ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល៖ ឆ្មប គឺជាអ្នកការពារសិទ្ធិស្រ្តី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០១៩ ឯកសារ 68
ក្រសួងសុខាភិបាល៖ ឆ្មប គឺជាអ្នកការពារសិទ្ធិស្រ្តី ក្រសួងសុខាភិបាល៖ ឆ្មប គឺជាអ្នកការពារសិទ្ធិស្រ្តី

ក្រសួងសុខាភិបាលនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ ក្រសួងប្រារព្ធពិធីអបអរសាទរទិវាឆ្មបជាតិ ផ្តោតសំខាន់ទៅលើតួនាទីរបស់ឆ្មប ជាអ្នកការពារសិទ្ធិស្ត្រី ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា។

ក្រសួងសុខាភិបាលបានលើកឡើងថា «ឆ្លងទន្លេ» គឺជាឃ្លាដែលប្រជាជនខ្មែរប្រើ ដើម្បីពណ៌នាការផ្តល់កំណើតទារក ដែលឆ្លុះបញ្ចាំងពីការពិតថាស្ត្រី ប្រឈមនឹងហានិភ័យជាច្រើននៅពេលផ្តល់កំណើត។ សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិមនុស្ស។ ការជ្រើសរើសយកប្រធាន បទ «ឆ្មបគឺជាអ្នកការពារសិទ្ធិស្រ្តី» គូសបញ្ជាក់អំពីតួនាទីសំខាន់របស់ធ្មប ក្នុងការធានាឱ្យស្ត្រី និងទារកទើបនឹងកើត អាចមានមាតុភាព និងសម្រាលកូនដោយសុខសុវត្ថិភាព។ ឆ្មបក៏ដើរតួសំខាន់ក្នុងការធានាថាកុមារអាចមានសុខភាពល្អពេញ មួយជីវិតរបស់គេ។

ក្រសួងបន្តថា ឆ្មបក៏មានសារៈសំខាន់ផងដែរ ក្នុងការធានាថា ស្ត្រីអាចសម្រេចចិត្តដោយខ្លួនឯង អំពីជីវិតផ្លូវភេទ និងជម្រើសនៃការបន្តពូជរបស់ពួកគេ រួមមានពេលណា និងចំនួនកូនដែលពួកគាត់ចង់បាន និងតាមរយៈការផ្តល់ការថែទាំប្រកបដោយគុណភាព ដោយមិនគិតពីអត្តសញ្ញាណរបស់អ្នកជំងឺ ឬឋានៈសង្គមនោះឡើយ។

ឆ្មបបានធ្វើការងារសំខាន់ៗជាច្រើន នៅក្នុងទសវត្សរ៍កន្លងមក ដើម្បីកាត់បន្ថយអត្រាមរណៈមាតា និងទារកនៅកម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ទី៤ និងទី៥។ សមិទ្ធផល ទាំងនេះអាចសម្រេចបានក្រោមការដឹកនាំ និងការប្តេជ្ញាចិត្តយ៉ាងរឹងមាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសុខភាព និងធនធានមនុស្ស ជាពិសេសតាមរយៈការបណ្តុះបណ្តាល ការជ្រើសរើសបុគ្គលិក និងការរក្សាបុគ្គលិកឆ្មប។

ក្រសួងសុខាភិបាបាលលើកឡើងថា «ការសម្រេចបានគោលដៅអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសកម្ពុជា ក្នុងគោលដៅកាត់បន្ថយអត្រាមរណភាពមាតាទារក និងកុមារ ពឹងផ្អែកលើការខិតខំប្រឹងប្រែងបន្តរបស់ឆ្មប និងបុគ្គលិកសុខាភិបាលទាំងអស់ ជាពិសេសអ្នកដែលបំរើសេវានៅជួរមុខ។ តួនាទីរបស់ឆ្មប មិនត្រឹមតែផ្តល់អន្តរាគមន៍ ដើម្បីឲ្យការឆ្លងទន្លេសុខសុវត្ថិភាពតែមួយមុខនោះទេ តែក៏មានតួនាទីជួយស្តីឱ្យមានអារម្មណ៍សុវត្ថិភាព ផាសុកភាព សេចក្តីថ្លៃថ្នូរ និងមានបទពិសោធន៍វិជ្ជមានទាំងក្នុងពេលមានផ្ទៃពោះ និងពេលសម្រាលកូន»

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា៖ «យើងមិនអាចសម្រេចសមិទ្ធផលសំខាន់ និងជួយសង្គ្រោះជីវិតទាំងនេះបានទេ ប្រសិនបើមិនមានការចូលរួមពីធ្មប។ ក្នុងឱកាសនេះខ្ញុំសូមបញ្ជាក់ថា យើងកោតសរសើរយ៉ាងជ្រាលជ្រៅ និងឲ្យតម្លៃយ៉ាងខ្ពស់ចំពោះការងារដ៏សំខាន់ ដែលធ្មបបានធ្វើ និងបន្តធ្វើដើម្បីជាប្រយោជន៍ដល់អនាគតរបស់ប្រទេសកម្ពុជា»

សូមជម្រាបថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យ ក្នុងឆ្នាំ២០០៨ បានកំណត់យកថ្ងៃទី៥ ខែឧសភា ជាថ្ងៃទិវាឆ្មបជាតិ ដើម្បីបង្ហាញពីការដឹងគុណចំពោះឆ្មប និងដើម្បីបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ពួកគេក្នុងការការពារ និងលើកកម្ពស់សុខភាព។

គោលបំណងសំខាន់ៗនៃទិវាឆ្មបជាតិនៅឆ្នាំនេះរួមមាន៖

  • បង្ហាញអំពីតួនាទីដ៏សំខាន់របស់ឆ្មប ក្នុងការធ្វើឱ្យសិទ្ធិស្រីកាន់តែប្រសើរឡើង ក្នុងការថែទាំសុខភាព
  • ផ្តល់ចំណេះដឹងអំពីការទទួលខុសត្រូវរបស់ឆ្មប ក្នុងនាមជាអ្នកការពារសិទ្ធិស្ត្រី
  • លើកកំពស់ភាពស្មើគ្នានៃសិទ្ធិ និងឱកាសសម្រាប់ឆ្មបគ្រប់រូប និងការចែករំលែកចំណេះដឹងគ្នា ៕

អត្ថបទទាក់ទង