ខ្មែរប៉ុស្ដិ៍ Close

លោក ស ខេង៖ ទោះក្រុមឧទ្ទាមប្រកាសធ្វើរដ្ឋប្រហារ បង្កភាពចលាចល ក៏បុណ្យជាតិប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
លោក ស ខេង៖ ទោះក្រុមឧទ្ទាមប្រកាសធ្វើរដ្ឋប្រហារ បង្កភាពចលាចល ក៏បុណ្យជាតិប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ លោក ស ខេង៖ ទោះក្រុមឧទ្ទាមប្រកាសធ្វើរដ្ឋប្រហារ បង្កភាពចលាចល ក៏បុណ្យជាតិប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានវាយតម្លៃថា ទោះបីជាឆ្នាំនេះ ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រព្រឹត្តឡើងក្នុងបរិបទមួយដែលមានក្រុមឧទ្ទាមប្រកាសបង្កចលាចលធ្វើរដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលក៏ដោយ ក៏បុណ្យជាតិកម្ពុជាយើង បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ល្អប្រសើរ ដោយបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពុំមានហេតុការណ៍អាក្រក់ណាមួយកើតឡើងឡើយ។ លោក ស ខេង បានថ្លែងសារលើ Facebook បន្ទាប់ពីបុណ្យជាតិទាំង២នេះ បានបិទបញ្ចប់។

លោក ស ខេង បានឲ្យដឹងទៀតថា ភាពសុខសាន្តដ៏ល្អប្រសើនេះ គឺដោយសារតែមានការចូលរួម ពីបងប្អូនជនរួមជាតិ និងការបំពេញភារកិច្ចបានយ៉ាងល្អខ្ជាប់ខ្ជួនរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ។ លោកបានបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានសេចក្ដីរំភើបរីករាយឥតឧបមាចំពោះការប្រព្រឹត្តទៅនៃពិធីបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាឆ្នាំ២០១៩នេះ ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានអញ្ជើញចូលរួម ពិធីទទួលទានអំបុកថែរក្សា ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់ទីកន្លែង ដោយភាគច្រើនបានមកកំសាន្ត នៅរាជធានីភ្នំពេញ អ្នកខ្លះបានធ្វើដំណើរទៅជួបជុំគ្រួសារ នៅស្រុកភូមិកំណើត និងខ្លះទៀតបានអញ្ជើញកំសាន្តសប្បាយ នៅតំបន់រមណីយដ្ឋានទេសចរណ៍នានា»។

លោក ស ខេង បានថ្លែងបន្តថា ក្នុងឋានៈជាសមាជិករាជរដ្ឋាភិបាល និងក្នុងនាមជាអ្នកទទួលខុសត្រូវលើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកសូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងអនុវត្តវិធានការណែនាំទាំង ៨ចំណុច ដែលត្រូវបាន ដាក់ចេញ ដើម្បីបង្កើនការថែរក្សាសុខសន្តិភាព សភាពការណ៍ផ្ទៃក្នុងប្រទេស ពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋបានចូលរួមប្រារព្ធពិធីបុណ្យជាតិ ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។ លោក បានបន្ថែមថា ការចូលរួមសហការពីជនរួមជាតិ និងការអនុវត្តភារកិច្ចរបស់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចដ៏ល្អប្រសើនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញនូវសេចក្ដីគោរព ប្រកបដោយភក្ដីភាពបំផុតរបស់ប្រជាជាតិខ្មែរយើងទាំងមូល ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងជាការបញ្ជាក់យ៉ាងច្បាស់នូវមហាសាមគ្គីជាតិខ្មែរក្នុងការបដិសេធទាំងស្រុង ចំពោះចេតនាណាមួយដែលប៉ុនប៉ងរំលាយរបបរាជានិយម ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងបំផ្លាញ សន្តិភាព សុខដុមរមនា និងការអភិវឌ្ឍរបស់ជាតិយើង។

លោក ស ខេង បានគូសបញ្ជាក់ទៀតថា «ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំព្រះករុណាខ្ញុំ សូមឲ្យស្មារតីដ៏ឧត្តុងឧត្តមនេះបន្តស្ថិតក្នុងដួងចិត្តជនរួមជាតិខ្មែរជានិច្ចនិរន្តរ៍ ដើម្បីឲ្យប្រទេសជាតិយើងបន្តរក្សាបាននូវសេចក្ដីសុខ សន្តិភាព និងការអភិវឌ្ឍ ដែលជាកត្តាចំបាច់បំផុតសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខក្សេមក្សាន្ត និងធ្វើឲ្យជីវភាព បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងបញ្ជាក់ច្បាស់ថាប្រទេសកម្ពុជា ដែលបានឆ្លងកាត់ការបែកបាក់ជាតិ ការព្រាត់ប្រាស់ សង្គ្រាមកាប់សម្លាប់ នឹងមិនវិលត្រឡប់ជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនោះវិញឡើយ»៕

អត្ថបទទាក់ទង