រាជរដ្ឋាភិបាលសម្រេចឱ្យសាងសង់បន្ថែមវារីអគ្គិសនី និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យសរុប ៣កន្លែង ផ្តល់អនុភាពសរុប ២០០មេហ្គាវ៉ាត់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យសាងសង់វារីអគ្គិសនី និងស្ថានីយដើរដោយពន្លឺព្រះអាទិត្យចំនួន៣កន្លែងបន្ថែមទៀត ដែលអាចផ្តល់អនុភាពសរុបប្រមាណ ២០០មេហ្គាវ៉ាត់។ ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ។
ទន្ទឹមនឹងការឯកភាពឱ្យសាងសង់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានក្រើនរំលឹកឱ្យមានការចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ទាំងដីលំនៅដ្ឋាន និងដីកសិកម្ម។
កន្លែងផលិតថាមពលអគ្គិសនីថ្មីដែលរាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់នៅព្រឹកថ្ងៃនេះរួមមាន៖
– ទី១. វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ វារីអគ្គិសនីនេះ អាចផលិតថាមពលបានប្រមាណ ៨០មេហ្កាវ៉ាត និងគ្រោងចំណាយថវិកាជាង ២៣១លានដុល្លារអាមេរិក
– ទី២. ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ផលិតថាមពលបាន ៦០មេហ្គាវ៉ាត់
– ទី៣. ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៣ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផលិតថាមពលបាន ៦០មេហ្គាវ៉ាត់ផងដែរ ។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងអាទិភាពមួយដែលរាជរដ្ឋាភិបាលបានបញ្ចូលក្នុងផែនការមេអភិវឌ្ឍនវិស័យអគ្គិសនីដែលត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ ហើយបានចាប់ផ្តើមដំណើរការសិក្សាតាំងពីឆ្នាំ២០១០មកម្ល៉េះ។
ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន៖ ទំនប់ទឹក បំពង់បង្ហូរទឹកផ្លូវថ្នល់ សា្ថនីយវារីអគ្គិសនីអានុភាព ៨០មេហ្គាវ៉ាត់ ខែ្សបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ប្រវែង ៥គីឡូម៉ែត្រ ពីស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ទៅភ្ជាប់ជាមួយខែ្សបញ្ជូនតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ដែលមានស្រាប់ពីអនុស្ថានីយអូរសោមទៅអនុស្ថានីយពោធិ៍សាត់ និងហេដ្ឋារចនាសម្ព័ន្ធបន្ទាប់បន្សំដទៃទៀត។
ការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ធ្វើឡើងតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ(BOT) ដោយមានរយៈពេលសម្បទាន ៣៩ឆ្នាំ ក្នុងនោះ ៤ឆ្នាំសម្រាប់ការសាងសង់ និង ៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ ពេលបញ្ចប់ការធ្វើអាជីវកម្មរយៈ៣៥ឆ្នាំ ក្រុមហ៊ុននឹងប្រគល់វារីអគ្គិសនីនេះជូនរាជរដ្ឋាភិបាលវិញ។
បើតាមការសិក្សាគម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១នេះ ក៏បានបង្កឱ្យមានផលប៉ះពាល់បរិស្ថាន និងសង្គមមួយចំនួនផងដែរ។ ដូចជា ផលប៉ះពាល់បរិស្ថាន និងសង្គម, ប៉ះពាល់ប្រជាពលរដ្ឋ ៣៤៧គ្រួសារ, ប៉ះពាល់លំនៅដ្ឋានចំនួន ៩២ខ្នងផ្ទះ របស់ប្រជាពលរដ្ឋ ៧៨គ្រួសារ ដែលស្ថិតនៅក្នុងតំបន់អាងទឹក, ប៉ះពាល់ដីកសិកម្មរបស់ប្រជាពលរដ្ឋចំនួន ២៦៩គ្រួសារ, ប៉ះពាល់ផ្ទៃដីសរុបចំនួន ៩,៣៥៥ហិកតា សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធគម្រោង ដូចជាអាគាររដ្ឋបាលទំបន់ អាងស្តុកទឹក ស្ថានីយវារីអគ្គិសនី ផ្លូវ។ល។, ប៉ះពាល់ផ្ទៃដីព្រៃឈើសរុប ៦,០០៧.២៤ ហិកតា រួមមាន៖ ព្រៃស្រោង ៨៦៥.៤៩ហិកតា ,ព្រៃពាក់កណ្ដាលស្រោង ៨៥០.២៥ហិកតា, ព្រៃល្បោះ ៤,២៩១.៥០ហិកតា និងថនិកសត្វ៤៦ ប្រភេទ ពពួកបក្សី ១០១ប្រភេទ ល្មូន និងមណ្ឌុលសត្វ៦៣ប្រភេទ និងត្រីទឹកសាប ៧៨ប្រភេទ។
