ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ពិភពលោកពហុប៉ូលជាឱកាសមាសដែលកំពុងអំណោយផលដល់កម្ពុជា!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1463
លិខិតមិត្តអ្នកអាន៖ ពិភពលោកពហុប៉ូលជាឱកាសមាសដែលកំពុងអំណោយផលដល់កម្ពុជា! លិខិតមិត្តអ្នកអាន៖ ពិភពលោកពហុប៉ូលជាឱកាសមាសដែលកំពុងអំណោយផលដល់កម្ពុជា!

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វែងរកប្រយោជន៍ជាច្រើនដល់ប្រទេសនិងប្រជាជនខ្មែរ។ មហាយក្សចិន ដែលកំពុងត្រៀមខ្លួនដណ្តើមតំណែងជាមហាអំណាចសេដ្ឋកិច្ចទី១នៅលើលោកបានប្រកាសផ្តល់ជំនួយជាង ៦០០លានដុល្លារ ដល់កម្ពុជាសម្រាប់ការអភិវឌ្ឍប្រទេសរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ទន្ទឹមនឹងនោះ ចិនក៏បានសន្យាបង្កើនការទិញអង្ករពីកម្ពុជារហូតដល់ ៤០ម៉ឺនតោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០១៩នេះ។ គឺជាលទ្ធផលភ្លាមៗដែលកម្ពុជាទទួលបានបន្ទាប់ពីសហភាពអឺរ៉ុបសម្រេចយកពន្ធលើអង្ករកម្ពុជាដែលនាំចូលទៅទីផ្សាររបស់ខ្លួន និងក្នុងបរិបទដែលបញ្ហា EBA កំពុងត្រូវបានលើកយកមកពិភាក្សា។

ជាទូទៅក្រុមអ្នកនយោបាយប្រឆាំងបានរំពឹងទុកថា ទណ្ឌកម្មណាមួយពីលោកខាងលិចនឹងធ្វើឲ្យកម្ពុជារងគ្រោះធ្ងន់ធ្ងរដែលពួកគេប្រាថ្នាចង់ឃើញ។ ប៉ុន្តែពួកគេដែលមានខួរក្បាលដិតដាមដោយភាពចំណុះទៅនឹងឥទ្ធិពលរបស់លោកខាងលិច ភ្លេចគិតថា លោកខាងកើតកំពុងតែបោះពួយយ៉ាងលេចធ្លោឡើង ហើយដែលកំពុងផ្លាស់ប្តូរពិភពលោក «ពីឯកប៉ូលទៅជាពហុប៉ូល»

ប៉ូលថ្មីដែលកំពុងផុសត្រដែតឡើង និងកំពុងឈានជើងទៅជំនួសប៉ូលចាស់គឺជាអំណោយផលយ៉ាងល្អដល់កម្ពុជាដែលប្រកាន់គោលនយោបាយអព្យាក្រឹត្យ ពីព្រោះគោលនយោបាយអព្យាក្រឹត្យនេះអាចឲ្យកម្ពុជាឈរជើងបានយ៉ាងរឹងមាំដោយរក្សាបាននូវអធិបតេយ្យភាព និងឯករាជភាពជាតិរបស់ខ្លួននៅចំពោះមុខនៃការប្រកួតប្រជែងដណ្តើមឥទ្ធិពល និងផលប្រយោជន៍រវាងមហាអំណាច។

កាលពីមុន ប្រសិនបើប្រទេសណាមិនព្រមធ្វើជាចំណុះមហាអំណាចលោកខាងលិច ប្រទេសនោះនឹងត្រូវរងទណ្ឌកម្ម ហើយទីបំផុតអាចបង្ខំចិត្តធ្វើជារណបលោកខាងលិចដោយចៀសមិនផុតដើម្បីសង្គ្រោះស្ថានការណ៍។ ប៉ុន្តែបច្ចុប្បន្ន អ្វីៗបានប្រែប្រួលហើយ។ នេះគឺជាឱកាសមាសសម្រាប់ប្រទេសដែលប្រកាន់ជំហរអព្យាក្រឹត្យដោយមិនបាច់ចំណុះ ឬធ្វើជារណបរបស់មហាអំណាចលោកខាងលិចដោយបង្ខំដូចពីមុនទៀតឡើយ ពីព្រោះបើអស់ពីលោកខាងលិច ក៏នៅមានលោកខាងកើតជួយបានដែរ។ អ្វីដែលសំខាន់ទៀតនោះគឺមហាអំណាចលោកខាងកើតមិនទាមទាឲ្យកម្ពុជា ឬប្រទេសផ្សេងណាមួយ ត្រូវយកអធិបតេយ្យភាពជាតិទៅប្តូរនឹងជំនួយដូចការទាមទាររបស់លោកខាងលិចឡើយ។

