ខ្មែរប៉ុស្ដិ៍ Close

លោក អ៉ិត សំហេង នឹងបង្កើតផែនការមេសម្រាប់គ្រឹះស្ថាន TVET នៅចុងឆ្នាំនេះ ដើម្បីបង្កើនធនធានមនុស្សទាំងបរិមាណ និងគុណភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
លោក អ៉ិត សំហេង នឹងបង្កើតផែនការមេសម្រាប់គ្រឹះស្ថាន TVET នៅចុងឆ្នាំនេះ ដើម្បីបង្កើនធនធានមនុស្សទាំងបរិមាណ និងគុណភាព លោក អ៉ិត សំហេង នឹងបង្កើតផែនការមេសម្រាប់គ្រឹះស្ថាន TVET នៅចុងឆ្នាំនេះ ដើម្បីបង្កើនធនធានមនុស្សទាំងបរិមាណ និងគុណភាព

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោកបណ្ឌិត ​អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា នឹងរៀបចំបង្កើតឱ្យមានផែនការមេ (Master Plan) សម្រាប់រៀបចំគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែល្អប្រសើរជាងមុន ធានាសម្រេចបានកំណើនធនធានមនុស្សក្នុងវិស័យ TVET ទាំងបរិមាណ និងគុណភាព។ លោក បានលើកឡើងបន្ថែមថា វឌ្ឍនភាពនានាគឺបានមកដោយសារកត្តាចំបាច់ជាច្រើន ប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះ គឺសន្តិភាព ស្ថិរភាពនយោបាយ ដែលកំពុងរក្សាបានក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក អ៉ិត សំហេង បានលើកឡើងពីសុខដុមនីយកម្មក្នុងវិស័យកាត់ដេរ ដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត បញ្ជៀសបាននូវបញ្ហាបាតុភាពនានា ហើយផលិតភាពការងារក៏នៅតែបន្ត ព្រមទាំងកំពុងជំរុញឱ្យមានការបង្កើនផលិតភាពបន្ថែមទៀតផងដែរ។ ចំណែកប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិត ក៏ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ តួយ៉ាងនៅឆ្នាំ២០១៩នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករបានឡើងដល់ ១៨២ដុល្លារ ហើយសម្រាប់ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងចាប់ផ្តើមបើកកិច្ចពិភាក្សាគ្នាស្ដីពីការកំណត់ប្រាកឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅថ្ងៃស្អែកនេះ។

លោករដ្ឋមន្រ្តី បានបង្ហាញការព្រួយបារម្ភពីបញ្ហាកង្វះធនធានមនុស្សក្នុងវិស័យ TVET ដែលកំពុងមានការខ្វះខាតក្នុងទីផ្សារការងារបច្ចុប្បន្ន។ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងជំរុញការដោះស្រាយបញ្ហានេះយ៉ាងសកម្ម នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស ហើយលោក ក៏បាននិងកំពុងចុះជាប់នៅតាមគ្រឹះស្ថានទាំងនោះផងដែរ។ ត្រង់បញ្ហានេះ លោកបណ្ឌិតបានបញ្ជាក់ថា នៅចុងឆ្នាំ២០១៩នេះ ក្រសួងការងារនឹងបង្កើតឱ្យបានផែនការមេ (Master Plan) រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងគ្រឹះស្ថាន TVET ទាំងអស់នៅទូទាំងប្រទេស ដោយគិតគូរទៅលើអគារសិក្សា រោងជាង គ្រូបណ្ដុះបណ្ដាល ការបង្រៀនពីបច្ចេកវិទ្យាថ្មីៗសម្រាប់បណ្ដុះបណ្ដាលសិក្ខាកាម សំដៅធ្វើយ៉ាងណាដើម្បីសម្រេចបានធនធានមនុស្សក្នុងវិស័យនេះ ទាំងបរិមាណ និងគុណភាព។

លោក អ៉ិត សំហេង បានបន្តទៀថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបង្កើតឱ្យមានគណៈកម្មការស្ថិតិការងារមួយ ដែលមានឯកឧត្តមផ្ទាល់ជាប្រធាន ក្នុងនោះនឹងរៀបចំឱ្យមានកិច្ចប្រជុំទៀងទាត់ បង្កើតឱ្យមានជនបង្គោលស្ថិតិការងារនៅតាមមូលដ្ឋានការងារនីមួយៗ ព្រោះកន្លងមកការងារបូកសរុបស្ថិតិការងារនៅផ្នែកមួយចំនួន ហាក់នៅមានភាពយឺតយ៉ាវនៅឡើយ។ លោកក៏បានណែនាំដល់មន្ត្រីរាជការក្រោមឱវាទ ត្រូវអនុវត្តការងារតាមផ្នែក តាមវិស័យរៀងៗខ្លួន ប្រកបដោយក្រមសីលធម៌ជាមន្ត្រី ជៀសវាងការប្រព្រឹត្តបទល្មើសនានា ដែលនាំទៅដល់ការទទួលទោសទណ្ឌ និងអាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះស្ថាប័ន៕

អត្ថបទទាក់ទង