ខ្មែរប៉ុស្ដិ៍ Close

ធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវគោលនយោបាយរូបិយវត្ថុចំនួន ៥ចំណុច ដើម្បីបន្ដរក្សាបាននូវស្ថិរភាពថ្លៃ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 71
ធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវគោលនយោបាយរូបិយវត្ថុចំនួន ៥ចំណុច ដើម្បីបន្ដរក្សាបាននូវស្ថិរភាពថ្លៃ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវគោលនយោបាយរូបិយវត្ថុចំនួន ៥ចំណុច ដើម្បីបន្ដរក្សាបាននូវស្ថិរភាពថ្លៃ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុលើកទី៤៨ ក្រោមការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការគោនយោបាយរូបិយវត្ថុ។ អង្គប្រជុំបានពិភាក្សាលើបច្ចុប្បន្នភាពនៃ ស្ថានភាពសេដ្ឋកិច្ចពិភពលោកវឌ្ឍនភាព និងបញ្ហាប្រឈមនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងគោលនយោបាយរូបិយវត្ថុ សម្រាប់អនុវត្តនាគ្រាខាងមុខ។

ក្នុងនោះគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ បានសម្រេចបន្ដអនុវត្តគោលនយោបាយរូបិយវត្ថុ ចំនួន៥ រួមមាន៖

១) បន្ដរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ដោយប្រកាន់យករបបអត្រាប្ដូរប្រាក់ដែលមានស្ថិរភាព តាមរយៈការធ្វើអន្ដរាគមន៍ផ្អែកលើការប្រែប្រួលនៃទីផ្សារ។

២) បន្ដរក្សាការផ្គត់ផ្គង់សន្ទនីយភាពជាប្រាក់រៀល សម្រាប់បំពេញតម្រូវការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

៣) ដាក់ឲ្យអនុវត្តឧបករណ៍ផ្ដល់សន្ននីយភាពរយៈពេលខ្លី (MLF) នៅត្រីមាសទី៤ ឆ្នាំ២០១៩។

៤) បន្ដលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយ តាមរយៈការបង្កើនការយល់ដឹងរបស់សាធារណជនពីសារៈសំខាន់ និងតួនាទីប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច និងសង្គម។

៥) ពង្រឹងការអនុវត្តប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ស្ដីពីការតម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានប្រាក់កម្ចីយ៉ាងហោច ១០% ជាប្រាក់រៀល នៅដំណាច់ឆ្នាំ២០១៩នេះ៕