ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់ចំពោះកង្វះខាតអគ្គិសនី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 18
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់ចំពោះកង្វះខាតអគ្គិសនី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់ចំពោះកង្វះខាតអគ្គិសនី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកបានចុះហត្ថលេខាលើលិខិតមួយចំនួនក្នុងការទទួលទិញថាមពលអគ្គិសនីបន្ថែមពីប្រទេសថៃប្រមាណ ១០០មេហ្គាវ៉ាត់ ,ប្រទេសឡាវ និង ប្រទេសវៀតណាម ចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ ដើម្បីយកមកផ្គត់ផ្គង់ក្នុងទីក្រុងភ្នំពេញ ដែលពេលនេះ យើងកំពុងតែខ្វះខាតភ្លើងប្រើប្រាស់ប្រមាណជាង ៤០០ មេហ្គាវ៉ាត់។ លោកបានថ្លែងដូចនេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីបិទសន្និបាតលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំ ២០១៨-២០១៩ ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃស្អែក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោកមានគម្រោងជួបជាមួយគណៈប្រតិភូមកពីប្រទេសតួគី ដើម្បីចរចាក្នុងការនាំនាវាផ្ទុកម៉ាស៊ីភ្លើងដើរដោយប្រេងខ្មៅចូលមកកាន់រាជធានីភ្នំពេញ ដែលអាចផ្តល់ថាមពលអគ្គិសនីបានប្រមាណ ២០០មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ភ្លើងរយៈពេល ៣ឆ្នាំ ទម្រាំយើងមានអគ្គីសនីគ្របគ្រាន់ប្រើប្រាស់ឡើងវិញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា តាមពិតទៅយើងបានកសាងវារីអគ្គីសនីមួយចំនួនហើយ ប៉ុន្តែដោយសារឆ្នាំនេះមានគ្រោះរាំងស្ងួត ទើបធ្វើឱ្យខ្វះខាតទឹកផ្តល់ឱ្យទំនប់វារីគ្គិសនី ទើបយើងជួបប្រទះបញ្ហានេះតែម្តង។ ទន្ទឹមនឹងនេះដែរ គឺ ដោយសារវិស័យសំណង់របស់យើងបានកើនឡើងប្រមាណ ៧០០% បើប្រៀបធៀបនៅខែ មករា និងកុម្ភៈ ឆ្នាំ២០១៨។

ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ ប្រសិនបើមានការដាច់ភ្លើង។ លោក ក៏បានអំពាវនាវដល់អាជីវករលក់ម៉ាស៊ីនភ្លើង សុំកុំដំឡើងថ្លៃខ្ពស់ពេក ដើម្បីសម្រួលដល់ការប្រើប្រាស់ភ្លើងរបស់ប្រជាពលរដ្ឋយើង៕

អត្ថបទទាក់ទង