ក្រុមហ៊ុនត្រៀមកញ្ចប់ថវិកាជិត ៨លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប៉ះពាល់ទាំងនេះ។ ក្នុងនោះថវិកាប្សរុបចំនួន ១,៦៨៥,៩៨០ ដុល្លារអាមេរិកសម្រាប់ស្តារបរិស្ថានមានដូចជា៖ កិច្ចការពារទឹក និងដី ៧០៦,០០០ដុល្លារអាមេរិក, កិច្ចការពារបរិស្ថានកាស ៧៥,០០០ដុល្លារអាមេរិក, មូលនិធិបរិស្ថាន និងសង្គម ៨២៦,៤៨០ដុល្លារអាមេរិក, កិច្ចការពារសុខភាព ៥៣,៥០០ដុល្លារអាមេរិក និង ការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយបរិស្ថាន ២៥,០០០ដុល្លារអាមេរិក។ដោយឡែកថវិកា ៦,៨៣លានដុល្លារអាមេរិកប្រើសម្រាប់ដោះស្រាយគោលនយោបាយ ដោយផ្តល់ជាសំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគនេះ។
បើទោះបីជាយ៉ាងណាគម្រោងវិនិយោគវារីអគ្គិសនីស្ទឹងពោធិ៍សាត់១នេះ ត្រូវបានរំពឹងថា ផ្តល់ប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា។ បើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន គម្រោងនេះនឹងបង្កើតប្រាក់ចំណូលដល់ប្រជាជនក្នុងមូលដ្ឋាន ក្នុងខេត្ត និងថ្នាក់ជាតិ ដោយការផ្តល់ការងារយ៉ាងច្រើននៅពេលសាងសង់ និងប្រតិបត្តិការប្រជាជនមួយចំនួនក៏អាចបង្កើតប្រាក់ចំណូលពីមុខរបរជំនាញផ្ទាល់របស់ពួកគេដែលទាក់ទងនឹងសកម្មភាពគម្រោង។
រាជដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបជាមធ្យមប្រមាណ ៥លានដុល្លារអាមេរិកក្នុង១ឆ្នាំ។ នេះមិនទាន់គិតដល់ពន្ធដទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់ជូនរដ្ឋក្នុងការចែងចាយលក់បន្តឲ្យអ្នកប្រើប្រាស់។
សម្រាប់គម្រោងស្ថានីយវារីអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលផ្តល់អានុភាពសរុប ១២០មេហ្គាវ៉ាត់វិញ មិនមានផ្តល់ជាផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។ ផ្ទុយទៅវិញគម្រោងនេះចូលរួមផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
លោក ផៃ ស៊ីផាន បានអះអាងថា តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការវិនិយោគគម្រោងទាំងពីរនេះ មានផលប្រយោជន៍ច្រើនរួមមាន៖
– ទទួលបានអគ្គិសនីពីប្រភពថាមពលកកើតឡើងវិញ ដែលមានអានុភាពធំ កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់។
– បន្ថែមបរិមាណផលិត ដែលធានាបាននូវសន្តិសុខថាមពលក្នុងការផ្គង់អគ្គិសនី មានគុណភាព និងមានថ្លៃសមរម្យ។
– ជួយបំពេញកង្វះអគ្គិសនីក្នុងរដូវប្រាំង។
– ផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់ នៅក្នុងដំណាក់កាលសាងសង់ និងដំណើរការ។
– នាំមកនូវបច្ចេកវិទ្យាទំនើប។
– លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាល នឹងទទួលបានចំណូលពន្ធសរុបជាមធ្យមប្រមាណ ៥៦៨, ៣៧៤ដុល្លារអាមេរិកក្នុង១ឆ្នាំ។ នេះមិនទាន់គិតដល់ពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់ជូនរដ្ឋក្នុងការចែកចាយលក់បន្តឲ្យអ្នកប្រើបា្រស់។
សូមបញ្ជាក់ថា ក្រោយពេលរាជរដ្ឋាភិបាលអនុម័តរួចហើយ សំណើសុំការពិនិត្យសម្រេចលើគម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនី និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទាំង៣នេះ នឹងត្រូវរុញទៅរដ្ឋសភាពិនិត្យ និងសម្រេចផងដែរ ៕