ធនាគារជាតិនៃកម្ពុជា ដាក់ចេញគោលដៅការងារ ៩ចំណុច ទប់ស្កាត់បញ្ហាប្រឈម ចំពោះសេដ្ឋកិច្ចកម្ពុជា
ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលករណ៍៩ចំណុច ដើម្បីទប់ស្កាត់ភាពមិនប្រាកដប្រជាមួយចំនួន ចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា ដែលអាចជួបបញ្ហាប្រឈម នៃភាពមិនច្បាស់លាស់នៃហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប ដែលអាចប៉ះពាល់ដល់ការនាំចេញ និងការថមថយកំណើនសេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងអចលនទ្រព្យ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានថ្លែងថា មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោក អាចសម្រេចបានទាបជាងការរំពឹងទុកនៅឆ្នាំ២០២២ ដោយបន្តប្រឈមភាពមិនច្បាស់លាស់ និងហានិភ័យចម្បងៗដូចជា៖ ឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលមិនទាន់ស្វែងរកដំណោះស្រាយជាក់លាក់នៅឡើយ ផលប៉ះពាល់នៃការអនុវត្តនយោបាយរូបិយវត្ថុ រឹតត្បិតនៅក្នុងប្រទេសអភិវឌ្ឍន៍ និងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ។
លោកបានបន្ដថា បញ្ហាទាំងនេះបាន និងកំពុងបង្កការប៉ះទង្គិចដល់ខ្សែច្រវាក់ផលិតកម្មសកល ដាក់សម្ពាធមកលើអត្រាអតិផរណាពិភពលោក និងបង្កើនលំហូរចេញនៃមូលធនពីប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ដែលនឹងដាក់សម្ពាធបន្ថែមលើតម្លៃរូបិយប័ណ្ណ និងទុនបម្រុងអន្តរជាតិ នៅក្នុងប្រទេសទាំងនោះ។
លោកបញ្ជាក់ថា «ទោះយ៉ាងណាសកម្មភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា បន្តងើបឡើងប្រមាណ៥.៣% ខ្ពស់ជាឆ្នាំ២០២១ ដែលមានកម្រិត ៣% ដែលគាំទ្រជាចម្បងដោយកំណើនការនាំចេញ នៃវិស័យកម្មន្តសាល កំណើនវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម ជាមួយនឹងការងើបឡើងសន្សឹមៗនៃវិស័យទេសចរណ៍»។
លោក ជា ចាន់តូ បានបន្ដទៀតថា ស្ថានភាពអត្រាអតិផរណា មានភាពមិនប្រាកដប្រជាខ្ពស់ ដោយអាស្រ័យជាចម្បងលើឥទ្ធិពល នៃការអូសបន្លាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ទៅលើថ្លៃប្រេង និងការអនុវត្តវិធានបិទខ្ទប់តំបន់ផលិតកម្មនៅប្រទេសចិន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ ជាមួយនឹងការរំពឹងទុកថា ថ្លៃប្រេងនឹងថយចុះ អតិផរណាក៏ត្រូវបានព្យាករថា ថយចុះផងដែរនៅឆមាសទី២នេះ។
លើសពីនេះសេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួនដូចជា៖ ហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប ដែលអាចប៉ះពាល់ដល់ការនាំចេញ និងការថមថយកំណើនសេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ និងអចលនទ្រព្យ។ ម្យ៉ាងទៀតថ្វីបើការដំឡើងអត្រាការប្រាក់គោល របស់ធនាគារកណ្តាលអាមេរិក មិនមានឥទ្ធិពលដោយផ្ទាល់ លើអត្រាការប្រាក់នៅកម្ពុជា ប៉ុន្តែក៏អាចធ្វើឱ្យមានសម្ពាធលើអត្រាប្តូរប្រាក់ ដោយសារការឡើងថ្លៃប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារអន្តរជាតិ។
លោក ជា ចាន់តូ បានបញ្ជាក់ថា ក្នុងស្ថានភាពប្រកបដោយបញ្ហាប្រឈមខាងលើនេះ សូមលើកឡើងនូវមតិផ្តាំផ្ញើមួយចំនួន សម្រាប់ជាទិសដៅការងារដែលនឹងត្រូវអនុវត្តដូចតទៅ៖
