ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះ «ទិវាជាតិនៃការចងចាំ» មហាជនរាប់ពាន់នាក់ រួមគ្នាប្រារព្ធពិធីរំលឹកដល់អំពើឃោរឃៅរបស់ខ្មែរក្រហម នៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1099

ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩នេះ គឺជា «ទិវាជាតិនៃការចងចាំ» ដែលជាទិវាមួយរំលឹកដល់ទង្វើដ៏សែនព្រៃផ្សៃ និងឃោរឃៅបំផុតរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ និងធ្វើទារុណកម្មគ្មានត្រាប្រណី។

មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះទេ ការប្រារព្ធទិវានៃការចងចាំនៅឆ្នាំ២០១៩នេះ មហាជនរហូតរាប់ពាន់នាក់ ដែលដឹកនាំដោយថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ នឹងជួបជុំគ្នានៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯង ដឹកនាំដោយលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណប្សប្រជាជនកម្ពុជារាជធានីភ្នំពេញ, លោក ម៉ប សារិន អនុប្រធានគណៈកម្មាធិការគណប្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ដូចបណ្តាឆ្នាំកន្លងទៅដែរពិធីនៅថ្ងៃនេះ មានការសម្តែងនូវឈុតឆាកមួយចំនួនបង្ហាញទង្វើដ៏សែនព្រៃផ្សៃរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយនៅចុងក្រោយនៃកម្មវិធីមានពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃប្រមាណ ២០៧អង្គ ដើម្បីឧទ្ទិសកុសលដល់ប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងរបបពិឃាតឃោរឃៅនេះជាង២លាននាក់។

គួររំលឹកថា ទិវាចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបាន ហើយបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ ទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំនេះ ធ្វើ ឡើងដើម្បីលើកតម្កើង ការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិស ដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជន រងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ ផ្លូវចិត្ត និងផ្នែកសង្គមដល់ជន រងគ្រោះ និងក្រុមគ្រួសារចូល រួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី។

មាត្រា២ នៃអនុក្រឹត្យនេះ ចែងថា ទិវាជាតិនៃការចងចាំនេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវបាន ផ្តល់ឱកាសឲ្យរៀបចំពិធីតាមជំនឿសាសនា ឬទំនៀមទម្លាប់របស់ខ្លួន៕

អត្ថបទទាក់ទង