែរក្សាសន្តិភាព ស្ថិរភាព និងការរីក ចម្រើនរបស់ ពិភពលោក និងមនុស្សជាតិ។  លោក ទៀ បាញ់ បានសំដែងសេចក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ៖ តាមរយៈការចូលរួមព្រឹត្តិការណ៍ កីឡាយោធាពិភពលោក លើក ទី៧ នាពេលនេះនឹងក្លាយទៅជាឱកាស ដ៏ប្រសើរមួយ សម្រាប់ប្រតិភូចូលរួម ប្រតិភូអង្កេតការណ៍ មកពីបណ្តា ប្រទេសទាំងអស់បានរៀនសូត្រឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីបទពិសោធន៍ ក៏ដូចជាចំណេះដឹងថ្មីៗ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗលំដាប់ពិភពលោក ដូចជាព្រឹត្តិការណ៍ដែលកំពុងដំណើរការនាពេលនេះ។

លោកប្រធានាធិបតី ស៊ី ជីងពីន  បានមានប្រសាសន៍ថា៖ ថ្ងៃនេះយើងជួបជុំរៀបចំព្រឹត្តិការណ៍យោធាពិភពលោក លើក ទី៧ នៅក្នុងទីក្រុងអ៊ូហ៊ាន មានកងទ័ពប្រមាណជាងមួយម៉ឺន នាក់ មកពីបណ្តាប្រទេសជាង ១០០ប្រទេសចូលរួម។

លោកបានបញ្ជាក់ថា៖ កីឡា គឺជាអត្តសញ្ញាណដ៏សំខាន់ មួយសម្រាប់ការអភិវឌ្ឍ និងការរីកចម្រើន នៃសង្គមមនុស្សជាតិ ហើយក៏ជាផ្នែកមួយយ៉ាងសំខាន់ នៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស។ កងទ័ព​ និងកីឡា គឺមានទំនាក់ទំនងជាធម្មជាតិ ដូចជាកីឡាបាញ់កាំភ្លើង កីឡារត់ម៉ារ៉ាតុង និងវិញ្ញាសារកីឡាផ្សេងៗទៀត គឺសុទ្ធតែមានប្រភពពីយោធា។ កីឡាយោធាមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកាយសម្បទាកងទ័ព ពង្រឹងឆន្ទៈ និងសាមគ្គីភាព បង្ហាញពីមុខមាត់របស់កងទ័ព ក៏ដូចជាជម្រុញទំនាក់ទំនងរវាងកងទ័ព និង កងទ័ពដែលមានការទទួលស្គាល់ទូទាំងប្រទេស នៅលើពិភពលោក។

សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍កីឡាយោធាពិភពលោកលើកទី៧ បានប្រព្រឹត្តទៅក្រោមប្រធានបទ “រួមគ្នាចែករំលែកនូវមិត្តភាព រួមគ្នាកសាងនូវសន្តិភាព” ៕

 

អត្ថបទទាក់ទង