ខ្មែរប៉ុស្ដិ៍ Close

ក្នុងរយៈពេលនៃការឈឺស្មាជាង ១០ថ្ងៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេច និងចុះហត្ថលេខាលើឯកសារជាង ៣០០ច្បាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 1555

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ក្នុងរយៈពេលជាង ១០ថ្ងៃនៃការសម្រាកពីការងារផ្សេងៗ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដោយសារតែការឈឺស្មានោះ លោកបានសម្រេច និងចុះហត្ថលេខាលើឯកសារជាង ៣០០ច្បាប់។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ទៀតថា បើទោះបីស្មារបស់លោកឈឺ តែម្រាមដៃរបស់លោកមិនឈឺនោះឡើយ។

ជាមួយរូបភាពមួយសន្លឹកនៅក្នុងបន្ទប់ធ្វើការ អមដោយចៅតូចៗប្រុសស្រី៥នាក់ ដែលបង្ហោះលើ Facebook នៅល្ងាចថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

«នៅកន្លែងដែលខ្ញុំអង្គុយនេះមានឯកសារពី ៣០ ទៅ៥០ច្បាប់ក្នុងមួយថ្ងៃ ដែលខ្ញុំត្រូវពិនិត្យសម្រេច ឬចុះហត្ថលេខា។ ប្រសិនបើឯកសារទាំងនោះ មិនត្រូវបានអនុម័តពីខ្ញុំទេបណ្តាស្ថាប័ននឹងត្រូវរង់ចាំ»។

លោកបាន បញ្ជាក់បន្ថែមថា៖

«ជាង១០ថ្ងៃដែលខ្ញុំឈឺស្មាខ្ញុំបានពិនិត្យរបាយការណ៍ ផ្តល់ការណែនាំ សម្រេច និងចុះហត្ថលេខាលើឯកសារប្រមាណជាង ៣០០ច្បាប់ ព្រោះម្រាមដៃខ្ញុំមិនឈឺជាមួយស្មានោះឡើយ»។

សារនៅលើ Facebook ថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលេចឱ្យដឹងផងដែរថា ជារៀងរាល់ថ្ងៃមានចៅៗមកសម្រាក និងមកលេងជាមួយលោក និងភរិយា។ ប៉ុន្តែល្ងាចនេះចម្លែកមានចៅ៥នាក់ អមដំណើរលោកមកការិយាល័យ៕

អត្ថបទទាក់ទង