ខ្មែរប៉ុស្ដិ៍ Close

ពួកប្រឆាំងក្អួតឈាមពេលដឹងថា សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះត្រឹមតែ០.២% ក្នុងឆ្នាំ២០២០ខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 81
ពួកប្រឆាំងក្អួតឈាមពេលដឹងថា សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះត្រឹមតែ០.២% ក្នុងឆ្នាំ២០២០ខាងមុខ ពួកប្រឆាំងក្អួតឈាមពេលដឹងថា សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះត្រឹមតែ០.២% ក្នុងឆ្នាំ២០២០ខាងមុខ

ពួកក្រុមប្រឆាំង ពិសេសវិទ្យុអាស៊ីសេរី ដែលជាឧបករណ៍បំពងសម្លេងរបស់ក្រុមប្រឆាំងបានធ្វើការផ្សព្វផ្សាយដោយយោងតាមរបាយការណ៍ស្តីពីកម្ពុជាឆ្នាំ២០១៩ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយកាលនៅថ្ងៃទី៣ ខែមេសានេះ ហើយដោយបានរកឃើញថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះពី ៧% នៅឆ្នាំ ២០១៩ មកត្រឹម ៦.៨% ក្នុងឆ្នាំ២០២០ខាងមុខនេះ។ ការផ្សព្វផ្សាយរបស់ក្រុមប្រឆាំងគ្មានមូលដ្ឋានវាយតម្លៃច្បាស់លាស់អ្វីទាំងអស់អំពីផលប៉ះពាល់ទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅ ដែលនឹងមានឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជាក្នុងស្ថានភាពដ៏រឹងមាំបែបនេះ ក៏ប៉ុន្តែ ការផ្សាយនេះ ត្រូវបានមហាជនទូទៅមើលឃើញថា វាពិតជាចេតនាទុច្ចរិតដ៏ល្ងង់ខ្លៅបំផុតរបស់ក្រុមប្រឆាំង ដែលបាននិងកំពុងប៉ុនប៉ងមួលបង្កាច់ បំពុល បំភ្លៃបង្កើតឱ្យមានការយល់ដឹងមិនត្រឹមត្រូវ ដើម្បីបង្ករអស្ថិរភាពសង្គមកម្ពុជាប៉ុណ្ណោះ។ តើការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចត្រឹមតែ០.២% នឹងប៉ះពាល់មកលើស្ថានភាពសេដ្ឋកិច្ចដ៏រឹងមាំនាពេលបច្ចុប្បន្ននេះដែរឬទេ? តើការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិននឹងផ្តល់ផលប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចកម្ពុជាឬទេ?

ការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី អំពីសន្ទុះសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ ដែលមាន៧% ហើយក៏ត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់មកត្រឹម៦.៨% ក្នុងឆ្នាំ២០២០ គឺ ជាកម្រិតនៃការវាយម្លៃមួយបានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចកម្ពុជានៅតែស្ថិតក្នុងស្ថានភាពនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពរឹងមាំ បើទោះបីមានការធ្លាក់ចុះតិចតួច ដែលបណ្តាលមកពីការធ្លាក់ចុះរបស់សេដ្ឋកិច្ចចិនក៏ដោយ បូករួមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិក៏ដោយ។ ជាការពិត ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅប្រទេសចិននាពេលបច្ចុប្បន្ន វាទំនងនឹងមានការប៉ះពាល់ខ្លះដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែវាគ្រាន់តែជាការប៉ះពាល់ដោយប្រយោល នៅពេលដែលចំណូលរបស់ប្រជាជនចិនបានធ្លាក់ចុះ ដែលអាចនាំឱ្យមានការកាត់បន្ថយការចំណាយក្នុងស្រុក ដែលមិនចាំបាច់ ដូចជា តម្រូវការប្រើប្រាស់និងទំនិញដែលទិញកម្ពុជា ជាពិសេសសម្លៀកបំពាក់ដែលជាវិស័យមួយធំជាងគេក្នុងប្រទេសកម្ពុជា និងតម្រូវការចំណាយកម្សាន្តផ្នែកទេសចរណ៍ ក៏អាចធ្លាក់ចុះផងដែរ។

