ខ្មែរប៉ុស្ដិ៍ Close

លោក ថោង ខុន បើកសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48
លោក ថោង ខុន បើកសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា លោក ថោង ខុន បើកសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ក្រសួងទេសចរណ៍កម្ពុជា បានសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ស៊ូ ជីង (Xu Jing) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) ព្រមទាំងមានការចូលរួមពីប្រតិភូនៃប្រទេសជាសមាជិកអាស៊ាន វាគ្មិនអន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី ខេត្ត តំណាងក្រសួងស្ថាប័នរដ្ឋ ផ្នែកឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អង្គការជាតិ អន្តរជាតិ សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អ្នកជំនាញទេសចរណ៍ សិស្ស និស្សិត សរុបប្រមាណ ៦០០នាក់។

សន្និសីទអន្តរជាតិលើកទី១នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ «លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌដើម្បីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព» ដែលមានគោលដៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញថែមទៀត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិទៅកាន់ពិភពលោកឲ្យបានទូលំទូលាយ ស្របតាមបរិបទអាស៊ាន និងពិភពលោក ក៏ដូចជាស្របតាមការដាក់ចុះនូវយុទ្ធនាការ «នំបញ្ចុកសន្តិភាព» ដោយសម្តេចតេជោ ហ៊ុន សែន។

សន្និសីទអន្តរជាតិនេះនឹងមានការឡើងធ្វើបទបង្ហាញពីវាគ្មិនអន្តរជាតិ និងជាតិលើប្រធានបទសំខាន់ៗដូចជា៖
ផ្នែកទី១៖ និន្នាការទេសចរណ៍ម្ហូបអាហារក្នុងតំបន់ និងពិភពលោក
ផ្នែកទី២៖ ម្ហូបអាហារផ្សារភ្ជាប់វប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព
ផ្នែកទី៣៖ ការពង្រឹង និងការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារកម្ពុជា។

បន្ទាប់ពីចប់ កិច្ចពិភាក្សាលើប្រធានបទទាំងនេះ នឹងមានការបូកសរុបលទ្ធផលនៃអង្គសន្និសីទនាពេលរសៀលនេះ ហើយបន្ទាប់មក លោក ថោង ខុន រដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១នេះ។ ចំពោះលទ្ធផលលំអិតនៃអង្គសន្និសីទ នឹងជម្រាបជូនជាបន្តបន្ទាប់នៅពេលខាងមុខនេះ៕

អត្ថបទទាក់ទង