ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺជាការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ កើតឡើងវិញនៅកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តាមរយៈបណ្តាញសង្គម ផ្លូវការ បានគូសបញ្ជាក់ថា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័ត កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមបានបន្តថា សេចក្តីព្រាងច្បាប់នេះ គឺជាការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ អាចវិលមកវិញនៅកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជា បានឆ្លងកាត់នូវសោកនាដកម្មប្រវត្តិសាស្រ្តដ៏ជូរចត់ កំសត់គ្រាំគ្រាជាទីបំផុតដែលប្រជាជនរងទុក្ខវេទនារកអ្វីប្រៀបផ្ទឹមពុំបាន។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា គ្មានក្រុមគ្រួសារខ្មែរណាមួយដែលពុំបានបាត់បង់សាច់ញាតិ ឬមិនបានរងការឈឺចាប់ពីសោកនាដកម្មដែលបង្កឡើងរបបដ៏សាហាវឃោឃៅនេះឡើយ។ យើងពិតជាមិនអាចទទួលយកបានឡើយនូវការជាន់ឈ្លីដែលកើតពីការមិនទទួលស្គាល់ ឬការបំផ្លើស បំភ្លៃ បំភ័ន្តការពិតនៃមហាសោកនាដកម្មដែលប្រទេសជាតិដ៏កំសត់របស់យើងបានឆ្លងកាត់នេះឡើយ។ ដូច្នេះ ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនិងដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសជាស្ថាពររួចហើយ គឺជាទង្វើអប្រិយ៍ជាន់ឈ្លីប្រវត្តិសាស្រ្ត និងបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលរងគ្រោះយ៉ាងអយុត្តិធម៌ដែលសង្គមជាតិមិនអាចលើកលែងទោសបានឡើយ។
ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបដែលមានសមាជិកគ្រួសារជាជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ដែរនោះ ឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសគាំទ្រជាឱឡារិកនូវច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដើម្បីផ្តល់នូវការគោរពដល់ជនរងគ្រោះ និងអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតដើម្បីរំដោះជាតិ សង្រ្គោះប្រជាជន និងស្វែងរកសន្តិភាពដ៏លំបាកលំបិនបំផុត៕