ត្រូវអនុវត្ត ៥ ចំណុច ប្រសិនបើ ប៉ាទ្រីក ម័រហ្វី ចង់បានទំនាក់ទំនងល្អឡើងវិញរវាង អាមេរិក និង កម្ពុជា
ការទើបមកដល់របស់លោក ប៉ាទ្រីក ម័រហ្វី ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាននិងកំពុងក្លាយជាចំណុចនៃការចាប់អារម្មណ៍បំផុតរបស់មហាជនទូទៅ អាស្រ័យដោយកន្លងមក ពិសេសចាប់តាំងពីឆ្នាំ២០១៣មក ទំនាក់ទំនងការទូតរវាងអាមេរិក និងកម្ពុជា មិនបានល្អប្រសើរទាល់តែសោះ។ ភាពល្អក់កករនិងតានតឹងត្រូវបានបង្កើតឡើងដោយសារការលូកដៃរបស់មន្រ្តីទូតអាមេរិក ពិសេស ពីក្រសួងការបរទេសអាមេរិកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាចំហ ដែលបានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិខ្លះបានលើកឡើងថា តើអាមេរិកពិតជាម៉ែឪរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមាន សម រង្ស៊ី ជាមេខ្លោងឬ? តើអាមេរិក ពិតជានៅពីក្រោយខ្នងនៃផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា?
ជាការពិត ប្រទេសកម្ពុជាអនុវត្តនយោបាយសន្តិសហវិជ្ជមាន ក្នុងអព្យាក្រិត្យភាពជាអចិន្រ្តៃយ៍មិនចូលបក្សសម្ព័ន្ធយោធាជាមួយបរទេសណាឡើយ។ ប្រវត្តិសាស្រ្តាអតីតកាល ពិតជាបានបង្រៀនប្រទេស និងប្រជាជនកម្ពុជាអំពីការឈឺចាប់ មហន្តរាយ និងការបំផ្លាញខ្ទេចខ្ទីស្ទើរទាំងស្រុងនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងធនធានមនុស្សស្ទើគ្មានសល់។ល។ ដែលបានបង្កើតឡើងដោយសារអំពើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដូររបបរាជានិយម កំទេចស្ថាប័នរាជបល្ល័ង ដោយភាពល្ងង់ខ្លៅបំផុត និងដ៏មហាសោកស្តាយ ហើយដែលការបំផ្លាញទាំងនោះក៏បានបង្កើតឡើងដោយសារមានការជាប់ពាក់ព័ន្ធនឹងបរទេសជាមហាអំណាចតែម្តង។
វាប្រាកដណាស់ ប្រជាជនកម្ពុជា ពិតជាបានរីករាយសាទរបំផុតចំពោះការអញ្ជើញមកដល់នៃលោកឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិក គឺលោក ប៉ាទ្រីក ម័រហ្វី មន្ត្រីការទូតប្រកបដោយបទពិសោធន៍ក្នុងកិច្ចការតំបន់អាស៊ីអាគ្នេយ៍នេះ ហើយប្រជាជនកម្ពុជាក៏បានសង្ឃឹមផងដែរថា លោក ម័រហ្វី នឹងបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ ក្នុងការស្តារទំនាក់ទំនងខាងការទូតរវាងអាមេរិក និងកម្ពុជាឱ្យបានល្អប្រសើរឡើង ទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើនទៀត។ល។នាពេលខាងមុខនេះ។ ក៏ប៉ុន្តែ សម្រាប់ប្រជាជនកម្ពុជាអាចនឹងមានសុទិដ្ឋិនិយមច្រើន ប្រសើនបើសហរដ្ឋអាមេរិក ពិតជាមានសុឆន្ទៈក្នុងការស្តារទំនាក់ទំនងល្អរវាងអាមេរិក និងកម្ពុជា ឱ្យបានល្អប្រសើរឡើងវិញប្រាកដមែននោះ គឺលោក ម័រហ្វី គួរគប្បីត្រូវបំពេញឱ្យបានដាច់ខាតនូវកិច្ចការប្រាំយ៉ាង ដើម្បីជៀសវាងការវិលត្រឡប់មកវិញ នូវស្រមោលអតីតកាល ដ៏ល្វីងជូរចត់រវាងកម្ពុជា និងអាមេរិក។ កិច្ចការទាំងប្រាំយ៉ាងនោះរួមមាន៖
