ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាខែលបិទបាំងមហិច្ឆតាពិសពុលរបស់បរទេសក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 53
ទស្សនៈមិត្តអ្នកអាន៖ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាខែលបិទបាំងមហិច្ឆតាពិសពុលរបស់បរទេសក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ទស្សនៈមិត្តអ្នកអាន៖ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាខែលបិទបាំងមហិច្ឆតាពិសពុលរបស់បរទេសក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ

សហភាពអឺរ៉ុប(EU) កាលពីថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសវៀតណាមដែលគ្មានរបាំងពន្ធគយ ពោលគឺមានទំហំធំជាង EBA ដែលបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជាទៀតផង។ សហភាពអឺរ៉ុបដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបែរជាទៅចាប់ដៃធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសដែលខ្លួនពីដើមរៀងមកចាត់ទុកថា ជាប្រទេសកុម្មុយនិស្ត ផ្តាច់ការ គ្មានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅវិញ។ ត្រង់ចំណុចនេះ គេអាចគិតយល់បានភ្លាមថា ផលប្រយោជន៍ គឺជារឿងធំបំផុតមិនថា សេដ្ឋកិច្ច ឬភូមិសាស្ត្រ នយោបាយនោះឡើយ ទើបគេសុខចិត្តបិទភ្នែករឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមែនមកពីប្រទេសវៀតណាមមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សល្អជាងប្រទេសកម្ពុជាទេ។

បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អាចនិយាយបានថា ក្នុងចំណោមប្រទេសអាស៊ាន កម្ពុជាអនុវត្តបានល្អប្រសើរជាងគេ។ កម្ពុជា ប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានការបោះឆ្នោតយ៉ាងទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាដើម ចាប់តាំងពីឆ្នាំ១៩៩៣មក។ ជាក់ស្តែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ មានការចូលរួមពីគណបក្សនយោបាយចំនួន២០ និងមានអ្នកចេញទៅបោះឆ្នោតរហូតដល់ទៅ ៨៣,២% ជាតួលេខមួយដ៏ខ្ពស់បំផុតបើធៀបនឹងប្រទេសមួយចំនួន ដែលបានអនុវត្តលទ្ធិប្រជាធិបតេយ្យជាយូរមកហើយ ដោយមិននិយាយពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមានចំនួនរាប់ពាន់នាក់ចូលរួមឃ្លាំមើលការបោះឆ្នោតនេះ។ ចំណុចពិសេសមួយទៀតនោះ ការបោះឆ្នោតនេះគ្មានទេ អំពើហិង្សា និងការគំរាមកំហែង សូម្បីតែមួយករណី។

កម្ពុជា ត្រូវបានចាត់ទុកថា ជាឋានសួគ៌ានៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាពីបរទេស ហើយមិនដែលរាយការណ៍មករដ្ឋាភិបាលអំពីប្រភពថវិកាទេ។ បច្ចុប្បបន្ន អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានជាង ៥៤០០ មានទាំងអង្គការធ្វើការងារដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យជាដើម។

បើនិយាយពីសេរីភាពសារព័ត៌មាន កម្ពុជាមានកាសែតចំនួន៥៥០ វេបសាយចំនួន១៤៨ ស្ថានីយ៍វិទ្យុចំនួន២១១ ទូរទស្សន៍ចំនួន២១ ទូរទស្សន៍ខ្សែកាបចំនួន១១៣ និងសមាគមន៍អ្នកសារព័ត៌មានចំនួន៣៩។ ប្រជាជនកម្ពុជាមានសិទ្ធិទទួលបានព័ត៌មានពីគ្រប់ប្រភព គ្រប់រូបភាព និងមានសិទ្ធិបញ្ចេញមតិលើគ្រប់ប្រធានបទ ពិសេសការបញ្ចេញទស្សនៈ ឬមតិយោបល់លើបណ្តាញសង្គមនានា មាន Facebook, Instagram, Youtube ជាដើម។ ទោះយ៉ាងណារាល់ការបញ្ចេញមតិទាំងអស់ ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងត្រូវចែកឲ្យដាច់ពីគ្នារវាងសិទ្ធិបញ្ចេញមតិ និងការជេរប្រមាថ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការបង្ខូចកេរ្តិ៍ឈ្មោះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ការអំពាវនាវរំលំរដ្ឋាភិបាលស្រប់ច្បាប់ដែលអាចនាំមកនូវភាពចលាចល និងការបែកបាក់សង្គម។

ខាងលើនេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ ក្នុងចំណោមបញ្ហាជាច្រើនទៀតដែលកម្ពុជាអនុវត្តបានល្អ និងទទួលបានការសាទរពីអន្តរជាតិ។ ទោះជា កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដោយប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស មានការបោះឆ្នោតជាទៀងទាត់ និងការគោរពសិទ្ធមនុស្សយ៉ាងណាក៏ដោយ ក៏នៅតែមិនត្រូវទទួលបានការស្វាគមន៍ពីបរទេសមួយចំនួនតូច ដែលមានមហិច្ឆតាជ្រៀតជ្រែកកកូរកកាយកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។ ផ្ទុយទៅវិញពួកគេបានដាក់គំនាបមកលើកម្ពុជាដោយអះអាងថា កម្ពុជាបានដើរថយក្រោយលើបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

មែនទែនទៅ បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាខែលបិទបាំងមហិច្ឆតាពិសពុលរបស់ពួកគេក្នុងការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ បញ្ហាសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យត្រូវបានគេមើលឃើញជាបញ្ហាដ៏ពេញនិយមរបស់ប្រទេសលោកសេរី តែងតែយកធ្វើជាលេស ដើម្បីគំរាមដាក់ និងដាក់ទណ្ឌកម្ម ឬឈានដល់ផ្តួលរំលំរបបដឹកនាំនៅបណ្តាប្រទេសមួយចំនួនថែមទៀតផង។ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចគ្នាផងដែរ បញ្ហាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ ក្លាយទៅជាចំណោទបញ្ហាមួយដែលលោកសេរីមួយចំនួនទៀតយកធ្វើបញ្ហាវាយប្រហារលើរដ្ឋាភិបាលកម្ពុជា។ យ៉ាងណាក៏ដោយចុះ សម័យកាលបច្ចុប្បន្ននេះ ជាសម័យកាលដែលប្រទេសទាំងអស់នៅលើពិភពលោកពឹងផ្អែកគ្នាទៅវិញទៅមក ហើយផ្នត់គំនិតចាប់បង្ខំដ៏ចាស់គំរិលនោះ គួរតែត្រូវបានបញ្ចប់។ ប្រទេសតូច ប្រទេសធំ ត្រូវតែរួមគ្នាគោរព និងលើកតម្កើងវិធាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលចែងពីការគោរពគ្នា និងមិនជ្រៀតជ្រែកគ្នា។

សរុបមកវិញ ការប្រកាសជំហរដ៏ហ្មឹងម៉ាត់ដាច់អហង្ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនយកអធិបតេយ្យជាតិទៅប្តូរនឹងជំនួយ គឺពិតជាត្រឹមត្រូវណាស់ ពីព្រោះ ជោគវាសនារបស់កម្ពុជា វាអាស្រ័យលើខ្មែរខ្លួនឯងជាអ្នកកំណត់តែប៉ុណ្ណោះ។ ដើម្បីរស់ដោយខ្លួនឯងបាន កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំប្រឹងប្រែងប្រមូលកៀរគរជំនួយ និងវិនិយោគមកពីគ្រប់ទិសទីដោយមិនរើសអើងប្លុកកុម្មុយនិស្ត ឬសេរីឡើយ សំខាន់ឲ្យតែមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារខ្មែរ។ ផ្ទុយទៅវិញការពឹងលើបរទេស ហើយបើកដៃឲ្យបរទេសលូកដៃកកូរកកាយផ្ទៃក្នុងប្រទេសខ្លួនឯង នោះលទ្ធផលចុងក្រោយយើងគួររៀនសូត្រ និងដកពិសោធន៍ពីប្រទេសទុយនេស៊ី ស៊ីរី លីប៊ី អេហ្ស៊ីប ។ល។ ពោលគឺគ្មានអ្វីក្រៅពីភាពខ្ទេចខ្ទាំ និងសង្គ្រាមវិនាសកម្មគ្រប់បែបយ៉ាង៕
ដោយ៖ សេង កំពូល