កម្ពុជាកសាងសន្តិភាពដោយខ្លួនឯងផ្ទាល់ដោយគ្មានការបង្ហូរឈាម គ្មានប្រើអាវុធ និងគ្មានការបង្គាប់បញ្ជា ឬការជួយជ្រោមជ្រែងពីខាងក្រៅ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាសម្រេចបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស នាឆ្នាំ១៩៩១ និងបានរៀបចំការបោះឆ្នោតលើកទីមួយនៅក្នុងឆ្នាំ១៩៩៣ សង្រ្គាមស៊ីវិលនៅតែបន្តដែលជាមូលហេតុឱ្យលោកដាក់ចេញនូវ «គោលនយោបាយឈ្នះ-ឈ្នះ» ដែលបាននាំមកជូនកម្ពុជានូវការបញ្ចប់សង្រ្គាមទាំងស្រុង និងការទទួលបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពជាតិពេញលេញនៅក្នុងទូទាំងប្រទេសជាលើកដំបូងនៅចុង ឆ្នាំ១៩៩៨ ក្នុងប្រវត្តិសាស្រ្តកម្ពុជាជាច្រើនទសវត្សចុងក្រោយនេះ។ នេះគឺជាសន្តិភាពដែល សម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬគ្រាប់រំសេវ សូម្បីតែមួយគ្រាប់និងដោយគ្មានការបង្គាប់បញ្ជា ឬការជួយជ្រោមជ្រែងពីខាងក្រៅ។
លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លើមូលដ្ឋាននៃសុខសន្តិភាពដែលសម្រេចបានមកដោយលំបាកលំបិននេះ តពីយុទ្ធសាស្រ្តត្រីកោណ ដែលត្រូវបានដាក់ចេញតាំង ពីចុងឆ្នាំ១៩៩៨មក លោកបានដាក់ចេញនូវ យុទ្ធសាស្រ្តចតុកោណ នៅឆ្នាំ២០០៣ ដែលបានដើរតួជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច សម្រាប់អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ នៅក្នុងចំណោមកិច្ចការសំខាន់ៗដែលជារបៀបវារៈគោលនយោបាយសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា យុទ្ធសាស្រ្តចតុកោណ ក៏បានកំណត់យកការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកជាអាទិភាពដ៏សំខាន់មួយផងដែរ។ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តនេះ កម្ពុជាបានចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ធនធានមនុស្ស ច្បាប់ និងបទដ្ឋាន គតិយុត្តិនានាដើម្បីជាមូលដ្ឋានក្នុងការចូលជាសមាជិក WTO រហូតបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ២០០៤៕