ទី១៖ ប្រជាជនកម្ពុជាសង្ឃឹមថា លោក ម័រហ្វី នឹងមិនត្រូវធ្វើបូរេវិនិច្ឆ័យចំពោះស្ថានការណ៍នៅកម្ពុជាឡើយ ក្នុងអ្វីដែលបាននិងកំពុងកើតឡើងក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ជាការពិត ក្នុងបរិបទបនេះ មជ្ឈដ្ឋានជាតិ និងអន្តរជាតិភាគច្រើនលើសលុប ពិតជាបានសាទរបំផុត និងដោយមោទនភាពចំពោះសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ក្នុងន័យនេះ ប្រជាជនកម្ពុជាមានសង្ឃឹមថា អាមេរិក ដែលមានលោក ម័រហ្វី ជាប្រមុខការទូតប្រចាំនៅកម្ពុជានឹងមិនធ្វើបូរេវិនច្ឆ័យចំពោះស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច និងដំណើការក្នុងការអនុវត្តលទិ្ធប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងប្រទេសកម្ពុជា ដែលនឹងនាំឱ្យមានការបកស្រាយខុស យល់ដឹងមិនត្រូវ ហើយដែលនឹងអាចបង្កើតឱ្យមានភាពល្អក់កករក្នុងកិច្ចប្រឹងប្រែងស្តារទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឱ្យបានល្អប្រសើរឡើងវិញ ដើម្បីជាផលប្រយោជន៍នៃប្រទេសទាំងពីរយូរអង្វែង។ ជាការពិត ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ សន្តិភាព និងការអភិវឌ្ឍ គឺជាអាយុជីវិតរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានខ្នះខ្នែងជ្រោងទង់សន្តិភាព ដែលជាបូរេលក្ខខណ្ឌចាំបាច់បំផុត ដើម្បីធានាការកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ មានវឌ្ឍនភាព វិបុលភាព និងថ្កុំថ្កើងរុងរឿង ភ្លឺស្វាង។ រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ និងអនុវត្តដោយឥតងាករេតាមមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ដោយឈរលើការពង្រឹង និងការអនុវត្តនីតិរដ្ឋជាសំខាន់ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់សង្គមដ៏ល្អសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។ ហើយលើទស្សនៈវិស័យនេះ ប្រជាជនកម្ពុជាក៏សង្ឃឹមថា លោក ម័រហ្វី ពិតជាបានយល់ដឹងលើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ប្រជាធិបតេយ្យមួយនឹងចាក់គ្រឹះបានរឹងមាំ អាស្រ័យលើការពង្រឹង និងការអនុវត្តនីតិរដ្ឋមួយយ៉ាងហ្មត់ចត់បំផុត។ ប្រជាធិបតេយ្យមួយដែលនឹងមានភាពស៊ីសង្វាក់ និងមានសុខដុមរមនីយកម្មជាមួយវប្បធម៌នយោបាយ សង្គម សេដ្ឋកិច្ច និងប្រពៃណីនៃប្រជាជនកម្ពុជា។
ទី២៖ អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកបានប្រែក្លាយទៅជារឿងដ៏ល្អក់កករ ហើយកាន់តែតានតឹងឡើង ដោយសារតែឥរិយាបទ និងទង្វើរបស់ប្រមុខការទូតពីររូបរបស់អាមេរិកចុងក្រោយនេះ គឺ វីលាម ថូដ និង វីលាម ហេគ តែម្តង ដែលបានបរាជ័យក្នុងការកសាង និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានល្អប្រសើរឡើងវិញ។ ដូច្នេះ ប្រជាជនកម្ពុជាទំនងជានឹងមានសុទិដ្ឋិនិយមច្រើនចំពោះបេសកកម្មការទូតរបស់លោក ម័រហ្វី ដែលជាអ្នកការទូតប្រកបដោយបទពិសោធន៍ក្នុងកិច្ចការតំបន់អាស៊ីអាគ្នេយ៍ ជាងនេះទៅទៀត លោកប្រហែលបានយល់ដឹងច្បាស់អំពីកម្ពុជា ពិសេស បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។ រឿងអតីតកាល គួរគប្បីត្រូវបានបំភ្លេចចោល គឺបំភ្លេចចោលនូវរឿងដែលនាំឱ្យមានការឈឺចាប់ និងល្វីងជូរចត់សម្រាប់ប្រជាជនកម្ពុជាតែម្តង។ ដូច្នេះ ប្រជាជនកម្ពុជាសង្ឃឹមថា លោក ម័រហ្វី ប្រហែលនឹងដើរតាមលំនាំនៃអតីតឯកអគ្គរដ្ឋទូតអាមេរិកមុនៗនោះទេ ពិសេស យើងមិនចង់ឃើញអ្វីដែលបានកើតមានឡើងក្នុងអំឡុងឆ្នាំ២០១៣នោះឡើយ។
