ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វី​បាន​ខ្មែរ​ពាក់ឆៀង​ខ្វែង​លើ​ដងខ្លួន ?

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 137
ហេតុអ្វី​បាន​ខ្មែរ​ពាក់ឆៀង​ខ្វែង​លើ​ដងខ្លួន ? ហេតុអ្វី​បាន​ខ្មែរ​ពាក់ឆៀង​ខ្វែង​លើ​ដងខ្លួន ?

រាល់​ការសិក្សា​ស្វែងយល់​អំពី​ការវិវត្ត​នៃ​របៀបរបប​រស់នៅ ប្រពៃណី ទំនៀមទម្លាប់​របស់​ជ​ន​ជាតិខ្មែរ ត្រូវ​ផ្អែកលើ​តឹកតាង តាម​សម័យកាល​នីមួយៗ​នៃ​ប្រវត្តិសាស្ត្រ​។ ថ្វី​ត្បិត​ឫសកែវ (​មន​-​ខ្មែរ​) នៃ​ប្រពៃណី​ខ្មែរ​បច្ចុប្បន្ន​មួយចំនួន ត្រូវបាន​រកឃើញ​កន្ល​ង​មក​ក្តី ក៏​នៅមាន​ប្រពៃណី​ជា​ប្រជាប្រិយ​ជាច្រើន​ទៀត ដែល​យើង​ពុំទាន់​សិក្សា​ពិនិត្យ​នៅឡើយ​ដែរ​។​

​គោលបំណង​ធំ​របស់​អត្ថបទ​នេះ គឺ​ការ​រំលេច​នូវ​ប្រពៃណី​មួយ ដែលជា​សារជាតិ​នៃ​ផ្នត់គំនិត​របស់​ខ្មែរ ដោយ​ផ្សារភ្ជាប់​ប្រពៃណី​ពាក់ឆៀង​ខ្វែង​ខ្មែរ ទៅនឹង​ប្រពៃណី​បងប្អូន​ខ្មែរ​ដើម​ភាគតិច (​ព្នង និង កា​ទុ​/Katu) ដែល​សម័យកាល​មិនទាន់​កែប្រែ​ទាំងស្រុង​នៅឡើយ​។ ជាការ​ពិតណាស់ ដើម្បី​ស្វែងយល់​អំពី​ប្រភព និង​អត្ថន័យ​របស់​ប្រពៃណី​ណាមួយ ដែលជា​កញ្ចក់​សម្តែង​ពី​ទឹកចិត្ត និង​ជំនឿ ដាច់ខាត គេ​ត្រូវ​ស្គាល់​សង្គម​នោះ​ឲ្យ​បាន​។​

​ជាបឋម ត្រូវ​ជ្រាបថា ការ​លើកយក​ប្រធានបទ​នេះ​មក​ធ្វើការ​វិភាគ ហាក់បី​ជា​រឿង​ចម្លែក​មួយ ក៏ប៉ុន្តែ​ផ្អែកលើ​មូលដ្ឋាន​ជាតិពន្ធុ​ដ៏​ជាក់លាក់ បញ្ហា​នេះ មិនមាន​អាថ៌កំបាំង​អ្វី​សោះឡើយ​ទេ​។ ព្រោះ​ការនិយម​ឆៀង​ខ្វែង គឺជា​សម្បត្តិ​វប្បធម៌​របស់​អម្បូរ​មន​-​ខ្មែរ ដែល​ក្នុងនោះ​មាន​ជនជាតិខ្មែរ​ផងដែរ​។ ម្ល៉ោះហើយ គួរ​គប្បី​យើង​ចងក្រង​មរតក​វប្បធម៌​នេះ ដែលជា​សម្បត្តិ​វប្បធម៌​របស់​ប្រជាជន​ខ្មែរ នា​សម័យបុរាណ​ឡើងវិញ​កុំ​ឲ្យ​បាត់បង់​។​

ដូច្នេះ រាល់​ការស្រាវជ្រាវ ដែល​មិនបាន​ផ្តើមចេញពី​កត្តា​នេះ មិនអាច​នាំ​ឆ្ពោះទៅរក​លទ្ធផល​ជា​វិជ្ជមាន​បានឡើយ​។ ហើយ​នេះ​ជា​កំហុស​របស់​អ្នកស្រាវជ្រាវ​ខ្មែរ និង​បរទេស​មួយចំនួន ដែល​ខ្វះ​ទស្សនៈ​ទូលំទូលាយ​។ ជាងនេះទៅទៀត ការសិក្សា​ផ្នត់គំនិត​ខ្មែរ​មិនអាច​ផ្តាច់​ចេញពី​បរិស្ថាន​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​នៃ​ជនជាតិខ្មែរ តាំងពី​បុរាណកាល ដែល​បាន​ផ្តល់កំណើត​ឲ្យ​សហគមន៍​មន​-​ខ្មែរ និង​ខ្មែរ​។​

