គណៈប្រតិភូយោធាជាន់ខ្ពស់ប៉ាគីស្ថាន បង្ហាញភាពស្ញប់ស្ញែងចំពោះសំណង់វិមានឈ្នះ-ឈ្នះ
គណៈប្រតិភូយោធាជាន់ខ្ពស់ប៉ាគីស្ថាន ដឹកនាំដោយលោក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ នាយសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាន នៃសាធារណៈរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងសមាជិក បានចូលទស្សនាវិមានឈ្នះ-ឈ្នះ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ដោយបង្ហាញភាពស្ញប់ស្ញែងចំពោះសំណង់វិមានឈ្នះ-ឈ្នះ ដែលជាសំណង់ដ៏អស្ចារ្យនាសទវត្សទី២១នេះ។
បន្ទាប់ពីការបង្ហាញពីគោលបំណង នៃការកសាង និងបកស្រាយខ្លឹមសារ នៃចម្លាក់នានាជុំវិញវិមានឈ្នះ-ឈ្នះ ពីសំណាក់លោកស្រី ណឹម សុវត្តី អគ្គនាយករង នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងក្រុមការងារវិមានឈ្នះ-ឈ្នះ លោក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ និងគណៈប្រតិភូ បានបង្ហាញភាពស្ញប់ស្ញែង ចំពោះសំណង់វិមានឈ្នះឈ្នះ ដែលជាស្ថាបត្យកម្ម មួយដែលកើតចេញពីគោលគំនិត នៃនយោបាយឈ្នះឈ្នះរបស់ខ្មែរ ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម។
លោក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ និងគណៈប្រតិភូ ក៏បានបង្ហាញចំណាប់អារម្មណ៍ថា ទីតាំងនេះនឹងក្លាយទៅទីតាំងមួយដ៏សំខាន់ សម្រាប់កម្ពុជានាពេលអនាគត ហើយលោកសង្ឃឹមថា ប៉ាគីស្ថាន នឹងរឹតចំណងមិត្តភាពកាន់តែល្អជាមួយកម្ពុជា ហើយការបញ្ចប់ សង្រ្គាមស៊ីវិល និងការបង្រួមបង្រួមជាតិ គឺសមិទ្ធផលដ៏ធំធេងមួយ របស់ប្រទេសកម្ពុជា ដែលប្រទេសមួយចំនួនដទៃទៀត មិនអាចធ្វើបាន។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ នៅកម្ពុជា មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ ក្នុងដំណើរទស្សនកិច្ចនេះ លោក រួមនិងសមាជិកប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំកងទ័ពជើងគោកជាដើម។
ក្រៅពីនោះក៏ធ្វើទស្សនកិច្ចសិក្សា ដកពិសោធន៍ នៅអង្គភាពកងពលតូចទ័ពពិសេសឆ័ត្រយោង លេខ៩១១ របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីភាពរីកចម្រើន របស់កម្ពុជានៅតំបន់មួយចំនួនផងដែរ។
សូមបញ្ជាក់ថា ការស្ថាបនាវិមានឈ្នះ-ឈ្នះនេះ មានគោលដៅសំខាន់ចំនួន ៥ដូចជា៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ-ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។
វិមាននេះក៏បង្ហាញពីការជោគជ័យរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៃការបង្រួបបង្រួមជាតិផងដែរ ហើយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះនេះ បានធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ អត្ថន័យនៃការកសាងវិមានឈ្នះ-ឈ្នះ ដើម្បីចរិក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយផងដែរ ៕