១៖ ការបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់៖ ដោយសារប្រាក់ដុល្លារអាមេរិក មាននិន្នាការឡើងថ្លៃ នៅលើទីផ្សារអន្តរជាតិ ប្រាក់រៀលនឹងបន្តប្រឈមនឹងសម្ពាធធ្លាក់ថ្លៃ ដូច្នេះធនាគារជាតិនៃកម្ពុជា នឹងបន្តប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់នានា ក្នុងការរក្សាតម្លៃប្រាក់រៀលឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញរបស់រូបិយវត្ថុជាតិ ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។
ក្នុងទិសដៅនេះ ការបន្តជំរុញការប្រើប្រាស់ប្រាក់រៀល ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់តម្លៃប្រាក់រៀលដោយផ្ទាល់ និងពង្រឹងប្រសិទ្ធភាពឧបករណ៍នយោបាយរូបិយវត្ថុជារួម។
២៖ ការរក្សាអត្រាការប្រាក់ ក្នុងកម្រិតសមស្រប៖ដោយសារកម្ពុជាប្រើប្រាស់ប្រាក់ដុល្លារអាមេរិក យ៉ាងទូលំទូលាយ ការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក អាចមានសម្ពាធដោយប្រយោលលើអត្រាការប្រាក់ទីផ្សារនៅកម្ពុជា បើទោះជាក្នុងកម្រិតតិចតួចក៏ដោយ។ ដូច្នេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសេវារបស់ខ្លួន ជាពិសេសការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងពិពិធកម្មសេវា ដើម្បីអាចកាត់បន្ថយការចំណាយ និងបង្កើនប្រភពចំណូល ដោយចៀសវាងការដំឡើងអត្រាការប្រាក់។
ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា នឹងនៅបន្តអនុវត្តនយោបាយរូបិយវត្ថុ ដែលសម្រួលដល់គ្រប់គ្រងសន្ទនីយភាព ក្នុងប្រព័ន្ធធនាគារ។ គួររំលេចថា ភាពជោគជ័យនៃការពង្រឹងការប្រើប្រាស់ប្រាក់រៀល នឹងនាំឱ្យធនាគារជាតិនៃកម្ពុជាមានឥទ្ធិពល លើការគ្រប់គ្រងអត្រាការប្រាក់ សំដៅគាំទ្រសកម្មភាពសេដ្ឋកិច្ចជាតិ ឱ្យបានកាន់តែប្រសើរ។
៣៖ការត្រួតពិនិត្យ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោក ប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ហើយស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រឈមនឹងការរឹតត្បិតផងដែរ។ ការតាមដានជាប្រចាំលើសុខុមាលភាព របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាមួយនឹងការដាក់ចេញវិធានការម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្នប្រកបដោយលក្ខណៈបុរេសកម្ម ជាការងារចាំបាច់ ដើម្បីពង្រឹងភាពធន់នៃវិស័យធនាគារ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។
ក្នុងន័យនេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបន្តការគ្រប់គ្រងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសកត្តាខាងក្រៅ និងអនុវត្តតាមបទប្បញ្ញត្តិប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួន ជាមួយនឹងបន្តរួមចំណែកគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច។ ធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តយុទ្ធសាស្រ្តចាកចេញពីវិបត្តិជាដំណាក់កាល ប្រកបដោយភាពប្រុងប្រយ័ត្ន ស្របតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រឹងភាពធន់ និងចីរភាពនៃការអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា។