ការប៉ះពាល់ខាងសេដ្ឋកិច្ច វាមិនមែនជាបាតុភូតទី១ ដែលកម្ពុជាធ្លាប់ទទួលរងនោះទេ។ ក្រោយការបោះឆ្នោតជាសកលលើកដំបូងឆ្នាំ១៩៩៣ កម្ពុជាក៏ធ្លាប់បានឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពិភពលោកនេះជាច្រើនលើមកហើយ គឺ ទី១.វិបត្តិហិរញ្ញវត្ថុអាស៊ី ១៩៩៧ ទី២.វិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៧-២០០៨ ទី៣.វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨-២០១២ (ឥទ្ធិពលលើសហរដ្ឋអាមេរិក ដែលវិបត្តិនេះត្រូវបានគេចាត់ទុកថាជាការដើរថយក្រោយនៃសេដ្ឋកិច្ចពិភពលោកដ៏ធ្ងន់ធ្ងរបំផុតគិតចាប់ពីសង្គ្រាមលោកលើកទី២) ទី៤.វិបត្តិបំណុលរបស់អឺរ៉ុប (វិបត្តិនេះបានកើតឡើងនៅចុងឆ្នាំ២០០៩ ដែលបង្កឡើងដោយកត្តារួមផ្សំគ្នាដ៏ស្មុគស្មាញមួយចំនួនរួមទាំងលក្ខខណ្ឌឥណទានងាយស្រួល វិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៧-២០០៨ អតុល្យភាពពាណិជ្ជកម្មអន្តរជាតិ វិបត្តិអចលនទ្រព្យ វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨-២០១២) ទី៥.ការធ្លាក់ចុះតម្លៃប្រេង (កត្តាជាច្រើនបានចូលរួមចំណែកដល់ការធ្លាក់ចុះតម្លៃប្រេងនៅឆ្នាំ២០១៤ ជាពេលដែលតម្លៃប្រេងបានធ្លាក់ចុះខ្លាំងមកនៅក្រោម៣០ដុល្លារក្នុងមួយបារ៉ែល)។

បើទោះបីជាស្ថានភាពពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាជាច្រើន ជាពិសេស ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម ដែលបានធ្វើឱ្យសេដ្ឋកិច្ចចិន, សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតមានកំណើនថមថយក្តី, សេដ្ឋកិច្ចកម្ពុជានៅតែអាចបន្តរក្សាបានកំណើនខ្ពស់ និងរឹងមាំ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។ ជារួម ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្របានយ៉ាងល្អប្រសើរ។ ប្រទេសកម្ពុជាមានកំណើនក្នុងអត្រាជាមធ្យម ៧% ពីឆ្នាំ២០០៩ ដល់ឆ្នាំ ២០១៩ ហើយបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ កំណើននេះត្រូវបានជំរុញដោយការនាំចេញទំនិញនិងសេវាកម្ម(ភាគច្រើនគឺសម្លៀកបំពាក់និងទេសចរណ៍) ដែលកើនឡើង ១៩,៦% ក្នុងមួយឆ្នាំ ក្នុងរយៈពេលដូចគ្នា។ ការងារប្រមាណ ៣,៦ លានកន្លែងនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មត្រូវបានបង្កើតឡើងក្នុងរយៈពេល២ទសវត្សរ៍កន្លងមក។ ដូច្នេះហើយកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានជួយដល់ពលរដ្ឋក្រីក្រកម្ពុជា។ យោងតាមរបាយការណ៍ផ្លូវការបានឱ្យដឹងថា ភាគរយនៃប្រជាជនកម្ពុជា រស់នៅក្រោមបន្ទាត់នៃភាពក្រីក្របានធ្លាក់ចុះពី ៤៧,៨% ក្នុងឆ្នាំ២០០៧ ធ្លាក់មកក្រោម៩% ក្នុងឆ្នាំ២០១៩នេះ។ ដោយឡែក កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨ មានកំណើនក្នុងរហូត៧,៥% ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

