ខ្មែរប៉ុស្ដិ៍ Close

ទស្សនាកាំជ្រួច 3D សម្រាប់អបអរពិធីសម្ពោធវិមានឈ្នះ ឈ្នះ និង​ឆ្លងឆ្នាំ​សកលនាពេលខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36
ទស្សនាកាំជ្រួច 3D សម្រាប់អបអរពិធីសម្ពោធវិមានឈ្នះ ឈ្នះ និង​ឆ្លងឆ្នាំ​សកលនាពេលខាងមុខនេះ ទស្សនាកាំជ្រួច 3D សម្រាប់អបអរពិធីសម្ពោធវិមានឈ្នះ ឈ្នះ និង​ឆ្លងឆ្នាំ​សកលនាពេលខាងមុខនេះ

រាជរដ្ឋាភិបាល បានបង្ហាញដោយសុទិដ្ឋិនិយមថា មហាជនជាង​៣​ម៉ឺន​នាក់ រួមជា​មួយការដាក់តាំងបង្ហាញនូវសមិទ្ធផលទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនសរុបជាង៨០០ស្តង់ ព្រមទាំង​អុជ​កាំ​ជ្រួចសរុបជាង​២ម៉ោង ដើម្បីអបអរពិធីសម្ពោធ វិមានឈ្នះ ឈ្នះ និងអបអរសាទរ ខួប២០ឆ្នាំ នៃការ​​​បញ្ចប់សង្រ្គាមស៊ីវិលដ៏រ៊ាំរ៉ៃនៅកម្ពុជា ព្រមទាំងភ្ជាប់ជាមួយការអបអរសាទរឆ្លងឆ្នាំសកល ដែលគ្រោងធ្វើ ៣​យប់ ៣​ថ្ងៃ នៅចុងខែធ្នូនេះ។ យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា ពិធី​សម្ពោធវិមាន ឈ្នះ ឈ្នះ មានការរៀប​ចំក្បួនជាផែនឈររបស់យោធាចំនួន៥៤ផែន មានកម្លាំងកង​ទ័ព​ចំនួន​ ៦.៩៨២នាក់ ផែនមន្ត្រីរាជការ និស្សិត ការឬទ្ធិ យុវជនកាកបាទ​ក្រហម និងមហាជនជាង៥០០នាក់ ដែលផែនទ័ពត្រូវឈរទាំងអស់ រីឯមហាជនគឺ អង្គុយកៅអី។

សម្រាប់ពិធីសម្ពោធរយៈពេល៣ថ្ងៃនេះ មានអុជកាំជ្រួចបែបថ្មី 3D រយៈពេល៣ថ្ងៃ សរុបចំនួន២​ម៉ោង និង១៥នាទី គឺនៅថ្ងៃទី២៩ បាញ់​នៅវេលា​ម៉ោង១៩:០០ មានរយៈពេល៤៥នាទី នៅថ្ងៃទី៣០ បាញ់នៅ​វេលា​​​​ម៉ោង១៩:០០ មានរយៈពេល៣០នាទី និងថ្ងៃ​ទី៣១ ដែលជាថ្ងៃឆ្លង​ឆ្នាំផង​នោះ ត្រូវអុជកាំជ្រួចនៅវេលា​ម៉ោង​១២:០០ យប់ មានរយៈពេល ១ម៉ោងតែម្តង។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា វិមានឈ្នះ ឈ្នះ ជាសំ​ណង់​​​និមិត្តរូបតំណាងឲ្យវីរភាព​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា ដែលបានហ៊ានលះបង់ជីវិតគ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុ​ជាតិមាតុភូមិទាំងមូល។ សំណង់វិមានឈ្នះ ឈ្នះ ត្រូវបានសាង​សង់ឡើងដោយ​បញ្ជាក់នូវ​អត្ថ​ន័យ​​​ដ៏មានសារៈ​សំ​ខាន់​ចំនួន៣

ទី១) កំពូលវិមាន មានជ្រុង៣ តំ​ណាងឲ្យ​នយោបាយ​ឈ្នះ ឈ្នះ ក្រោមការដឹងនាំដ៏ឈ្លាសវៃរបស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន

ទី២) តួវិមាន មានជ្រុង៥ តំណាងឲ្យយុទ្ធ​សាស្ដ្រ ឌីហ្វីត (DIFID) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការ​ចាត់តាំង​នយោបាយ និងយោ​ធា​ខ្មែរក្រហម

ទី៣) តួវិមាន មានជ្រុង៧ តំណាងឲ្យកត្តាដែលនាំឲ្យនយោបាយឈ្នះ ឈ្នះ ទទួលបានជោគ​ជ័យ។

សំណង់នេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានកំពស់​ប្រមាណ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ និង​លំហរផ្ទៃក្រឡានៅបាតខាងក្រោមនៃតួវិមាន ៧ពាន់ម៉ែត្រការ៉េ នៅ​លើ​ផ្ទៃដីទំហំ៨ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ។ បរិវេណ​នៃវិមានអនុស្សាវរីយ៍នេះ មានចែក​ចេញជា ៣តំបន់គឺ៖

តំបន់ទី១ តួវិមានឈ្នះ ឈ្នះ ដែលបង្ហាញពី​នយោ​​​​បាយឈ្នះ ឈ្នះ ដោយបង្កប់នូវអត្ថន័យទៅលើការ​ធានា៣ យុទ្ធសាស្ត្រទាំង៥នៃ​ការរំលាយអង្គ​ការ​ខ្មែរក្រហម និងកត្តា​ទាំង​៧ដែលធ្វើឲ្យនយោបាយ ឈ្នះ ឈ្នះ ទទួលបានជោគជ័យ នៅជុំវិញ​តួរវិមាន​សាង​សង់ជាចម្លាក់ហង្ស គ្រុឌ រូបដំរីក្បាលបី នាគ និងតោ

តំបន់ទី២ គឺតំបន់សាមគ្គីផល ដែលដាំ​ដើម​ឈើ មានតាំងរថ​គ្រោះ រថពាសដែក និងយន្តហោះធ្វើសឹកសង្គ្រាមចាស់ៗ

តំបន់​ទី៣ ជាតំបន់​សុខដុមរមណីយកម្ម ដែលមានការសាងសង់​សំណង់​តាម​រចនាបថប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រាសាទបាយ័ន ជាដើម។

សូមបញ្ជាក់ថា វិមានឈ្នះឈ្នះ គ្រោងបើកសម្ពោធជាផ្លូវការ មាន​រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិប​តីភាពលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រកម្ពុជា។ ក្នុងពិធីនេះដែរ ក៏មានការតាំងពិព័រណ៍​ពាណិជ្ជ​កម្ម ពិព័រណ៍ទេសចរណ៍ ម្ហូបអាហារ ក្បួនជិះ​កង់កម្សាន្ត ការប្រដាល់គុន​ដណ្តើមខ្សែក្រវ៉ាត់ពិភពលោក អុកចត្រង្គ ប្រណាំងរទះគោ ក្របី រទះ​សេះ ការប្រគំតន្ត្រី ការសម្តែងរបាំផងដែរ៕

អត្ថបទទាក់ទង