ខ្មែរប៉ុស្ដិ៍ Close

ប្រវត្តិប្រាសាទបន្ទាយស្រីបានសរសេរថា សាងទ្បើងនៅឆ្នាំ៩៦៧ នៃគស ក្នុងរាជកាល ព្រះបាទរាជេន្ទ្រវរ្ម័ន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 354
ប្រវត្តិប្រាសាទបន្ទាយស្រីបានសរសេរថា សាងទ្បើងនៅឆ្នាំ៩៦៧ នៃគស ក្នុងរាជកាល ព្រះបាទរាជេន្ទ្រវរ្ម័ន ប្រវត្តិប្រាសាទបន្ទាយស្រីបានសរសេរថា សាងទ្បើងនៅឆ្នាំ៩៦៧ នៃគស ក្នុងរាជកាល ព្រះបាទរាជេន្ទ្រវរ្ម័ន

តាមរយៈសិលាចារឹក ប្រាសាទនេះ សរសេរថា សាងទ្បើងនៅឆ្នាំ៩៦៧ នៃគស ក្នុងរាជកាល ព្រះបាទរាជេន្ទ្រវរ្ម័ន ដើម្បីឧទ្ទិសដល់ ព្រះឥសូរនៃសាសានាព្រាហ្មណ៍ នៅក្នុងស្រុកមួយ ដែលមានឈ្មោះ «ស្រីឦស្វរបុរ» ប្រែថា “បុរីដែលជាទីឋានរបស់ឥសូរ”។

ប្រាសាទបន្ទាយស្រី មានរាងតូចច្រឡឹង លម្អដោយក្បូរក្បាច់រចនា យ៉ាងល្អិតឆ្មារ ដ៏ស្រស់ស្អាត នៅលើផ្ទាំងថ្ម ពណ៌‌ផ្កាឈូក។ មិនតែប៉ុណ្ណោះ មានចម្លាក់ផ្កាភ្ញី និងរឿងទេវកថាផ្សេងៗ ទាក់ទងនឹងព្រះឥសូរ ព្រះនារាយណ៍ រឿងរាមកេរ្តិ៍ រឿងមហាភារត ជាដើម យ៉ាងរស់រវើក នៅលើផ្តែរ និងហោរជាងផងដែរ។

ប្រាសាទនេះ មានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចម្ងាយ ៣៩ គីឡូម៉ែត្រ ភាគខាងជើង ទីរួមខេត្តសៀមរាប និងមានចម្ងាយ ៣២ គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត តាមផ្លូវឆ្ពោះ ទៅភ្នំគូលែន។ រចនាសម្ព័ន្ធប្រាសាទ សង់ឡើងពីថ្មភក់ ពណ៌ផ្កាឈូក និងឥដ្ឋរាង ៤ ជ្រុងទ្រវែង លើដីរាបស្មើ មានគូទឹកព័ទ្ធជុំវិញ ហើយមានតួប្រាង្គ បីសង់លើខឿនតែមួយ បែរមុខទៅទិសខាងកើត ដោយប្រាង្គកណ្តាល ឧទ្ទិសថ្វាយព្រះឥសូរ ក្រោមរូបស្នងជាសិវលិង្គ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្ម និងខាងជើង ឧទ្ទិសថ្វាយដល់ព្រះនារាយណ៍។

ប្រាសាទបន្ទាយស្រី ត្រូវបានចុះបញ្ជីបេតិកភណ្ឌ ដោយអ្នកអភិរក្ស ជាតិបារាំង នៅឆ្នាំ១៩១៦ ហើយចាប់ពីឆ្នាំ១៩២៤ មក សាលាបារាំងចុងបូព៌ា (EFEO) បានធ្វើការត្រួសត្រាយព្រៃ និងចាប់ផ្តើមធ្វើការសិក្សា ស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១-១៩៣៦ ការជួសជុលលើកដំបូង តាមបច្ចេកទេស អាណាស្ទីឡូ ដឹកនាំដោយលោក Henry Marchal ដោយយកលំនាំតាម ការជួសជុលប្រាសាទ Prambanan កោះជ្វាកណ្តាល នៃប្រទេសឥណ្ឌូណេស៊ី។ ការជួសជុល ពេលនោះ គឺធ្វើឡើងទៅលើប្រាសាទកណ្តាល និងរចនាសម្ពន្ធខ្លះៗ តែនៅមានរចនាសម្ព័ន្ធ ជាច្រើនទៀត ដែលមិនទាន់បានជួសជុល ហើយទាមទារ ការអភិរក្សជួសជុល ជាបន្តទៀត។

ចាប់ពីឆ្នាំ១៩៩៤មក អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចថែរក្សា គ្រប់គ្រង រៀបចំតំបន់រមណីយដ្ឋានអង្គរ ក៏បានធ្វើការជួសជុល និងអភិរក្សប្រាសាទបន្ទាយស្រី ដោយអ្នកជំនាញខ្មែរ ដូចជារៀបចំគំនរថ្ម ផ្តែរ ហោរជាង ដែលធ្លាក់រប៉ាត់រប៉ាយ ឱ្យមានរៀបរៀបរយ ជួសជុលខ្លោងទ្វារ បោចស្មៅលើប្រាសាទ ថែរក្សាបរិស្ថាន ជាដើម។ លើសពីនេះ ក៏បានរៀបចំទិសដៅ ទស្សនា អាហារដ្ឋាន កន្លែងលក់ដូរ ចំណតយានយន្ត គ្រប់ប្រភេទ ឱ្យមានសណ្តាប់ធ្នាប់ល្អ បញ្ជរទទួលភ្ញៀវ កន្លែងសង្គ្រោះបឋម ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ និងបង្កើតក្រមប្រតិបត្តិអង្គរ ឱ្យភ្ញៀវគោរពតាមផងដែរ។ លើសពីនេះទៅទៀត មានផ្លូវខ្វាត់ខ្វែង អមដោយទេសភាព ពណ៌បៃតងស្រស់បំព្រង នារដូវវស្សា ពិតជាគួរឱ្យគយគន់ និងផ្តិតយករូបភាពទុក។

ចំពោះកន្លែងទស្សនាវិញ ក្រៅពីមានប្រាង្គប្រាសាទ ដ៏ល្អវិសេសវិសាល និងមានភាពល្បីល្បាញ ក្នុងប្រវត្តិសាស្ត្រហើយនោះ អ្នកទេសចរ ប្រហែលមិនដឹងទេថា នៅទីនោះ មានកន្លែងទស្សនាជាច្រើន ដូចជា កន្លែងតាំងពិព័រណ៍ ដែលមានតាំងបង្ហាញ ពីការរុករកឃើញប្រាសាទ ការធ្វើកំណាយ ជាដើម។ នៅមានកន្លែងមើលសត្វ ជិះទូកកម្សាន្ត ស្ទូចត្រី ទស្សនាធម្មជាតិ ថែមទៀត។ ចំណុចទាំងនេះហើយ ដែលធ្វើឱ្យបុរាណដ្ឋាន ប្រាសាទបន្ទាយស្រី ទទួលបានការទាក់ទាញ ការកោតសរសើរ យ៉ាងខ្លាំងពីសំណាក់ អ្នកទេសចរជាតិ-អន្តរជាតិ បើទោះបីប្រាសាទ មានបរិវេណតូចចង្អៀតក៏ដោយ។

ប្រភព៖SPKT LIV