៤៖ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់៖ ប្រព័ន្ធទូទាត់សងប្រាក់កម្ពុជា ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា បានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ទាំងក្នុងអំឡុងពេល និងក្រោយវិបត្តិ។ ការលើកកម្ពស់អន្តរប្រតិបត្តិការ (interoperability) និងការតភ្ជាប់ (connectivity) នៃប្រព័ន្ធទូទាត់សងប្រាក់ គឺជាគោលដៅចម្បងដែលនឹងត្រូវបន្តអនុវត្ត ដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រសិទ្ធភាពប្រព័ន្ធទូទាត់ និងសមាហរណកម្មប្រព័ន្ធធនាគារកម្ពុជាទៅក្នុងតំបន់និងពិភពលោក។
ហេតុដូច្នេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបន្តចូលរួមសហការអភិវឌ្ឍប្រព័ន្ធទូទាត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងរួមចំណែកការពារឧក្រិដ្ឋកម្មសាយប័រ សូមគាំទ្រផែនការអភិវឌ្ឍប្រព័ន្ធបាគង ដូចដែលបានលើកឡើងដោយលោក គីមទី កោមលី ដើម្បីឱ្យប្រព័ន្ធបាគងអាចបំពេញមុខងារភារកិច្ចកាន់តែសម្បូរបែប និងពង្រឹងការស្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) និងពង្រឹងសុវត្ថិភាពប្រព័ន្ធទូទាត់ សំដៅរួមចំណែកគាំទ្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល។
៥៖ការគ្រប់គ្រងចរាចរណ៍សាច់ប្រាក់៖កន្លងមកយើងបានអនុវត្តការងារគ្រប់គ្រង ការចរាចរសាច់ប្រាក់បានយ៉ាងល្អប្រសើរ និងបានលើកកម្ពស់គុណភាព និងសោភ័ណភាពក្រដាសប្រាក់រៀលជាលំដាប់។ ការឈ្នះពានរង្វាន់ជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ពីស្ថាប័នអន្តរជាតិ Reconnaissance ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស សម្រាប់ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥.០០០រៀល បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃបច្ចេកទេសផលិតធនបត្ររបស់ធនាគារជាតិនៃកម្ពុជា ដែលមានលក្ខណៈកាន់តែទំនើប និងប្រកបដោយសុវត្ថិភាពខ្ពស់។
សូមអំពាវនាវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ។ ប្រាក់រៀលជារូបិយវត្ថុជាតិតែមួយគត់របស់កម្ពុជា ដែលតំណាងឱ្យអត្តសញ្ញាណជាតិ និងផ្តល់នូវអត្ថប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។
៦៖ការងារសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត៖ សាខាធនាគារជាតិនៃកម្ពុជា នៅតាមបណ្តារាជធានី-ខេត្ត គឺជាតំណាងធនាគារជាតិនៃកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន។ តាមរយៈទស្សនកិច្ចកន្លងមក បានសង្កេតឃើញពីការងើបឡើង នៃសកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាខេត្ត ក្រោយពីស្ថានភាពកូវីដ-១៩ មានភាពធូរស្រាល ជាពិសេសការនិយមការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន និងកំណើនប្រជាជនប្រើប្រាស់សេវាហិរញ្ញវត្ថុ។
