លិខិតមិត្តអ្នកអាន៖ «ខាំស្មៅ» បង្ហាញពីការប្តេជ្ញាចិត្តដ៏មុះមុតរបស់សម្តេចតេជោដើម្បីជាតិ និងប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនៅស្រុកអង្គស្នួល ខេត្តកណ្តាលបានប្រ កាសថា «ខ្ញុំអត់មានសញ្ជាតិបរទេស អត់មានផ្ទះនៅបរទេសទេ ជម្រើសរបស់ខ្ញុំតែមួយគត់ គឺជម្រើសខាំស្មៅនៅជាមួយប្រជាពលរដ្ឋកម្ពុជា ដូច្នេះគ្រប់យ៉ាងដោះស្រាយ ដើម្បីរីកលូតលា ស់នៃប្រទេស និងប្រជាជនកម្ពុជាតែប៉ុណ្ណោះ»។ ការលើកឡើងរបស់ថ្នាក់ដឹកនាំកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា យើងមានការចាប់អារម្មណ៍ទៅលើពាក្យថា «ខាំស្មៅនៅជាមួយប្រជាជនកម្ពុជា»។
ខ្ញុំសូមបកស្រាយនូវអត្ថន័យនៃខ្លឹមសារ ពាក្យថា «ខាំស្មៅ» មានន័យថា សុខចិត្តលំបាក តស៊ូ មិនចាកចោល រួមសុខរួមទុក្ខ ស្ម័គ្រស្មោះ។ ដូច្នេះការលើកឡើងពាក្យថា «ខាំស្មៅនៅជាមួយប្រជាជនកម្ពុជា» របស់សម្តេចតេជោ ហ៊ុន សែន មានន័យថា សម្តេចតេជោ ហ៊ុន សែន សុខចិត្តលំបាក តស៊ូ រួមសុខរួមទុក្ខប្រកបដោយភាពស្ម័គ្រស្មោះមិនចាកចោលប្រជាជនកម្ពុជានោះទេ។ ប្រជាជនកម្ពុជាដឹងច្បាស់ហើយអំពីប្រវត្តិរបស់សម្តេចតេជោ ហ៊ុន សែន ដែលតាំងពីដើមរៀងមកតែងតែនៅជាមួយប្រជាជនកម្ពុជា គ្មានឡើយពាក្យថា ទំនេរ សូម្បីវេលាឯកជនសម្រាប់ខ្លួនសម្តេចផ្ទាល់ក៏សឹងតែគ្មានផង ដើម្បីស្វែងរកក្តីសុខឲ្យប្រជាជនកម្ពុជាដោយយកជំវិតធ្វើជាដើមទុន។ បើយើងរំលឹកអំពីប្រវត្តiសង្ខេបខ្លះៗអំពីការលះបង់យកជីវិតធ្វើជាដើមទុនរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាតាំងពីសម្តេចមិនទាន់ក្លាយជានាយករដ្ឋមន្រ្តីមកម្ល៉េះ។
ជាក់ស្តែងនៅឆ្នាំ១៩៧០ ពេលកម្ពុជាត្រូវបានរុញច្រានឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងដោយឆ្លើយតបចំពោះការអំពាវនាវរបស់សម្តេច សីហនុ ឲ្យប្រជាជនកម្ពុជាចូលរួមក្នុងសង្គ្រាមប្រឆាំ ងចក្រពត្តិនិយមនោះ នៅក្នុងវ័យ ១៨ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយចលនាតស៊ូ ដែលក្រោយមកបានរំដោះប្រទេសនៅថ្ងៃ១៧ មេសា ១៩៧៥។ មួយថ្ងៃមុនថ្ងៃជ័យជម្នះ គឺថ្ងៃ១៦ មេសា ១៩៧៥ សម្តេចតេជោ ហ៊ុន សែន បានត្រូវរបួសភ្នែកខាងឆ្វេង ហើយធ្លាក់ខ្លួនពិការដល់ពេលបច្ចុប្បន្ន។
ដោយមើលឃើញពីការប្រល័យពូជសាសន៍នៃនយោបាយរបស់ ប៉ុល ពត នៅឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីគ្រួសារជាទីស្រឡាញ់ម្តងទៀត ដើម្បីដឹកនាំចលនាតស៊ូមួយ ដែលមានគោលបំណងរំដោះប្រទេសកម្ពុជា និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ ពេលនោះសម្តេចតេជោ មានឱកាសភៀសខ្លួនទៅប្រទេសផ្សេងៗ ប៉ុន្តែសម្តេចមិនទៅណាចោលប្រជាជនកម្ពុជានោះទេ សុខចិត្តយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេស សង្គ្រោះប្រទេស និងប្រជាជនកម្ពុជាទាំងស្រុងរួចផុតពីការកាប់សម្លាប់ដ៏ឃោរឃៅរបស់ប៉ុល ពត នៅថ្ងៃ ០៧ មករា ១៩៧៩។ ក្រោយរបបប្រល័យពូជសាសន៍ត្រូវវាយផ្តួលរំលំកម្ពុជាក្រ ១០០ភាគរយ សម្តេចតេជោ ហ៊ុន សែន បានខិតខំអស់កម្លាំងកាយចិត្ត និងបញ្ញាញាណដោយដៃម្ខាងខំស្តារប្រទេស និងដៃម្ខាងខំប្រឹងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប៉ុល ពត។ ដើម្បីឲ្យកម្ពុជា និងប្រជាជនកម្ពុជាបានទទួលសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោយឈ្នះ-ឈ្នះឈរលើមាគ៌ាបង្រួបបង្រួមជាតិ រហូតលុបបំបាត់ទាំងស្រុងនូវភ្លើងសង្គ្រាម លុបបំបាត់អង្កការចាត់តាំង ធ្វើឲ្យខ្មែររួបរួមគ្នាតែមួយនៅចុងឆ្នាំ១៩៩៨។
ក្នុងជីវិតតស៊ូទាំងនេះប្រសិនបើគ្មានឆន្ទៈស្រឡាញ់ជាតិ និងប្រជាជនកម្ពុជាដូចសម្តេចតេជោទេនោះ តើកម្ពុជា និងប្រជាជនកម្ពុជាពេលនេះក្លាយទៅជាយ៉ាងណា?
ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៨៥ ប្រជាជនកម្ពុជាមានសំណាងខ្ពស់ណាស់ វត្តមានរបស់សម្តេចបានអញ្ជើញទៅគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជា ដូចជាទៅស្រែចំការជួបជាមួយកសិករ ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធធារាសាស្រ្ត នាំយកទឹកឲ្យប្រជាកសិករធ្វើស្រែចំការ ស្វែងរកទីផ្សារកសិផល។ វត្តមានសម្តេចជួបជាមួយសិស្សសាលាទូទាំងប្រទេស ដើម្បីពិនិត្យ និងកសាងសាលារៀន បណ្ណាល័យ អាគារស្នាក់នៅរបស់សិស្សិ របស់គ្រូបង្រៀន ចាប់ពីទីក្រុងដល់ជនបទ។
វត្តមានសម្តេចតេជោនៅតាមវត្តអារាម ដើម្បីកសាងវត្ត វិហារបំរើព្រះពុទ្ធសាសនា វត្តមានសម្តេចតេជោនៅតាមផ្សារនានាដើម្បីដោះស្រាយបញ្ហាប្រឈមនានាជួយដល់អាជីករ វត្តមានរបស់សម្តេចតេជោនៅតាមក្រសួងស្ថាប័ននានា ដើម្បីជួបជាមួយមន្រ្តីរាជការ ដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តី ព្រមទាំងកសាងស្ថាបនាអាគារការិយាល័យរដ្ឋ វត្តមានសម្តេចតេជោនៅតាមផ្លូវស្ពាន ដើម្បីបើកការដ្ឋានជួសជុលកសាងផ្លូវស្ពានឲ្យប្រជាជនកម្ពុជា ងាយស្រួលធ្វើដំណើរ វត្តមានសម្តេចតេជោនៅតាមរោងចក្រ សហគ្រាស ដើម្បីជួបកម្មករ ដើម្បីដោះស្រាយ និងខិតខំដំឡើងប្រាក់ខែដល់កម្មករ ព្រមទាំងផ្តល់ការពិនិត្យព្យាបាលសុខភាពឥតគិតថ្លៃ វត្តមានសម្តេចតេជោ នៅតាមមន្ទីរពេទ្យដើម្បីកសាងមន្ទីរពេទ្យពីទីក្រុងដល់ជនបទ វត្តមានសម្តេចតេជោជួបជាមួយបណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីទាក់ទាញការវិនិយោគបង្កើនការងារអោយប្រជាជនខ្មែរ វត្តមានរបស់ម្តេចតេជោនៅតំបន់វ៉ារីអគ្គិសនី ដើម្បីកសាងផ្គត់ផ្គង់អគ្គិសនី បញ្ចុះតម្លៃអគ្គិសនីជូនប្រជាជន និងសកម្មភាពផ្សេងៗជាច្រើនទៀតរបស់សម្តេចតេជោសុទ្ធសឹងតែជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ល។