ដូច្នេះ ប្រទេសកម្ពុជា ពិតជាមោទនភាពបំផុត ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានទស្សនៈវិស័យ ចក្ខុវិស័យច្បាស់លាស់ និងកម្មវិធីនយោបាយរឹងមាំនិងគ្រប់ជ្រុងជ្រោយ បានប្រែក្លាយប្រទេសក្រីក្រមួយនេះ ឱ្យមានការអភិឌ្ឍរីកចម្រើន។ ហើយសមិទ្ធផលសង្គម សេដ្ឋកិច្ចខាងលើនេះ បានប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលមធ្យមមក្រិតទាបកាលពីឆ្នាំ២០១៥ និងត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចាត់ទុកកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសឯកទគ្គករកំណើនលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់និងរឹងមាំ និងជាប្រទេសដែលសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការកែលម្អសូចនាការផ្នែកសង្គមកិច្ចថែមទៀតផង។

ចាប់តាំងពីឆ្នាំ១៩៩៨ គឺជាឆ្នាំយុគ្គសម័យមាសសម្រាប់ប្រជាជនកម្ពុជា ហើយពីពេលនោះមក កម្ពុជាពិតជាមានសន្តិភាពពេញលេញ ដែលរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជានិមិត្តរូបនៃការកសាងសន្តិភាព និងការអភិវឌ្ឍ ដោយឈរលើចក្ខុវិស័យ កម្មវិធីនយោបាយ និង គោលនយោបាយត្រឹមត្រូវច្បាស់លាស់បំផុត ពិសេស ការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាលទី៤ ជាមួយនឹងការកែទម្រង់ដ៏មានប្រសិទ្ធភាពនិងប្រសិទ្ធផលជាបន្តបន្ទាប់ និងវិធានការផ្សេងៗទៀត ដើម្បីទប់ទល់នឹងវិបត្តិពីខាងក្រៅដែលអាចកើតឡើងជាយថាហេតុ។ ការពិត ទាក់ទងនឹងបញ្ហាកត្តាគំរាមគំហែងពីខាងក្រៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ មីនា ២០១៩ កន្លងទៅ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកំណែទម្រង់ខាងក្នុងដើម្បីកែសម្រួលពាណិជ្ជកម្ម និងជំរុញកំណើននៃការនាំចេញ និងទាក់ទាញវិនិយោគិន។ ហើយការធ្វើការពង្រីកវិស័យទីផ្សារ (ពិពិធកម្មទីផ្សារ) និងជំរុញឱ្យមានការចរចារធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិន ជប៉ុន កូរ៉េ និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី EAEU (Eurasian Economic Union) រុស្ស៊ី និងប្រទេសអតីតសហភាពសូវៀតមួយចំនួនទៀត។ ចំពោះកង្វល់របស់លោកខាងលិច លោកនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា “កង្វល់របស់គេមិនមែនជាបន្ទាត់នយោបាយដែលតម្រូវឲ្យកម្ពុជាត្រូវតែអនុវត្តតាមនោះទេ គឺកម្ពុជាត្រូវធ្វើ “កំណែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យ។ ផ្អែកលើស្មារតីនេះ កម្ពុជាមិនអាចយកជំនួយមកប្តូរនឹងអធិបតេយ្យជាតិបាននោះទេ។