ដើម្បីបន្តគាំទ្រការរីកចម្រើនទាំងនេះ សូមស្នើឱ្យសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត បន្តពង្រឹងបំពេញសេចក្តីត្រូវការសាច់ប្រាក់ ឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជនដោយមិនគិតកំរៃសេវា ការឆ្លើយតបនឹងសំណួរនានា របស់សាធារណជនលើការប្រើប្រាស់ សេវាហិរញ្ញវត្ថុតាមប្រព័ន្ធ Hotline និងការពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរនៅតាមមូលដ្ឋាន។ សូមឯកភាពចំពោះការស្នើរបស់អគ្គលេខាធិការ ក្នុងការពង្រឹងការងារគណនេយ្យ និងសុវត្ថិភាពនៃប្រព័ន្ធព័ត៌មានវិទ្យា ទាំងនៅស្នាក់ការកណ្តាល និងសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត។
ជាមួយគ្នានេះស្នើឱ្យបន្តពង្រឹងផែនការ និរន្តរភាពធុរកិច្ច (BCP) ដើម្បីធានាការបំពេញតួនាទីរបស់ធនាគារកណ្តាលដោយពិលាស ជាពិសេសការផ្តល់សេវាជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអង្គភាពរាជរដ្ឋាភិបាល ក្នុងស្ថានភាពដែលជំងឺកូវីដ-១៩ នៅមិនទាន់ចប់និងការប្រឈមនឹងភាពមិនច្បាស់លាស់នានា ជាយថាហេតុ។
៧៖ការងារសមាគមមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា៖ សមាគមធនាគារជាតិនៃកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក សម្រាលទុក្ខលំបាករបស់សមាជិក និងក្រុមគ្រួសារសមាជិក ដែលបានទទួលមរណភាព ឬមានជំងឺធ្ងន់ធ្ងរ ជាពិសេសនៅក្នុងអំឡុងពេលមានការរាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ សូមអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ការជួយគ្នានេះបានពង្រឹងសាមគ្គីភាពយ៉ាងកក់ក្តៅរវាងមន្ត្រី-បុគ្គលិក ក្រោមស្មារតីសង្គហភាព និងភាតរភាព ក្នុងនោះសូមស្នើឱ្យសមាគមបន្តប្រកាន់យកគោលការណ៍ រួបរួមសាមគ្គីភាពគ្នានេះបន្តទៀត និងបន្តពង្រឹងការគ្រប់គ្រងថវិកាឱ្យបានល្អ ដើម្បីធានានិរន្តរភាព ក្នុងការផ្តល់ការឧបត្ថម្ភ ដល់សមាជិកដែលជួបការទុក្ខលំបាកពិតប្រាកដ។
៨៖ការគោរពវិន័យ៖ វិន័យក្នុងការងារជាផ្នែកមួយសំខាន់ ក្នុងការពង្រឹងអភិបាលកិច្ច និងបង្កើនប្រសិទ្ធភាពការងារ។ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ មន្ត្រីបុគ្គលិកបានបន្តអនុវត្តការងារ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានភាពបត់បែនតាមស្ថានភាពជាក់ស្តែង។
៩៖ ការគ្រប់គ្រងធនធានមនុស្ស៖ដើម្បីពង្រឹងប្រសិទ្ធភាព នៃការបំពេញមុខងារ-ភារកិច្ចរបស់ធនាគារកណ្តាល ក្នុងសម័យសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍធនធានមនុស្ស គឺជាការងារអាទិភាពដ៏សំខាន់ ដែលត្រូវអនុវត្តជាប្រចាំ។ សូមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្រ្តី-បុគ្គលិក ដែលបានអភិវឌ្ឍចំណេះដឹងជាលំដាប់ ទាំងជំនាញឯកទេស និងជំនាញផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពនិងប្រសិទ្ធភាពការងារ។
ស្របតាមការរីកចម្រើននៃវិស័យធនាគារ និងនិម្មាបនកម្មហិរញ្ញវត្ថុពិភពលោក សូមស្នើទេសាភិបាលរង បន្តលើកទឹកចិត្តមន្រ្តីបុគ្គលិក ឱ្យព្យាយាមស្វ័យសិក្សាបន្ថែមតាមរយៈប្រព័ន្ធអនឡាញ និងស្នើឱ្យចាប់ផ្តើមរៀបចំវគ្គបណ្តុះបណ្តាលនានាដូចជា វគ្គសុក្រឹត្យការ ភាពជាអ្នកដឹកនាំ និងការត្រួតពិនិត្យធនាគារជាដើម ទៅតាមស្ថានភាពជាក់ស្តែង ក្នុងពេលដែលបញ្ហាកូវីដ-១៩ មានភាពធូរស្រាល៕ Fresh News