ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនជប៉ុន នឹងចូលរួមដេញថ្លៃប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 55
ក្រុមហ៊ុនជប៉ុន នឹងចូលរួមដេញថ្លៃប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនជប៉ុន នឹងចូលរួមដេញថ្លៃប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន៣ នឹងចូលរួមដេញថ្លៃប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ខណៈដែលបញ្ហានេះកំពុងប្រឈម។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ កំពុងស្ថិតនៅក្នុងអន្តរកាល ព្រោះក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះ ដោយសារទីក្រុងភ្នំពេញ រីកធំពីប្រមាណ ៣០០គីឡូម៉ែត្រការ៉េ ទៅ៦០០គីឡូម៉ែត្រការ៉េ។ លោកបន្ថែមទៀតថា នៅពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឱ្យដេញថ្លៃ។ ដូច្នេះក្រុមហ៊ុនជប៉ុន គប្បីចូលដេញថ្លៃ ដើម្បីជួយការប្រមូលសំរាមនេះ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ជប៉ុនកំពុងយកចិត្តទុកដាក់លើបញ្ហាសំរាមនេះ បន្ទាប់ពីបានជួយលើទឹកស្អាត។ លោកបន្តថា បញ្ហាសំរាម គឺជារឿងចាំបាច់ ហើយជប៉ុន មានក្រុមហ៊ុនចំនួន៣ ចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាម។

របាយការណ៍របស់ក្រសួងបរិស្ថានបានបង្ហាញថា បរិមាណសំរាមសរុបដែលបានបង្កើតឡើងនៅកម្ពុជា មានជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ និងជិត ៤លានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ ៦៥% ជាសំណល់សររីរាង្គ ២០% ជាសំណល់ថង់ប្លាស្ទិក និងនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងទៀត។ សម្រាប់រាជធានីភ្នំពេញវិញ សំរាមត្រូវបានបង្កើតឡើងប្រមាណជា ៣ពាន់តោនក្នុងមួយថ្ងៃ៕

អត្ថបទទាក់ទង