ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់វិនិយោគគិននៅកម្ពុជា កុំមានការព្រួយបារម្ភចំពោះបញ្ហា COVID-19

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់វិនិយោគគិននៅកម្ពុជា កុំមានការព្រួយបារម្ភចំពោះបញ្ហា COVID-19 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់វិនិយោគគិននៅកម្ពុជា កុំមានការព្រួយបារម្ភចំពោះបញ្ហា COVID-19

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ដល់វិនិយោគគិនទាំងអស់នៅកម្ពុជា កុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហា COVID-19 ព្រោះកម្ពុជាកំពុងមានវិធានការទប់ស្កាត់ហើយ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងខណៈដែលលោកអនុញ្ញាតឲ្យលោក តាកាហាស៊ី ហ្វ៊ូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

លោក អ៊ាងសុផល្លែត ជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា លោកតាកាហាស៊ី បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យនាវា Westerdam បានចូលចតនៅក្រុងព្រះសីហនុ កាលពីពេលកន្លងទៅនេះ ដែលនៅលើនាវានោះ ក៏មានជនជាតិជប៉ុនផងដែរ ហើយជនជាតិជប៉ុនទាំងនោះ ក៏បានវិលត្រឡប់ទៅកាន់ ប្រទេសជប៉ុនវិញ ដោយសេចក្ដីសុខ។

លោក តាកាហាស៊ី ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីស្ថានភាពទូទៅ ពាក់ព័ន្ធនឹងជំងឺខូវីដនៅប្រទេសជប៉ុន រួមទាំងករណីជំងឺខូវីដ នៅលើកប៉ាល់ Diamond Princess ហើយលោក ក៏បានជម្រាបជូនលោកផងដែរថា ប្រតិភូដែលលោកនាំមកកម្ពុជាពេលនេះ គឺជាប្រតិភូ អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹក នៅក្នុងការវិនិយោគនៅក្នុងកម្ពុជា ទី១៖ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មី ដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២៖ ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាងកាយ, ទី៣៖ គឺការជំរុញការវិនិយោគពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យមានភាពសកម្មឡើងថែមទៀត។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក តាកាហាស៊ី ដែលបានចែករំលែក នូវព័ត៌មានពាក់ព័ន្ធជាមួយនឹងជំងឺខូវីត។ លោកនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូទាំងមូលអំពីស្ថានភាពជាទូទៅនៃជំងឺកូវីដ ដែលទើបតែនឹងកើតឡើង នៅកម្ពុជារយៈពេលថ្មីៗនេះប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាជំងឺកូវីដ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច ក្នុងនេះដែរ លោកក៏បានជម្រាបជូន ប្រតិភូអំពីវិធានការទប់ស្កាត់ បញ្ហាក្នុងករណីដែលមានជំងឺខូវីដនេះ រយៈពេលខ្លី៦ខែ និងរយៈពេលវែង ដោយលោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា បានមានផែនការរួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហាជំងឺនេះ ក្នុងករណីដែលជំងឺនេះ នៅមានក្នុងរយៈពេលវែងឬក៏ខ្លីនៅកម្ពុជា ឬនៅលើពិភពលោក។

យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ អ្នកវិនិយោគដែលកំពុងវិនិយោគនៅកម្ពុជា និងអ្នកវិនិយោគ ដែលទើបមកជួបលោក នៅពេលនេះ ដោយសុំកុំឲ្យមានការភ័យបារម្ភអ្វី លើបញ្ហាដែលកំពុងតែជួបប្រទះនេះ ព្រោះកម្ពុជាគឺកំពុងតែ មានវិធានការទប់ស្កាត់ហើយ៕

អត្ថបទទាក់ទង