លោក ហ៊ុន ម៉ានី បង្ហោះសារប្រកាសគាំទ្រគោលជំហរ និងការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្តល់នូវក្របខណ្ឌរដ្ឋជូនដល់អតីតបុគ្គលិកវិទ្យុ VOD ដែលបានបាត់បង់ការងារធ្វើបន្ទាប់ពីវិទ្យុនោះត្រូវបានក្រសួងព័ត៌មានសម្រេចដកអាជ្ញាបណ្ណនោះ លោកបណ្ឌិត ហ៊ុន ម៉ានី បានបង្ហោះសារគាំទ្រគោលជំហរ និងការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា វិទ្យុ VOD ក្រោយពីផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសនៃប្រមុខរាជរដ្ឋាភិបាល និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយមិនបានធ្វើការកែតម្រូវ ឬសុំទោសឱ្យបានទាន់ពេលវេលានោះ ត្រូវបានក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល សម្រេចដកហូតអាជ្ញាបណ្ណ ពោលគឺបិទដំណើរការតែម្តង ក្រោយទុកពេលឱ្យសុំទោសជាសាធារណៈ នូវកំហុសរបស់ខ្លួន រយៈពេល៧២ម៉ោង ប៉ុន្តែប្រធានស្ថាប័ននេះមិនព្រមសុំទោស។
ដោយឡែកការផ្តល់ឱកាសការងារក្នុងក្របខណ្ឌរដ្ឋដល់អតីតបុគ្គលិកវិទ្យុនេះ គឺដោយសារតែមានក្តីសន្តោសពីអតីតបុគ្គលិក ដែលនឹងត្រូវបាត់បង់ការងារ ដោយសារតែកំហុសរបស់មេ ធ្វើឱ្យស្ថាប័ននេះត្រូវបិទ។ លោកបណ្ឌិត ហ៊ុន ម៉ានី បានបញ្ជាក់ក្នុងសារថា « ខ្ញុំសូមចូលរួមគាំទ្រចំពោះការសម្រេចចិត្តរបស់សម្តេចនាយករដ្ឋមន្រ្តី ក្នុងការគិតគូចំពោះពលរដ្ឋខ្មែរ ដែលជាអតីតបុគ្គលិកស្ថាប័នសារព័ត៌មាន VoD។ នេះជាការបែងចែកច្បាស់លាស់រវាងកំហុស (ស្ថាប័ន) និងការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋខ្លួន ក្នុងនាមជាអ្នកដឹកនាំ និងមើលថែជោគវាសនាប្រទេសជាតិមួយនេះ។ » ៕