សម្តេចតេជោ ហ៊ុន សែន តែងតែងការពារជាតិ ការពាររបបរាជានិយម ការពារទឹកដី ការពារការឈ្លានពានពីបរទេស ការពារឯករាជ្យ ការពារអធិបតេយ្យជាតិ ការពារសន្តិភាព។ រាល់សកម្មភាពយកប្រជាជនជាធំនេះហើយ ដែលធ្វើឲ្យសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែដាក់ខ្លួនទាបជាអ្នកបម្រើប្រជាជនកម្ពុជា ខិតខំទប់ស្កាត់ប្រឆាំងរាល់ការបង្កើតបដិវត្តន៍ពណ៌បង្ករសង្គ្រាមពីសំណាក់ក្រុមឧទ្ទាមខុសច្បាប់មួយចំនួនដែលតែងតែមានចេតនាបំផ្លាញខ្មែរ បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ មារកើតមានតាំងពីសម័យព្រះពុទ្ធមកម្ល៉េះ បើទោះបីព្រះអង្គត្រូវបានមនុស្សក្នុងពិភពលោកគោរពកោតស្ញប់ស្ញែងខ្លាំងយ៉ាងណាក្តី ក៏នៅតែមានក្រុមមារតាមផ្ញាញ់ និងព្យាបាទ។ ដូចគ្នានឹងសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នោះដែរ បើទោះបីសម្តេចបានតស៊ូ លះបង់ និងប្រឹងប្រែងអស់កម្លាំងកាយចិត្តយ៉ាងណាក្តី ក៏ក្រុមឧទ្ទាមក្រៅច្បាប់មានទណ្ឌិត សម រង្ស៉ី ជាប្រធានកំពុងរស់នៅប្រកបដោយក្តីសុខឯក្រៅប្រទេស តែងតែមានចេតនាមកបំផ្លាញខ្មែរ បំផ្លាញជាតិខ្មែរ ចង់ប្លន់អំណាចដោយខ្លួនឯងផ្ទាល់មិនដែលបានជួយអ្វីសូម្បីតែបន្តិចសម្រាប់ប្រជាជន និងជាតិខ្មែរ។ ពួកគេប្រើទុនដោយការញុះញង់ ដោយការលាបពណ៌ តែការពិតគឺកំសាកបំផុត តែងយកលេសដើម្បីរស់នៅក្រៅប្រទេសវាស្រួលជាង ព្រោះពីដើមមកពួកនេះតែងយកបរទេសជាផ្ទះរបស់ខ្លួន ព្រមទាំងមានសញ្ជាតិបរទេស ផ្ទះនៅបរទេសទៀតផង ក្រៅពីនេះមុខរបរពួកគេគឺកឹបកេងភូតកុហករៃលុយពីកម្មករ និងប្រជាជនខ្មែរស្លូតត្រង់មួយចំនួនដាក់ក្នុងហោប៉ៅរបស់ខ្លួន និងបក្ខពួក។
សរុបសេចក្តីមក ក្រុមឧទ្ទាមក្រៅច្បាប់ គ្មានគីឡូអ្វីមកប្រៀបជាមួយថ្នាក់ដឹកនាំប្រទេសកម្ពុជាដែលមានសម្តេចតេជោជាប្រមុខនោះទេ ប្រជាជនជាង៨៣ភាគរយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដោយសារប្រជាជនយល់ច្បាស់ ចេះថ្លឹងច្បាស់លាស់។ ប្រជាជនកម្ពុជាពិតជាមានសំណាងណាស់ដែលមានថ្នាក់នាំមួយរូបដែលកើតចេញពីត្រកូលកសិករស្គាល់គ្រប់រស់ជាតិលំបាកខាំស្មៅនៅជាមួយប្រជាជនកម្ពុជាជានិច្ច។ ដើម្បីទទួលបានផលប្រយោជន៍សម្រាប់ខ្មែរបច្ចុប្បន្ន និងកូនចៅខ្មែរជំនាន់ក្រោយ ប្រជាជនកម្ពុជាមិនលំបាកនោះទេ ដោយគ្រាន់តែនាំគ្នាសាមគ្គីគ្នាគាំទ្រលើកទឹកចិត្តដល់ប្រមុខថ្នាក់ដឹកនាំយើងនាពេលបច្ចុប្បន្នឲ្យដឹកនាំបន្តទៅមុខទៀត និងរួមគ្នាការពារសន្តិភាពប្រទេសទៅ គឺគ្រប់គ្រាន់ហើយ៕
ដោយ៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន