រាជរដ្ឋាភិបាលប្តេជ្ញាជំរុញការលើកកម្ពស់ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពសម្រាប់យុវជន
លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ពីបុព្វហេតុដែលកម្ពុជាត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ដោយសាររាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាជំរុញការលើកកម្ពស់និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ ការជួយកសិករក្នុងការអភិវឌ្ឍផលិតកម្មនិងការរកទីផ្សារលក់កសិផល។ នេះបើយោងតាមខ្លឹមសារនៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៩។
នៅក្នុងសារលិខិតនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ទើបអនុម័តជាផ្លូវការនូវគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិតដែលមានគោលបំណង «ផ្តល់ឱកាសនិងគាំទ្រឱ្យប្រជាជនគ្រប់រូបទទួលបានការសិក្សាគ្រប់រូបភាព និងប្រើប្រាស់ចំណេះដឹងតាមជំនាញដែលទទួលបានដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងប្រាក់ចំណូលស្របតាមយុគសម័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងសង្គមពុទ្ធិ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមនៅក្នុងសារលិខិតថា ដើម្បីអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡាត្រូវមានផែនការប្រែក្លាយមជ្ឈមណ្ឌលសិក្សាមួយចំនួនដូចជាមជ្ឈមណ្ឌលសិក្សានៅតាមរោងចក្រ និងមជ្ឈមណ្ឌលអភិវឌ្ឍយុវជនឱ្យក្លាយទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត។ ក្រសួងអប់រំ ក៏ត្រូវសហការជាមួយក្រសួងការងារដាក់ឱ្យដំណើរការ «កម្មវិធីសមមូលកម្រិតអប់រំមូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីផ្តល់ឱកាសសិក្សាដល់កម្មករទាំងនៅក្នុងនិងក្រៅប្រទេសឱ្យមានលទ្ធភាពបន្តការសិក្សាតាមបែបអនឡាញឬតាមបែបឌីជីថល៕