​បើ​សម្លឹង​លើ​ទិន្នន័យ​វិទ្យាសាស្ត្រ ដែល​យើង​បាន​ប្រមែប្រមូល​មក ដើម្បី​សិក្សា​វិភាគ យើង​អាច​ឃើញ​ប្រពៃណី​ពាក់ឆៀង​ខ្វែង​នេះ បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​វិវត្តន៍​ធំៗ​ពីរ គឺ សម័យ​បុរេប្រវត្តិសាស្ត្រ និង​សម័យ​ប្រវត្តិសាស្ត្រ​។​

​ចំពោះ​ការតុបតែង​លំអ​រូង​រាងកាយ ក្នុងដំណាក់កាល​ទី​១ នេះ យើង​សូមបញ្ជាក់ថា យើង​ពុំទាន់​រកឃើញ​នូវ​តឹកតាង​ណាមួយ​ឲ្យ​បានច្បាស់លាស់ ស្តីពី​ការនិយម​ឆៀង​ខ្វែង​នេះ​នៅឡើយ​។ តែ​យើង​អាច​គិតថា វា​ពិត​ជាមាន​តាំង​ពីមុន​សម័យ​ប្រវត្តិសាស្ត្រ​យ៉ាង​ប្រាកដ​។

​សម័យ​នគរ​ភ្នំ ដែលជា​សម័យកាល​ទី​២​នៃ​សកលភាវូបនីយកម្ម ឬ​ឥណ្ឌូ​រូបនីយកម្ម វិស័យ​សិល្បៈ​ខ្មែរ​មាន​លក្ខណៈ​ច្បាស់លាស់​ជាង​សម័យមុន ដែលជា​សម័យ​បុរេប្រវត្តិសាស្ត្រ​។ ហើយ​ក្នុងសម័យ​សម័យកាល​នេះហើយ ដែល​យើង​បានឃើញ​កេរដំណែល​អរូបី​យ នា​សម័យ​បុរេប្រវត្តិសាស្ត្រ ដែល​ត្រូវ​កប់​យ៉ាងជ្រៅ​ក្នុង​ផ្នត់គំនិត​មនុស្ស ត្រូវបាន​ស្តែងចេញ​ជា​លើកដំបូង​បង្អស់ នៅ​អង្គរបុរី តាមរយៈ​ចម្លាក់​ពីរ នា​សម័យ​នគរ​ភ្នំ មួយ​ជា​ត្បូងចិញ្ចៀន ធ្វើ​អំពី​កែវ តំណាង​ឲ្យ​ហនុមាន ក្នុងឋានៈ​ជា​មេទ័ព និង​មួយទៀត ធ្វើ​អំពី​ដី​ដុត តំណាង​ឲ្យ​ខ្មោច​បិសាច ជា​ភស្តុតាង​ស្រាប់​។ សម័យ​វប្បធម៌​ហ្វូ​-​ណន​ត្រូវបាន​គេ​ចាត់ទុកថា សម័យកាល​មួយ​ដែល​សិល្បៈ​ខ្មែរ​ត្រូវបាន​ចាប់កំណើត ឬ​បង្កើតឡើង ហើយ​ប្រកបដោយ​លក្ខណៈ​សំយោគ​រវាង​ធាតុ​ខ្មែរ និង​ឥណ្ឌា​។ ហើយ​ទោះបីជា​សម័យ​ទំនើប​នេះ មាន​ភាពជឿនលឿន ប្រែប្រួល​យ៉ាងណាក្តី ក៏ប៉ុន្តែ ការនិយម​ពាក់ឆៀង​ខ្វែង នៅតែ​ពេញនិយម​នៅតាម​តំបន់​ជនបទ​ខ្លះ​។​

​ពាក់ព័ន្ធ​ទៅនឹង​សម័យអង្គរ អ្នកស្រាវជ្រាវ​ខាង​វប្បធម៌ អារ្យធម៌​ខ្មែរ​ជាច្រើន​ជំនាន់​មកហើយ បាន​ចាប់អារម្មណ៍​លើ​ការនិយម​ឆៀង​ខ្វែង​នេះ ដោយ​មេទ័ព​ខ្មែរ​នា​សម័យ​វប្បធម៌​បាយ័ន ក៏ប៉ុន្តែ​ពួកគេ​គ្រាន់តែ​មិនបាន​នឹកស្មានថា ប្រពៃណី​នេះ​បាន​មានជីវិត​រស់នៅ​រហូត​ដល់​សព្វថ្ងៃនេះ ដោយសារតែ​ពួកគេ​មិនបាន​ធ្វើការ​ពិចារណា​ស៊ីជម្រៅ​លើ​ខឿនវប្បធម៌​ខ្មែរ​ប៉ុណ្ណោះ​។ ឧទាហរណ៍​ជាក់ស្តែង​មួយ យើង​តែងតែ​សង្កេតឃើញ​ដោយ​សេចក្តី​រន្ធត់ចិត្ត​នូវ​និរន្តរភាព​ព្រះ​ពោធិសត្វ​ស្រី​អារ្យ​មេ​ត្រៃ ខ្មែរ​សព្វថ្ងៃនេះ ទ្រង់​គ្រង​ឆៀង​ខ្វែង ដែលមាន​ដូចគ្នា​មេទ័ព​ខ្មែរ​នា​សម័យអង្គរ​។​

