ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ស្ថានទូតសហរដ្ឋអាមេរិក មិនគោរពអធិបតេយ្យរដ្ឋឯករាជ្យកម្ពុជា និងមានចេតនាបំភ្លៃ និងបំភាន់ការអនុវត្តនីតិវិធីច្បាប់របស់តុលាការកម្ពុជាក្នុងសំណុំរឿង កឹម សុខា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មិនគោរពអធិបតេយ្យរដ្ឋឯករាជ្យកម្ពុជា និងមានចេតនាបំភ្លៃ និងបំភាន់ការអនុវត្តនីតិវិធីច្បាប់របស់តុលាការកម្ពុជាក្នុងសំណុំរឿងរបស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា តាមរយៈ Facebook កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក​ន្លងទៅ បានបង្ហោះសារមួយការពារ លោក កឹម សុខា អតីតប្រធាន នៃគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពុងចោទប្រកាន់ ពាក់ព័ន្ធនឹងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកថា ការផ្សព្វផ្សាយនេះ គឺជាកាយវិការមួយ ដែលបង្ហាញអំពីការមិនគោរពចំពោះអធិបតេយ្យរបស់កម្ពុជា ដែលជារដ្ឋឯករាជ្យ និងមានចេតនាក្នុងការបំភ្លៃ និងបំភាន់សាធារណមតិជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះការអនុវត្តនីតិវិធី និងការអនុវត្តច្បាប់ដោយតុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌដែលមានជនត្រូវចោទ កឹម សុខា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិ ជាថ្មី អំពីដំណើរការនីតិវិធីច្បាប់ ទាក់ទងនឹងករណីសំណុំរឿងព្រហ្មទណ្ឌរបស់ លោក កឹម សុខា ដូចខាងក្រោម៖

ទី១៖ អំពីអង្គហេតុ និងបទចោទប្រកាន់៖ អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញភស្តុតាងដ៏រឹងមាំជាច្រើន និង
គ្រប់គ្រាន់ ដែលបង្ហាញថា ឈ្មោះ កឹម សុខា មានជាប់ពាក់ព័ន្ធនឹងផែនការសម្ងាត់ ដោយឃុបឃិតគ្នាជាមួយបរទេសក្នុងការផ្តលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា តាមបែបបដិវត្តពណ៌ ហើយឈ្មោះ កឹម សុខា ក៏បាននិយាយដោយផ្ទាល់មាត់ខ្លួនឯងអំពីផែនការនេះ តាមរយៈវីដេអូឃ្លីបដែលត្រូវបានផ្សព្វផ្សាយដោយ CBN (Cambodian Broadcasting Network) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។ ផ្អែកលើអង្គហេតុនេះ ឈ្មោះ កឹម សុខា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ជាផ្លូវការពី «បទសន្ទិដ្ឋិភាពជាមួយបរទេស» តាមបញ្ញត្តិនៃមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា ៖ «បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ។ បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ»។

ទី២៖ អំពីចំណាត់ការនីតិវិធីរបស់តុលាការ៖ សំណុំរឿងព្រហ្មទណ្ឌខាងលើនេះ កំពុងស្ថិតក្នុងសមត្ថកិច្ចរបស់
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ហើយចំណាត់ការនីតិវិធីនានារបស់ចៅក្រមស៊ើបសួរក្នុងដំណាក់កាលនេះ ធ្វើឡើងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏មិនខុសគ្នាទៅនឹងការអនុវត្តរបស់បណ្តាប្រទេសនានា ដែលប្រកាន់យកប្រព័ន្ធនីតិវិធីព្រហ្មទណ្ឌដែលមានចៅក្រមស៊ើបសួរនោះដែរ។ ករណីដូចគ្នានេះ ក៏ត្រូវបានអនុវត្តនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់ក្ដីលើអតីតមេដឹកនាំខ្មែរក្រហមផងដែរ។

