ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ានី ៖ សុខសន្តិភាព ស្ថិរភាពសង្គម មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
លោក ហ៊ុន ម៉ានី ៖ សុខសន្តិភាព ស្ថិរភាពសង្គម មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ លោក ហ៊ុន ម៉ានី ៖ សុខសន្តិភាព ស្ថិរភាពសង្គម មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា សុខសន្តិភាព ស្ថិរភាពសង្គម មានតម្លៃមិនអាចកាត់ថ្លៃបានចំពោះការអភិវឌ្ឍសង្គម ហើយបើគ្មានសុខសន្តិភាពគឺប្រទេសជាតិមិនអាចធ្វើការអភិវឌ្ឍអ្វីបានទំាងអស់ រាប់ទំាងផ្នែកធនធានមនុស្សផង។

លោកបានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសដឹកនាំគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញធ្វើការចុះសិក្សាស្វែងយល់ពីវឌ្ឍនភាព និងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងបញ្ហាប្រឈមមួយចំនួនរបស់អាជ្ញាធរខេត្តប៉ៃលិន ដែលជាខេត្តទី១៤ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងនោះមានវិស័យអប់រំ ធម្មការ វប្បធម៌ និងទេសចរណ៍ ដែលជាការងារបន្ទុករបស់គណៈកម្មការទី៧ ហើយនៅក្នុងបេសកកម្មនេះ ប្រតិភូគណៈកម្មការជំនាញនៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផងដែរ។

លោកក៏បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលខេត្តប៉ៃលិនសម្រេចបាន ព្រមទាំងបានគូសបញ្ជាក់ថា សមទ្ធិផលនានាដែលមាននៅក្នុងខេត្តប៉ៃលិន ក៏ដូចជានៅទូទំាងប្រទេស ដែលមានដូចជា អគារ ផ្លូវ ស្ពានថ្នល់ ហេដ្ឋារចនាសម្ព័ន្ធសង្គមតូចធំ មានការរីកដុះដាលជាបន្តបន្ទាប់ នេះគឺកើតចេញពីសុខសន្តិភាព ហើយសុខសន្តិភាព មិនមែនកើតបានដោយឯងៗនោះទេ គឺបានមកពីពលីកម្មរបស់យុវជនស្នេហាជាតិជំនាន់មុន ដូច្នេះយុវជនជំនាន់ក្រោយត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឲ្យគង់វង្សតទៅ។

ខណៈនោះ លោកក៏បានស្នើដល់អាជ្ញាធរខេត្តបន្តខិតខំបំពេញការងារឲ្យសកម្មថែមទៀត ដើម្បីឆ្លើយតបតម្រូវការសង្គម សេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ នៅក្នុងនោះការអភិវឌ្ឍ កសាងធនធានមនុស្សជារឿងសំខាន់ ហើយក្នុងឱកាសនោះផងដែរ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ក៏បានកត់សម្គាល់នូវបញ្ហាប្រឈមមួយចំនួនរបស់ខេត្តប៉ៃលិន ដោយបានសន្យាថា នឹងពាំនាំនូវផលលំបាកទាំងនោះជូនរាជរដ្ឋាភិបាលដោះស្រាយតាមរយៈប្រធានរដ្ឋសភា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី បាន ស្រីមុំ អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានស្នើឲ្យមន្ទីរអប់រំពង្រឹងការចុះអធិការកិច្ចតាមសាលាឲ្យបានទៀងទាត់ ហើយធ្វើយ៉ាងណាស្វែងយល់ពីទុក្ខលំបាករបស់លោកគ្រូ អ្នកគ្រូ ហើយបន្តលើកទឹកចិត្តពួកគាត់ ដើម្បីឲ្យពួកគាត់មានទឹកចិត្តរួមគ្នាផ្តល់ការអប់រំ កូនៗដែលជាអនាគតរបស់ខេត្តប៉ៃលិន។

ទន្ទឹមនឹងនោះ លោកស្រីក៏បានសំណូមពរឲ្យរដ្ឋបាលខេត្ត និងមន្ទីរអប់រំសហការគ្នា ថែរក្សាហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងសំណង់អគារនានាដែលជាអំណោយរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជននានា ដើម្បីជាការតបស្នងទឹកចិត្តគាំទ្រ និងយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំក្នុងខេត្តប៉ៃលិនទាំងមូល។

នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈកម្មការទី៧ នៃរដ្ឋសភានេះដែរ លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខេត្តប៉ៃលិន មិនខុសពីខេត្តនានានៅទូទាំងប្រទេសនោះទេ គឺទទួលបានការអភិវឌ្ឍ ហេដ្ឋារចនាសម័្ពន្ធសង្គមគ្រប់វិស័យ ហើយជីវភាពពលរដ្ឋមានការរីកចម្រើនជាលំដាប់ មិនថាវិស័យទាំង៤ និងវិស័យផ្សេងៗនោះឡើយ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្ននៅខេត្តប៉ៃលិន ១. វិស័យអប់រំ មានសាលារៀនចំនួន ៨៣សាលា ក្នុងនោះ មត្តេយ្យសិក្សាចំនួន ២៥សាលា បឋមសិក្សាចំនួន ៤៩សាលា អនុវិទ្យាល័យចំនួន ៧សាលា និងវិទ្យាល័យចំនួន ២សាលា ដោយមានសិស្សានុសិស្សសរុបចំនួន ១៥.៥១៩នាក់ ស្រី ៧.៥៩៤នាក់ និងបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ចំនួន ៧៥៣នាក់ ស្រី ៣៣៩នាក់ ២. វិស័យធម្មការ មានវត្តចំនួន ២៩ អាស្រម ចំនួន ២ និងមជ្ឈមណ្ឌលវិបសនា ចំនួន ១ ៣. វិស័យវប្បធម៌ មាន របាំក្ងោក តំបន់បបេតិកភ័ណ្ឌវប្បធម៌ភ្នំយ៉ាត និងវត្តកោងកាង ៤. វិស័យទេសចរណ៍ មានរម្មណីយ៍ដ្ឋានធម្មជាតិចំនួន ៣ រម្មណីយ៍ដ្ឋានកែច្នៃរចំនួន ២ កីឡាទេសចរណ៍ចំនួន ១៦ សណ្ឋាគារចំនួន ១១ ផ្ទះសំណាក់ចំនួន ១៩ និងអាហារដ្ឋានចំនួន ៥៩ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តនៅក្នុងខេត្តប៉ៃលិន៕

អត្ថបទទាក់ទង