ខ្មែរប៉ុស្ដិ៍ Close

ខេត្តស្វាយរៀង ប្រារព្ធខួប «ទិវាជាតិនៃការចងចាំ» ២០ ឧសភា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 64

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប «ទិវាជាតិនៃការចងចាំ» ស្ថិតនៅបរិវេណស្តូបគោរពវិញ្ញាណក្ខ័ន្ត ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងពិធីនេះមានសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រី ប្រធានមន្ទី-អង្គភាពនានាជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្ស និស្សិត យុវជន ស.ស.យ.ក ខេត្ត យុវជនកាកបាទ ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធទាំងបី សរុបចំនួន៨២៩អង្គ/នាក់។

មានប្រសាសន៍នៅក្នុងពិធីនេះ លោកអភិបាលខេត្ត បានលើកឡើងនូវខ្លឹមសារសំខាន់ៗដើម្បីរំលឹកនូវប្រវត្តិសាស្ត្រជូរចត់របស់ប្រជាជនកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាសារមួយនៃការចងចាំដល់ប្រជាពលរដ្ឋកម្ពុជាផងដែររួមមាន៖

  • ១. ចងចាំជានិច្ចនូវសោកនាដកម្មរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃដែលបានប្រព្រឹត្តឡើងដោយពួកប្រល័យពូជសាសន៍ប៉ុលពតមកលើប្រទេសកម្ពុជា។
  • ២. ដឹងគុណជានិច្ចដោយមិនអាចបំភ្លេចបាននូវទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសឲ្យរស់រានមានជីវិតឡើងវិញ។
  • ៣. ប្រែក្លាយស្មារតីចងកំហឹងឈឺចាប់ទៅជាការខិតខំប្រឹងប្រែងការពារ ស្ថាបនាមាតុភូមិកម្ពុជាឲ្យកាន់តែសម្បូរសប្បាយ និងរីកចម្រើនរុងរឿងជានិរន្តន៍។
  • ៤. ពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុងឲ្យរឹងមាំ និងប្តេជ្ញាឈរលើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងត្រៀមខ្លួនជានិច្ចចូលរួម និងអនុវត្តសំដៅការពារឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
  • ៥. ប្រឆាំងដាច់ខាតចំពោះពួកជ្រុលនិយមមួយចំនួនដែលល្មោភអំណាច និងបំភ្លៃប្រវត្តិសាស្ត្រពិសេសទិវាជ័យជម្នះ៧មករា៕

អត្ថបទទាក់ទង