ទី៣៖ អំពីការឃុំខ្លួនជាបណ្តោះអាសន្ន និងការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ៖ ជនត្រូវចោទ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរក៏បានសម្រេចដោះលែងជនត្រូវចោទរូបនេះ ឱ្យនៅក្រៅឃុំវិញ ដោយជំនួសមកវិញនូវវិធានការនៃការសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចមួយចំនួនសម្រាប់ជនត្រូវចោទអនុវត្ត ដោយអនុលោមតាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីមាត្រា ២២៣ ដល់មាត្រា ២៣០។ ដូចនេះ ការណ៍ដែលស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញលើកឡើងថាលោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែ មកហើយ គឺជាការអះអាងដោយកុហក និងបំភ័ន្តសាធារណជន និងខ្វះភាពយល់ដឹងលើទិដ្ឋភាពច្បាប់និងនីតិវិធីរបស់តុលាការកម្ពុជា ដោយហេតុថា តាមផ្លូវច្បាប់ ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតក្នុងរបបនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ភាសាបារាំងហៅថា Contrôle Judiciaire) និងមិនស្ថិតក្រោមរបបនៃការឃុំខ្លួនបណ្តោះអាសន្ននោះឡើយ។

ទី៤៖ អំពីចំណាត់ការបន្តរបស់តុលាការ៖ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ចៅក្រមស៊ើបសួរត្រូវបានផ្តល់ពេលវេលាចាំបាច់នានា សម្រាប់ការស៊ើបសួរ និងការស្រាវជ្រាវប្រមូលភស្តុតាងឱ្យបានគ្រប់គ្រាន់ មុននឹងសម្រេចដោយឆន្ទានុសិទ្ធិ និងដោយឯករាជ្យក្នុងការបិទបញ្ចប់ការស៊ើបសួររបស់ខ្លួន ដែលអាចជាការសម្រេចលើកលែងចោទប្រកាន់ ឬការសម្រេចបញ្ជូនរឿងទៅជំនុំជម្រះនៅក្នុងដំណាក់កាលនីតិវិធីបន្ទាប់។ ដូចនេះតាមច្បាប់របស់កម្ពុជា ស្ថាប័នដែលមានសមត្ថកិច្ចក្នុងការសម្រេចថា ជនត្រូវចោទឈ្មោះ កឹម សុខា ជាមនុស្សស្អាតស្អំ ឬពិតជាមានកំហុសទាក់ទងនឹងការចោទប្រកាន់អំពីការឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា គឺមានតែស្ថាប័នតុលាការនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។ តុលាការត្រូវធ្វើការសម្រេចដោយឯករាជ្យដោយផ្អែកលើអង្គច្បាប់ ព្រមទាំងអង្គហេតុ និងភស្តុតាង ដែលតុលាការប្រមូលបាន ហើយពុំមែនផ្អែកលើការអត្ថាធិប្បាយណាមួយរបស់ស្ថានទូតសហរដ្ឋអាមេរិកនោះឡើយ។ ទន្ទឹមនឹងនេះ សិទ្ធិការពារខ្លួនរបស់ជនត្រូវចោទឈ្មោះ កឹម សុខាដោយរួមទាំងសិទ្ធិជ្រើសរើសនិងពឹងពាក់មេធាវីការពារខ្លួន ក៏ត្រូវបានទទួលស្គាល់ដោយតុលាការ ស្របតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាប់របស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ដែលមានចរិតជាការបំភ្លៃ និងការបំភ័ន្តការយល់ដឹងរបស់សាធារណមតិចំពោះករណ៏សំណុំរឿងព្រហ្មទណ្ឌដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ហើយទម្លាក់កំហុសដោយអសុទ្ធចិត្តលើស្ថាប័នអនុវត្តច្បាប់កម្ពុជាដែលបានអនុវត្តតួនាទីសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ ត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដ៏ទទូចដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ឱ្យបញ្ឈប់ការបកស្រាយដោយបំភ័ន្ត និងលាបពណ៌នយោបាយទៅលើការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច និងតុលាការ ដោយសូមទុកកិច្ចការនេះជូនស្ថាប័នតុលាការរបស់កម្ពុជាចាត់ការតាមច្បាប់របស់កម្ពុជាក្នុងឋានៈជារដ្ឋអធិបតេយ្យ ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានស្នើដល់ស្ថាប័នតុលាការឱ្យបន្តប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុង ការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីជាធរមាន ចំពោះករណីសំណុំរឿងព្រហ្មទណ្ឌខាងលើនេះផងដែរ។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌៖

អត្ថបទទាក់ទង