ខ្មែរប៉ុស្ដិ៍ Close

ខ្សែរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅស្ថានីយរថភ្លើងភ្នំពេញ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 45
ខ្សែរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅស្ថានីយរថភ្លើងភ្នំពេញ ខ្សែរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅស្ថានីយរថភ្លើងភ្នំពេញ

ពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ខ្សែរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅស្ថានីយរថភ្លើងភ្នំពេញ

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ខ្សែរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅស្ថានីយរថភ្លើងភ្នំពេញ។

សម្រាប់ការដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ននេះ អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរ តាមរថភ្លើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

រថភ្លើងដឹកអ្នកដំណើរនេះ ចំណាយពេលប្រមាណ៣០នាទី ក្នុងការដឹកជញ្ជូនអ្នកដំណើរ ពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះ និងអាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយ និងអ្នកឈរប្រមាណ១០០នាក់។ នៅក្នុងរថភ្លើងមានដាក់ម៉ាស៊ីនត្រជាក់ ហើយប្រជាពលរដ្ឋដែលរស់នៅ ក្បែរព្រលានយន្តហោះ ហើយចង់ឡើងមករាជធានីភ្នំពេញ ក៏អាចប្រើប្រាស់រថភ្លើងនេះបានដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ការដាក់ឲ្យដំណើរផ្លូវដែកថ្មី ចូលព្រលានយន្តហោះនេះ គឺដាក់ឲ្យប្រើប្រាស់រថភ្លើងចំនួន៣គ្រឿង ដែលបញ្ជាទិញពីប្រទេសម៉ិចស៊ិក។ ជាមួយនឹងការដឹកជញ្ជូនថ្មីតាមផ្លូវដែក ក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់អ្នកដំណើរទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភពីបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ។

ការដាក់ឲ្យដំណើររថភ្លើងនេះ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើរ របស់អ្នកត្រូវឡើងយន្តហោះប៉ុណ្ណោះទេ អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកដែលធ្វើដំណើរទាំងអស់ត្រូវ បានត្រួតពិនិត្យទំនិញនៅស្ថានីយរថភ្លើងជាមុន ហើយមិនបាច់ទៅត្រួតពិនិត្យនៅអាកាសយានដ្ឋានទៀតនោះឡើយ។

យោងតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានសហការជាមួយអាកាសចរណ៍ស៊ីវិល រៀបចំឲ្យមានបញ្ជរសម្រាប់ត្រួតពិនិត្យទំនិញ របស់អ្នកដំណើរដែលត្រូវឡើងយន្តហោះ ឬ Check In នៅស្ថានីយរថភ្លើងតែម្តង ពោលរាល់អ្នកដំណើរមិនបាច់ចំណាយពេលទៅត្រួតពិនិត្យ ឬ Check In នៅព្រលានយន្តហោះទៀតនោះឡើយ។ ប្រការនេះ នឹងធ្វើឲ្យអ្នកដំណើរកាន់តែងាយស្រួលមួយកម្រិតថែមទៀត ៕