ខ្មែរប៉ុស្ដិ៍ Close

    លិខិតចំហ ៖ «គោលនយោបាយបក្សភ្លើងទៀនចម្លងចេញពីគណបក្សប្រជាជនទាំងស្រុង»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 1429
    លិខិតចំហ ៖ «គោលនយោបាយបក្សភ្លើងទៀនចម្លងចេញពីគណបក្សប្រជាជនទាំងស្រុង»លិខិតចំហ ៖ «គោលនយោបាយបក្សភ្លើងទៀនចម្លងចេញពីគណបក្សប្រជាជនទាំងស្រុង»

    គោលនយោបាយ ៧ ចំណុចរបស់បក្សភ្លើងទៀនដែលលោក សុន ឆ័យ អតីតភ្នាក់ងារចារកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងអង្គសមាជរបស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យទី ១៥ ខែឧសភា នេះ គឺគ្មានអ្វីថ្មីទាល់តែសោះ ពោលគឺជាគោលនយោបាយដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ឲ្យអនុវត្តជាយូរមកហើយ។

    ជាក់ស្តែង៖

    ចំណុចទី១ ៖ ស្តីពីសិទ្ធិអំណាច

    សិទ្ធិអំណាចដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមផ្តល់មតិយោបល់ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាគោលនយោបាយដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានអនុវត្តជាច្រើនអាណត្តិមកហើយ។ ប្រជាពលរដ្ឋមានសិទ្ធិចូលរួម ឬត្រូវបានអញ្ជើញឲ្យចូលរួមប្រជុំក្រុមប្រឹក្សាឃុំ-សង្កាត់ រឺចូលរួមក្នុងវេទិកាសាធារណ:ដែលរៀបចំដោយមន្ត្រីថ្នាក់ជាតិ និងថ្នាក់ឃុំសង្កាត់ដើម្បីស្តាប់ការសម្រេចរបស់អាជ្ញាធរមូលដ្ឋានផង និងផ្តល់មតិយោបល់ដល់ក្រុមប្រឹក្សាផង។

    ចំណុចទី២ ៖ ស្តីពីសេវាសាធារណៈ

    សេវាសាធារណៈក៏រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានធ្វើកំណែទម្រង់ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមិនយកកម្រៃ ហើយបើត្រូវបង់សេវាក៏ត្រូវបង់ទៅតាមការកំណត់របស់រដ្ឋ។ ការបង្កើត «ការិយាល័យច្រកចេញចូលតែមួយ» គឺជាឧទាហរណ៍ជាក់ស្តែងដែលររដ្ឋាភិបាលគណបកក្សប្រជាជនកម្ពុជាបានដាក់ឲ្យអនុវត្តជាច្រើនឆ្នាំមកហើយ និងកំពុងទទួលបានលទ្ធផលដ៏គាប់ប្រសើរ។ ប្រជាពលរដ្ឋកំពុងទទួលផលពីការិយាល័យច្រកចេញចូលតែមួយតាមរយៈការទទួលបានសេវាឆាប់រហ័ស ងាយស្រួល និងដោយគ្មានបង់កម្រៃសេវាក្រោមតុឡើយ។

    ចំណុចទី៣ ៖ ស្តីពីសន្តិសុខសុវត្ថិភាព

    ភាពគ្មានគ្រឿងញៀន គ្មានអំពើអបាយមុខ ក៏គណបក្សភ្លើងទៀនចម្លងចេញពីគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» របស់គណបក្សប្រជាជនកម្ពុជាដែរ។ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលត្រូវបានប្រកាសដាក់ចេញជាច្រើនឆ្នាំមកហើយ គឺសំដៅធ្វើឲ្យភូមិឃុំមានសន្តិសុខល្អ គ្មានគ្រឿងញៀន និងអំពើអបាយមុខនានា។ ទោះយ៉ាងណា បញ្ហាគ្រឿងញៀនគឺជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូល ដែលគ្មានប្រទេសណាអាចលុបបំបាត់ទាំងស្រុងបាននៅឡើយរាប់ទាំងមហាប្រទេសជឿនលឿនផងដែរ។