ទី៣៖ ប្រជាជនកម្ពុជាក៏មានសង្ឃឹមផងដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរអាចនឹងត្រូវបានស្តារឡើងឡើងវិញឱ្យបានល្អប្រសើរ ប្រសិនបើប្រទេសទាំងពីរមានសុឆន្ទៈគោរពអធិបតេយ្យជាតិរបស់ផងគ្នាទៅវិញទៅមក ដោយស្មើសិទ្ធិ និងស្មើមុខលើឆាកអន្តរជាតិ។ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវឈើរលើគោលការណ៍គោរពច្បាប់អន្តរជាតិ និងច្បាប់ជាតិ ដោយមិនត្រូវរំលោភអធិបតេយ្យជាតិនៃរដ្ឋមួយ និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដូចដែលខ្លួនធ្លាប់ជ្រៀតជ្រែកក្នុងទសវត្យឆ្នាំ១៩៧០ ដែលបានទាញទំលាក់រាជរដ្ឋាភិបាលរបស់អតីតព្រះនរោត្តម សីហនុ ដោយអំពើរដ្ឋប្រហារ និងការដូររបបនយោបាយដឹកនាំមួយដ៏ឈឺចាប់បំផុត។
ទី៤៖ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាជ្រោងទង់សន្តិភាព និងការអភិវឌ្ឍេសេដ្ឋកិច្ចជាតិ ព្រមជាមួយនឹងការពង្រឹង និងការអនុវត្តនីតិរដ្ឋ ដើម្បីធានា សង្គមកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសណ្តាប់សង្គម។ ក្នុងន័យនេះ ប្រជាជនកម្ពុជាសង្ឃឹមថា មន្រ្តីទូតអាមេរិក នឹងមិនតាំងខ្លួនជាម៉ែឪ ឬ ឆ្អឹងខ្នងបង្អែករបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដើម្បីធ្វើសកម្មភាពទាំងឡាយ ដែលនឹងនាំឆ្ពោះទៅរកការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ រដ្ឋប្រហាររដ្ឋធម្មនុញ្ញ និងដូររបបដឹកនាំនៅកម្ពុជានោះឡើយ។
ទី៥៖ ប្រជាជនកម្ពុជាក៏សង្ឃឹមផងដែរថា មន្រ្តីស្ថានទូតអាមេរិកនឹងមិនធ្វើជាបញ្ជាការរដ្ឋានចេញបញ្ជររាល់សកម្មភាពទៅក្រុមឧទ្ទាម ដែលនឹងបង្កើតឱ្យមានស្ថានភាពមិនល្អក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ពីព្រោះ រាល់បញ្ហាទាំងអស់គួរគប្បីត្រូវបានដោះស្រាយតាមទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដោយឈរលើការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ពិសេស គោរពគោលការណ៍មិនរំលោភអធិបតេយ្យជាតិនៃរដ្ឋ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ជារួម ប្រជាជនកម្ពុជាទាំងមូល ពិតជាសុទិដ្ឋិនិយមបំផុត ចំពោះបេសកកម្មការទូតរបស់លោក ម័រហ្វី ក្នុងកាលៈទេសៈមួយដ៏តានតឹងក្នុងទំនាក់ទំនងការទូត និងជាពិសេស ការប៉ុនប៉ងម្តងហើយម្តងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបាននិងកំពុងអនុវត្តនូវផែនការធ្វើរដ្ឋប្រហារទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ ដែលជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ តាមកម្លាំងប្រដាប់អាវុធ និងកម្លាំងមហាជនដោយខុសច្បាប់ (People Power) ដើម្បីផ្លាស់ប្តូររបបដឹកនាំ ដែលនាំឆ្ពោះទៅរលាយចោលនូវស្ថាប័នរាជបល្ល័ង របបរាជនិយមដ៏គួរឱ្យព្រួយបារម្ភជាទីបំផុត។ ហើយប្រជាជនកម្ពុជាពិតជាមានបំណងប្រាថ្នាចង់បានទំនាក់ទំនងការទូតល្អប្រសើរ និងសហប្រតិបត្តិការលើគ្រប់វិស័យដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដោយស្មើមុខ និងស្មើសិទ្ធិ និងគោរពអធិបតេយ្យផងគ្នាទៅវិញទៅមក ដោយមិនត្រូវបណ្តោយកម្ពុជាឱ្យធ្លាក់ចូលក្នុងជម្លោះខាងផលប្រយោជន៍ភូមិសាស្រ្តនយោបាយ និងសង្រ្គាមស៊ីវិលដូចទសវត្យឆ្នាំ១៩៧០ទៀតឡើយ៕
ដោយ ឡុង បូរិតា