គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីចំនួន៥ទៀត ត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យវិនិយោគ
គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីចំនួន៥ទៀត ដែលមានអានុភាពសរុប ៥២០មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យវិនិយោគ។ ការសម្រេច បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣នេះ។
គម្រោងវិនិយោគផលិតថាមអគ្គិសនីទាំង៥ ដែលរាជរដ្ឋាភិបាលសម្រេចឱ្យវិនិយោគនេះរួមមាន៖ ១៖ គម្រោងវារីអគ្គិសនីស្ទឹង ឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្មកំបុត(ផ្គួបគ្នា), ២៖ គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ ៤គម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង)។
គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាល មានអានុភាព ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត មានអានុភាព ១០០មេហ្គាវ៉ាត់, គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ មានអានុភាព ១៥០មេហ្គាវ៉ាត់, គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង មានអានុភាព ៦០មេហ្កាវ៉ាត់, គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង មានអានុភាព ៦០មេហ្គាវ៉ាត់ និងគម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង មានអានុភាព ៨០មេហ្គាវ៉ាត់។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គម្រោងវិនិយោគផលិតថាមពលអគ្គិសនីទាំង៥នេះ នឹងធ្វើឱ្យកម្ពុជា ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
គម្រោងផលិតថាមពលអគ្គិសនីទាំង៥នេះ ផ្ដល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គ្រប់កង្វះខាត តាមពេលវេលាដែលបានសិក្សានៅក្នុងផែនការមេផងដែរ។ ជាមួយគ្នានោះ វារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល ដែលមានអាងស្តុកទឹកធំ នឹងជួយស្ដុកប្រភពទឹកភ្លៀងនៅរដូវវស្សាទុកនៅក្នុងអាងទឹកនេះ ជួយកាត់បន្ថយមិនឱ្យមានការហៀរទឹកចោល និងការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម នៅរដូវវស្សា និងស្តុកទឹកនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម នៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១២២លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំបន្ថែមទៀត ។
គម្រោងទាំង៥នេះ ក៏ជួយឱ្យធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយ ដែលថេរ ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និង ៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី, នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរការ។
បន្ថែមពីលើនេះ ឈើលើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាននោះ គម្រោងវិនិយោគទាំង៥នេះ នឹងជួយឱ្យរាជរដ្ឋាភិបាល ទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២,៨៨០,៣៨២ដុល្លារអាមេរិកក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជាពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ។
ការអភិវឌ្ឍប្រភពថាមពលអគ្គិសនី គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាយកចិត្តទុកដាក់ខ្ពស់ ដើម្បីបំពេញការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបំពេញទៅលើការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ វិស័យកសិកម្ម ក៏ដូចជាវិស័យដទៃទៀត។
របាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ កម្ពុជា មានទំហំប្រភពអគ្គិសនីសរុប ៤,២៤៦.៧៧មេហ្គាវ៉ាត់។ ក្នុងនោះ ៣,១១៦.៤២មេហ្គាវ៉ាត់ ស្មើនឹងជាង ៧៣ភាគរយ ជាប្រភពអគ្គិសនីបានពីការអភិវឌ្ឍក្នុងស្រុក ហើយ ១,១៣០.៧៥មេហ្គាវ៉ាត់ ស្មើនឹងជាង ២៦ភាគរយ ជាប្រភពអគ្គិសនី ដែលបាននាំចូលពីប្រទេសជិតខាង។
របាយការណ៍ បានឱ្យដឹងដែរថា គិតត្រឹមចុងឆ្នាំ២០២២ ផ្ទះរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសសរុបប្រមាណ ៣.៧២លានខ្នងផ្ទះ ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ ស្មើនឹងប្រមាណ ៩០ភាគរយ៕
Fresh News