ខ្មែរប៉ុស្ដិ៍ Close

សារគន្លឹះដ៏សំខាន់ចំនួន២ ត្រូវបានរំលេចឡើងក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 59
សារគន្លឹះដ៏សំខាន់ចំនួន២ ត្រូវបានរំលេចឡើងក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក សារគន្លឹះដ៏សំខាន់ចំនួន២ ត្រូវបានរំលេចឡើងក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២៦ ដែលប្រារព្ធឡើងនៅថ្ងៃទី៣ ខែឧសភានេះ បានគូសបញ្ជាក់ក្នុងសារលិខិតរបស់លោកនូវចំណុចសំខាន់ជាគន្លឹះចំនួន២ ដែលត្រូវបានគេសង្កេតឃើញថាបានកើតឡើង និងកំពុងបន្តកើតឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រទេសកម្ពុជា ជុំវិញវិស័យសារព័ត៌មាន។

សារគន្លឹះសំខាន់ចំនួន២ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី រំលេចឡើងក្នុងសារលិខិតរបស់លោក ត្រូវបានមើលឃើញថាក្នុងន័យអំពាវនាវ និងក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ ទាំងជាតិ និងអន្តរជាតិឱ្យមានការកែលម្អ និងអភិវឌ្ឍន៍ខ្លួនឡើងវិញ ដើម្បីជៀសវាងពីស្ថានភាពដដែលៗដែលបង្កផលប៉ះពាល់ដល់សង្គមកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។

សារគន្លឹះទី១

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យអ្នកសារព័ត៌មានត្រូវមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ ដោយត្រូវក្លាហានហ៊ាននិយាយការពិត ធ្វើការរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិតដើម្បីឱ្យព័ត៌មានរបស់ខ្លួនក្លាយជាព័ត៌មានពិត។

សារគន្លឹះទី២

លោកនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងជាតិ និងបរទេសដែលកំពុងបំពេញការងារក្នុងប្រទេសកម្ពុជា និងកំពុងបំពេញការងារនៅបរទេសក្តី សូមអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងដោយមិនបានផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ការផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំប៉ោងសភាពការណ៍ និងបន្តុះបង្អាប់ ការញុះញង់អុជអាលឱ្យមានការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ បង្កឱ្យមានការបែកបាក់ បង្កឱ្យមានទំនាស់ជាមួយបរទេស ដែលធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ស្របពេលដែលកម្ពុជាកំពុងបើកទូលាយនៅសេរីរភាពសារព័ត៌មាន ដែលបានធ្វើឱ្យវិស័យនេះកំពុងរីកចំរើនលូតលាស់យ៉ាងឆាប់រហ័ស គប្បីអ្នកសារព័ត៌មានត្រូវតែខិតខំអភិវឌ្ឍន៍ខ្លួនឱ្យមានសមត្ថភាពក្នុងការវិភាគសភាពការណ៍ទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិឱ្យបានស៊ីជម្រៅ ដើម្បីដើរទាន់ការវិវឌ្ឍសភាពការណ៍ទាំងក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក និងត្រូវចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិមួយចំនួន ដើម្បីបំរើមហិច្ឆតាលោភលន់របស់ខ្លួន កំពុងតែគំរាមកំហែងសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅលើសកលលោកទាំងមូល៕

អត្ថបទទាក់ទង