    ចំណុចទី៤ ៖ ការការពារកម្មសិទ្ធិដីធ្លី និងធ្វើឲ្យពលរដ្ឋមានជីវភាពល្អប្រសើរ

    គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ ក្រោយចាកចេញពីរបបខ្មែរក្រហម ពលរដ្ឋខ្មែរគ្មានកម្មសិទ្ធិឯកជនទេ រាប់ទាំងកម្មសិទ្ធិដីធ្លីផង។ ប៉ុន្តែ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះហើយដែលបានដឹកនាំធ្វើកំណែទម្រង់រៀបចំឲ្យមានកម្មសិទ្ធិឯកជន និងកម្មសិទ្ធិដីធ្លីរហូតដល់បច្ចុប្បន្ន។ ហើយបើនិយាយពីការធ្វើឲ្យពលរដ្ឋមានជីវភាពធូរធា គ្មាននរណាអាចធ្វើបានដូចគណបក្សប្រជាជនកម្ពុជានោះទេ។ ចាប់តាំងពីបាតដៃទទេ គ្មានស្បែកជើងពាក់ គ្មានកង់ជិះ រហូតពលរដ្ឋខ្មែរបាននិងកំពុងរស់ក្នុងភាពសម្បូរសប្បាយ យានយន្តស្ទះណែនពេញផ្លូវដូចសព្វថ្ងៃ គឺជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។

    ចំណុចទី៥ ៖ ស្តីពីការខ្ចីបុល និងការបង្កើតមូលនិធិជួយជនក្រីក្រ

    ចំណុចនេះក៏ជាកិច្ចការដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានធ្វើរួចហើយដែរ។ ជាក់ស្តែង ពលរដ្ឋខ្មែរជាច្រើនបានទទួលផលពីសេវាកម្ចីឥណទានដើម្បីយកទៅបង្កើតមុខរបរ អាជីវកម្ម និងទិញផ្ទះសម្បែងជាដើម។ ក្នុងករណីដែលពលរដ្ឋដែលជាកូន បំណុលជួបហានិភ័យ រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយតាមរយៈការសម្របសម្រួលជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីពន្យារពេលនៃការសង ឬការរៀបចំឡើងវិញនូវឥណទាន ដូចករណីវិបត្តិកូវីដ-១៩ ជាដើម។ និយាយពីមូលនិធិសម្រាប់ជួយគ្នាវិញ គឺមានស្ទើរតែគ្រប់ស្ថាប័ន។ ចំណែកពលរដ្ឋក្រីក្រក៏តែងតែទទួលបាននូវការយកចិត្តទុកដាក់ជួយពីសំណាក់អាជ្ញាធរផង កាកបាទក្រហមកម្ពុជាផង និងពីក្រុមការងារ ចុះជួយមូលដ្ឋានផង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផង។ល។

    ចំណុចទី៦ ៖ ស្តីពីបណ្ណព្យាបាលជំងឺដោយឥតគិតថ្លៃ

    រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានអនុវត្តជាយូរមកហើយតាមរយៈការផ្តល់ប័ណ្ណសមធម៌ជូនដល់ពលរដ្ឋក្រីក្រ និងការចេញកាត «បសស» ដល់បុគ្គលិកនិយោជិតក្នុងវិស័យឯកជន និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ដើម្បីទទួលបានការព្យាបាលជំងឺដោយឥតបង់ប្រាក់។ ក្រៅពីនោះ ក៏នៅមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដល់មូលដ្ឋានទៀតផង។

    ចំណុចទី៧ ៖ ស្តីពីឱកាសដូចគ្នាក្នុងការអប់រំ

    ចំណុចនេះក៏រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញជាយូរមកហើយដែរក្រោមទិសស្លោក «ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ»។ កំណែទម្រង់វិស័យអប់រំក៍កំពុងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងទទួលបានការសាទរពីសំណាក់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

    សរុបមកវិញ គោលនយោបាយទាំង ៧ ចំណុចរបស់គណបក្សភ្លើងទៀនគឺបានចម្លងចេញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំងស្រុង ពោលគឺ បក្សភ្លើងទៀនពិតជាគ្មានធនធានមនុស្សដើម្បីសរសេរជាគំនិតថ្មីដើម្បីលើកមកឃោសនារកសំឡេងឆ្នោតឡើយ។ នេះជាហេតុផលដែលសកម្មជន និងបេក្ខជនពេញសិទ្ធិនិងបម្រុងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនជាច្រើនបានចាកចេញពីគណបក្សនេះហើយ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ៕

    ដោយ: អតីតបេក្ខជនពេញសិទ្ធិបក្សភ្លើងទៀន