អ្នកវិភាគចៅចាក់ស្មុក៖ អ្វីដែលស្ថានទូតអាមេរិកសរសេរលើ Facebook គឺជាសារការពារកូនជឹងរបស់ខ្លួន ដែលបរាជ័យក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌
ឆ្លើយតបនឹងការលើកឡើងរបស់ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងភ្នំពេញ, នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកវិភាគដ៏ល្បាញល្បីមួយរូបរបស់ កម្ពុជាឈ្មោះ «ចៅចាក់ស្មុក» បានប្រតិកម្មឆ្លើយតបថា វាពិតជាគួរឱ្យសោកស្តាយដែលស្ថាទូតនៃប្រទេសស៊ីវិល័យ និងតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងគោរពច្បាប់ និងដើរបង្រៀនគេពីច្បាប់ ប៉ុន្តែខ្លួនឯងបំពានច្បាប់ ហើយអ្វីដែលស្ថានទូតអាមេរិកសរសេរលើហ្វេសប៊ុករបស់ខ្លួន គឺជាសារការពារកូនជឹងរបស់ខ្លួន «ខ្មោចគណបក្សសង្គ្រោះជាតិ» ដែលបរាជ័យក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌។
អ្នកវិភាគអំពីស្ថានការណ៍នយោបាយនៅកម្ពុជាដដែលរូបនោះបានលើកជាចម្ងល់ថា «តើស្ថានទូតនៃប្រទេសមហាអំណាចអាមេរិក មិនស្គាល់ពីច្បាប់ការទូត ឬដឹងហើយធ្វើពើជាមិនដឹង?»
ការប្រតិកម្មរបស់អ្នកវិភាគចៅចាក់ស្មុកនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសរសេរសារនៅលើបណ្តាញទំនាក់ទំនងសង្គមនារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «ថ្ងៃនេះរដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំងនៅកម្ពុជា។ ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ។
ការបោះឆ្នោតនេះ បានផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១មក»។
អ្នកវិភាគបានបន្តលើកឡើងថា មហាអំណាចអាមេរិកមួយនេះមិនទាន់នឹងលាងជ្រះនូវរឿងអាស្រូវនៃការបោះឆ្នោត ប្រធានាធិបតីខ្លួនផង បែរមកជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងកម្ពុជា។ ការវាយតម្លៃការការបោះឆ្នោតជាតិ ខែកក្កដានៅកម្ពុជា ជាការបោះឆ្នោតមានកំហុសឆ្គង គ្រាន់តែភាសាមួយដើម្បីលួងលោមកូនចឹងក្បត់ជាតិ របស់ខ្លួនប៉ុណ្ណោះ ហើយកោតតែប្រទេសមហាអំណាចមួយធ្វើទៅរួចដោយគ្មានការអៀនខ្មាស។
កម្ពុជាពិតជាឆ្អែតឆ្អន់នឹងទង្វើរបស់អាមេរិកហើយ! ទម្លាក់គ្រាប់បែកជាង ៣លានតោនលើក្បាលខ្មែរ គ្មានសុំទោសខ្មែរមួយមាត់ គាំទ្រខ្មែរក្រហមបន្តសម្លាប់ខ្មែរ ហើយឥឡូវបានតាមចងកម្មចងពារខ្មែរមិនឱ្យរស់បានសុខសន្តិភាពទៀត។ ប្រវត្តិសាស្ត្របានដឹងច្បាស់ណាស់ថា អាមេរិកមិនដែលសប្បាយចិត្តពេលខ្មែររីកចម្រើនទេ!
គួរល្មមខ្មាសអៀនផង គេដឹងអស់ហើយ។ នេះជាការបញ្ជាក់បន្ថែមពីអ្នកវិភាគ៕