រាជរដ្ឋាភិបាល បានគ្រប់គ្រងគោលនយោបាយ និងកម្មវិធីនយោបាយសេដ្ឋកិច្ចជាតិយ៉ាងរឹងមាំជាមួយនឹងចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ព្រមជាមួយនឹងការដាក់ឱ្យអនុវត្តនូវកម្មវិធីកំណែទម្រង់រដ្ឋដ៏ទូលំទូលាយ និងស៊ីជម្រៅប្រកបដោយផ្លែផ្កា សំដៅជំរុញការអភិវឌ្ឃសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនឥតឈប់ឈរប្រកបដោយចីរភាព និងសមធម៌ ព្រមទាំងធន់នឹងវិបត្តិដែលបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនូវជីវភាពប្រជាជនទាំងខាងសម្ភារៈ និងស្មារតី ក្នុងនោះផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ៗបានកើនពី១៤៣៨ដុល្លារក្នុងឆ្នាំ២០១៧ ដល់ ១៥៦៣ដុល្លារ នៅឆ្នាំ២០១៨ ដោយរក្សាបាននូវអត្រាកំណើន៧%ក្នុងមួយឆ្នាំ ហើយមូលដ្ឋាននៃកំណើនក៏កាន់តែមានច្រើនវិស័យ ដែលធ្វើឱ្យទំហំសេដ្ឋកិច្ចកម្ពុជាកាន់តែរីកធំឡើងៗជាលំដាប់។ ជាមួយគ្នានេះ កម្ពុជាកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម ដែលនាំឱ្យប្រទេសមួយនេះ ប្រែក្លាយពីប្រទេសដែលមានចំណូលទាបមកជាប្រទេសមានចំណូលមធ្យមកំរិតទាប និងកំពុងបន្តដំណើរយ៉ាងស្វាហាប់ឈានឆ្ពោះទៅប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០។

ដូច្នេះ ការលើកឡើងទាំងឡាយរបស់ក្រុមប្រឆាំង គឺគ្រាន់តែជាចេតនាទុច្ចរិតក្នុងការផ្សាយមួលបង្កាច់ បំពុល និងបំភាន់ ដើម្បីបង្ករអស្ថិរភាពសង្គមប៉ុណ្ណោះ ខណៈពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីគិតគូរបង្កើនប្រាក់បៀវត្យជារៀងរាល់ឆ្នាំ ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពិសេស អាចបើកប្រាក់បៀរវត្សប្រចាំខែរៀងរាល់ពីរសប្តាហ៍ម្តង។ វិធានការបើកប្រាក់នេះ ក៏ត្រូវបានដាក់ឱ្យអនុវត្តប្រាក់ឈ្នួលជារៀងរាល់ឆ្នាំរបស់កម្មករ កម្មការិនីនៅតាមរោងចក្រទាំងអស់ក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្តល់ជូនអត្តប្រយោជន៍ជាច្រើនទៀតដោយការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់កម្មកររោងចក្រទាំងអស់ក្នុងទូទាំងប្រទេស។ ដូច្នេះ កាព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ ធ្លាក់ចុះត្រឹមតែ០.២% នឹងគ្មានផលប៉ះពាល់អ្វីទាំងអស់មកលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាបានត្រៀមទុក និងដាក់ចេញវិធានការកែទម្រង់រួចជាស្រេចដើម្បីទប់ទល់នឹងកត្តាកើតឡើងពីខាងក្រៅ។ ហើយការធ្លាក់ចុះនេះ វាមិនមែនជារឿងថ្មីសម្រាប់កម្ពុជា ក៏ដូចជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំទាំងអស់នៅលើពិភពលោកនោះទេ ក៏ប៉ុន្តែការធ្លាក់ចុះនេះ នឹងរឹតតែធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំថែមទៀត។ នេះម្យ៉ាង ហើយម្យ៉ាងទៀតសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះ ឬមិនធ្លាក់ចុះតាមការព្យាករណ៍របស់ ADB នេះវាមិនទាន់ប្រាកដទេ គេត្រូវរង់ចាំដល់ដើមឆ្នាំ២០២១ ទើបដឹងច្បាស់។ ដូច្នេះហើយការលើកឡើងទាំងឡាយរបស់ក្រុមប្រឆាំង គឺគ្រាន់តែជាចេតនាទុច្ចរិតក្នុងការផ្សាយមួលបង្កាច់ បំពុល និងបំភាន់ដើម្បីបង្ករអស្ថិរភាពសង្គមប៉ុណ្ណោះ ៕

ឡុង បូរិតា