ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរាជទូតជប៉ុន កោតសរសើរចំពោះការខិតខំប្រឹងប្រែង និងភាពរីកចម្រើនរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 68
ឯកអគ្គរាជទូតជប៉ុន កោតសរសើរចំពោះការខិតខំប្រឹងប្រែង និងភាពរីកចម្រើនរបស់កម្ពុជា ឯកអគ្គរាជទូតជប៉ុន កោតសរសើរចំពោះការខិតខំប្រឹងប្រែង និងភាពរីកចម្រើនរបស់កម្ពុជា

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (H.E. Mr. MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា បានកោតសរសើរខ្ពស់ចំពោះការខិតខំតស៊ូរបស់រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែលបានកសាងអភិវឌ្ឍប្រទេសជាតិ ចេញពីសង្រ្គាមទទួលបាននូវវឌ្ឍនភាពយ៉ាងក្រៃលែងដូចសព្វថ្ងៃ។ លោកបានលើកឡើងដូនេះ នៅក្នុងឱកាសចូលសម្តែងការគួរសមជាមួយ លោក ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ ឯកអគ្គរាជទូតជប៉ុន បានជម្រាបថា ដោយសង្កេតឃើញកំណើនសេដ្ឋកិច្ចកម្ពុជាខ្ពស់ អ្នកវិយោគទុនជប៉ុនជាច្រើន មានបំណងមកបណ្តាក់ទុកនៅកម្ពុជា ហើយក្នុងបេសកកម្មការទូតនៅកម្ពុជានេះ លោកនឹងខិតខំជំរុញវិស័យពាណិជ្ជកម្មកម្ពុជា-ជប៉ុន ឲ្យកាន់តែកើនឡើង។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលជប៉ុន មានមោទនភាពដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជាមួយប្រជាជនកម្ពុជា។

លើសពីនេះ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានសន្យាថា នឹងខិតខំជំរុញទំនាក់ទំនាក់រដ្ឋសភាប្រទេសទាំងពីរឲ្យរឹងមាំថែមទៀត ផងដែរ។ ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានលើកឡើងថា ជាមួយការអភិវឌ្ឍយ៉ាងឆាប់រហ័ស កម្ពុជាអាចមានបញ្ហាខ្លះៗ ក្នុងវិស័យបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។ ជប៉ុននឹងត្រៀមជួយកម្ពុជាក្នុងបញ្ហានេះ ហើយថា បើកម្ពុជាចង់ឲ្យជប៉ុនជួយ សូមទាក់ទងស្ថានទូតជប៉ុននៅភ្នំពេញ។

ជាការឆ្លើុយតប លោក ហេង សំរិន បានថ្លែងអំណរដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីស្តារ និងកសាងប្រទេសឡើងវិញ និងនៅតែបន្តជួយកម្ពុជារហូតសព្វថ្ងៃ។ លោកបានស្នើដល់ភាគីជប៉ុនជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាជនកម្ពុជាបន្ថែម ហើយថា រដ្ឋសភាត្រៀមខ្លួនជាសេ្រចក្នុងការធ្វើកិច្ចសហប្រតិបត្តិការគ្រប់យ៉ាងជាមួយ លោកឯកអគ្គរាជទូត ដើម្បីអោយបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ៕

អត្ថបទទាក់ទង