​ឆៀង​ខ្វែង សព្វថ្ងៃ ដែល​ប្រើប្រាស់ ដោយ​សហគមន៍​មន​-​ខ្មែរ​មួយចំនួន ដូច​ពួក​កា​ទុ (Katu) នៅ​ប្រទេស​វៀតណាម​ខាងត្បូង ត្រូវបាន​ចាត់ទុកថា ជា​សម្លៀកបំពាក់​ការពារ​មួយ ប្រកបដោយ​មហិទ្ធិឫទ្ធិ​អា​ស្ចា​រ្យ​។ គឺ​គំនិត​ការពារ និង​ឧបទ្រពចង្រៃ និង រាល់​កម្លាំង​អវិជ្ជមាន​ដែល​អាច​យាយី​ដល់​អាយុជីវិត​នេះហើយ ដែលជា​មូលដ្ឋាន​ក្នុងការ​បង្កើតឡើង​នូវ​វត្ថុ​សិល្បៈ​គ្រប់​ប្រភេទ ដូចជា​ចម្លាក់​ស្មិត តម្បាញ​ជាដើម សម្រាប់​ប្រើប្រាស់​ហើយ​ក្លាយទៅជា​ប្រពៃណី​ប្រជាប្រិយ​។​

​មួយវិញទៀត ត្រូវ​ជ្រាបថា ការយក​ឆៀង​នេះ​មក​តុបតែង ឬ​ធ្វើជា​សម្លៀកបំពាក់ ក្រៅពី​សោ​ភណ្ឌ​ភាព ក៏​បង្កប់​នូវ​ជំនៀ​លើ​អច្ឆរិយៈ​ភាព​បន្ថែមទៀត ដែលជា​តថៈ​ភាព​របស់​ប្រព័ន្ធ​មនោគមវិជ្ជា​សាសនា​របស់​សហគមន៍​មន​-​ខ្មែរ និង​ខ្មែរ​។​

​សព្វថ្ងៃនេះ ដូច​ទើប​ពោល​នៅ​ខាងលើ ក្រោយពី​សម័យអង្គរ ការនិយម​ឆៀង​ខ្វែង​ត្រូវបាន​ឈប់​ពេញនិយម ដោយសារតែ​ការប្រែប្រួល​របស់​សង្គម ក៏ប៉ុន្តែ​មិនទាន់​រលត់​សាប​សូន​ទាំងស្រុង​នៅឡើយ​ដែរ​។ ហើយ​ដោយសារតែ​ការកំណត់​ក្នុង​ផ្នត់គំនិត​របស់​មនុស្ស​ខ្មែរ បានជា​សិប្បករ​ខ្មែរ​បាន​ឆ្លាក់​ពុទ្ធបដិមា​តំណាង​ឲ្យ​ព្រះ​ស្រី​មេ​ត្រៃ​គ្រង​ឆៀង​ខ្វែង​។ មានន័យថា ដូច​សម័យមុនៗ សិល្បករ​ខ្មែរ​សព្វថ្ងៃ​បាន​ផ្សារភ្ជាប់​អតីតកាល​ទៅ​និង​បច្ចុប្បន្នភាព ពោលគឺ វិ​រ​បុរស​ខ្លាំងពូកែ អង់អាច ក្លាហាន និង​ព្រះអាទិទេព មាន​ប្រភពពី​ឥណ្ឌា​តាមរបៀប​ខ្មែរ​។ ហើយ​ខាងលើនេះ គឺជា​ទស្សនៈទាន​របស់​យើង​ដោយផ្ទាល់​។​

​ត្រង់​នេះហើយ ដែល​ធ្វើ​ឲ្យ​យើង​អាច​និយាយបានថា ការដែល​ប្រពៃណី​ពាក់ឆៀង​ខ្វែង​នេះ ត្រូវបាន​បន្ត​ដោយ​សហគមន៍​មន​-​ខ្មែរ ឬក៏​មនុស្ស​ខ្មែរ​មួយចំនួន ក៏​អាស្រ័យ​មកពី​ភាពរឹងមាំ ពោលគឺ ឧត្តមភាព ឬ​ភាព​កំពូល​ដ៏​យូរអង្វែង​មកហើយ ទោះបីជា​សង្គម​ខ្មែរ​បាន​ប្រឈមមុខ​នឹង​ការប្រែប្រួល​ឥតឈប់ឈរ​ក្តី​៕

ប្រភព៖ http://dnt-news.com

អត្ថបទទាក់ទង