ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ជិះរថភ្លើងរួមគ្នាពីស្ថានីយខ្លងលឹកប្រទេសថៃ មកស្ថានីយប៉ោយប៉ែត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45
នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ជិះរថភ្លើងរួមគ្នាពីស្ថានីយខ្លងលឹកប្រទេសថៃ មកស្ថានីយប៉ោយប៉ែត នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ជិះរថភ្លើងរួមគ្នាពីស្ថានីយខ្លងលឹកប្រទេសថៃ មកស្ថានីយប៉ោយប៉ែត

នៅថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីពិធីប្រគល់-ទទួលក្បាលរថភ្លើងប្រភេទ DMU (Diesel Multi Unit) ដែលជាអំណោយរបស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជារួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើររួមគ្នាតាមខ្សែរថភ្លើង ពីស្ថានីយខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ មកស្ថានីយប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។

រថភ្លើងប្រភេទ DMU ដែលជាអំណោយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃនេះ រួមមាន៖ ក្បាល រថភ្លើងចំនួន១គ្រឿង និងទូរដឹកអ្នកដំណើរចំនួន៤គ្រឿង ដែលអាចផ្ទុកអ្នកដំណើរបាន ៣២០នាក់ (៨០នាក់ ក្នុងទូរនីមួយៗ)។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថៃ ក៏បានបណ្តុះបណ្ដាលពាក់ព័ន្ធនឹងបច្ចេកទេសក្នុងការប្រើប្រាស់ ទូរថភ្លើងថ្មីនេះ ជាមុនដល់មន្រ្តីបច្ចេកទេសផ្លូវដែកកម្ពុជា ចំនួន ៩នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា ផ្លូវដែកពីស្ថានីយសិរីសោភ័ណ ទៅប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ មានប្រវែង ៤៨គីឡូម៉ែត្រ សាងសង់ចប់សព្វគ្រប់នៅឆ្នាំ១៩៤២។ មុនឆ្នាំ១៩៧០ ផ្លូវដែកនេះត្រូវបានធ្វើចរាចរអាជីវកម្មរួមគ្នា ដោយខ្សែរថភ្លើងកម្ពុជាចូលទឹកដីថៃ ៣ថ្ងៃ និងខ្សែរថភ្លើងថៃ ចូលទឹកដីកម្ពុជា ៣ថ្ងៃ ដោយសមត្ថកិច្ចនៃប្រទេសទាំងពីរ បានធ្វើការរួមគ្នានៅស្ថានីយ អន្តរជាតិប៉ោយប៉ែត។ ក្រោយមកនៅឆ្នាំ១៩៧៣ ផ្លូវដែកនេះត្រូវបានកាត់ផ្តាច់ ដោយសារការទម្លាក់គ្រាប់បែក របស់អាមេរិក ក្នុងសម័យ លន់ នល់។ បន្ទាប់មក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគ យល់ដើម្បីធ្វើការតភ្ជាប់ផ្លូវដែករវាងកម្ពុជា-ថៃ ឡើងវិញ ហើយត្រូវបានតភ្ជាប់គ្នាឡើងវិញជាប្រវត្តិសាស្ដ្រ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។

ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលថៃ បានជួយសាងសង់ជាថ្មីនូវស្ពានផ្លូវដែក ព្រំដែនកម្ពុជា-ថៃ អូរជ្រៅ ប្រវែង ៤៣ម៉ែត្រ ដោយប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១លានដុល្លារ អាមេរិក និងស្ពានផ្លូវរថភ្លើងប៉ោយប៉ែត-អារញ្ញប្រាថេត ប្រវែង ៤៥ម៉ែត្រ ត្រូវបានស្ថាបនាឡើងវិញ ដោយជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃ និងបានធ្វើពិធីតភ្ជាប់ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

គួររំលឹកផងដែរថា ផ្លូវដែកភាគខាងជើង របស់ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចរាល់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្ន កាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ។ ផ្លូវដែកនេះ គឺជួយអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលជាឆ្អឹងខ្នងនៃការដឹកជញ្ជូននៅកម្ពុជា។

សមិទ្ធផលទាំងនេះ សបញ្ជាក់នូវចរិតជាយុទ្ធសាស្រ្ត និងប្រវត្តិសាស្ត្រសម្រាប់ ប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការតភ្ជាប់ផ្លូវដែកសារជាថ្មី ក្រោយពីបានកាត់ផ្តាច់នៅឆ្នាំ១៩៧៣ ដោយសារសង្គ្រាមនៅកម្ពុជា។ ការតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ជាមធ្យាបាយដឹកជញ្ជូនទំនិញដ៏ស័ក្តិសិទ្ធ មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ ដែលរួមចំណែក ក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ របស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការតភ្ជាប់ និងអភិវឌ្ឍតំបន់ អាស៊ាន និងមហាអនុតំបន់មេគង្គ៕