ក្នុងបរិបទបែបនេះ គឺលោកខាងលិចទេដែលខាតបង់ប្រសិនបើពួកគេមិនប្រញាប់ផ្លាស់ប្តូរនយោបាយការបរទេសរបស់ខ្លួនទេនោះ។ ជាក់ស្តែងនៅពេលដែលសហភាពអឺរ៉ុបព្យាយាមរាំងខ្ទប់អង្ករកម្ពុជាមិនឲ្យហូរចូលទីផ្សាររបស់ខ្លួនច្រើនពេក អង្ករកម្ពុជាអាចបង្វែរទៅរកទីផ្សារប្រទេសផ្សេងវិញ ដូចជាចិនជាដើម។ ទីផ្សារផលិតផលផ្សេងទៀតរាប់ទាំងជំនួយអភិវឌ្ឍន៍ផងក៏មាននិន្នាការដូចគ្នានេះដែរ។ ស្ថានភាពនេះជាអំណោយផលល្អខ្លាំងណាស់សម្រាប់កម្ពុជាគឺមិនដូចការឃោសនា ដោយបំភាន់និងបំពុលរបស់ក្រុមប្រឆាំងនោះឡើយ។

ម្យ៉ាងទៀត សូមកុំភ្លេចថាមហាអំណាចលោកខាងលិចពេលនេះកំពុងតែរឹតរួតដោយបញ្ហាផ្ទៃក្នុងយ៉ាងចម្រូងចម្រាស់ដែលជាសញ្ញានៃការចុះថមថយឥទ្ធិពលរបស់លោកខាងលិច។ បញ្ហានៅសហរដ្ឋអាមេរិក និងវិបត្តិនៃការចាកចេញរបស់អង់គ្លេស ~ Brexit ~ ពីសហគមអឺរ៉ុបជាដើម គឺជាឧទាហរណ៍ជាក់ស្តែងបំផុត។ នៅក្នុងស្ថានភាពបែបនេះ ការពឹងពាក់តែទៅលើមហាអំណាចលោកខាងលិចទាំងស្រុង ហើយមើលស្រាលលោកខាងកើត និយាយឲ្យចំគឺមើលស្រាលចិន ដូចដែលក្រុមប្រឆាំងកំពុងធ្វើ គឺជាកំហុសយុទ្ធសាស្ត្រដ៏ធំធេងមួយទៀតសម្រាប់នយោបាយការបរទេស។

ផ្ទុយទៅវិញ នយោបាយការបរទេសដែលខ្ញុំកត់សំគាល់លើរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ដែលបាននិងកំពុងបន្តធ្វើ គឺជានយោបាយត្រូវសភាពការណ៍។ នយោបាយបែបនេះមិនត្រឹមតែអាចរក្សាបាននូវឯករាជភាព និងអធិបតេយ្យភាពជាតិយើងប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះ វាក៏ជាកាលានុវត្តភាពថ្មីរបស់កម្ពុជាក្នុងការពង្រឹងខ្លួនឲ្យកាន់តែរឹងមាំឈានទៅម្ចាស់ការលើខ្លួនឯងនៅពេលខាងមុខ។ ចំណែកក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី ដែលកំពុងធ្វើខ្លួនជារណបទាំងស្រុងរបស់លោកខាងលិចដោយគ្មានលក្ខខ័ណ្ឌ ហើយទាត់ចោលទាំងស្រុង និងថែមទាំងប្រមាថមាក់ងាយចិន ពួកគេអាចនឹងគ្មានទីតាំងឈរជើងឡើយក្នុងពេលខាងមុខនេះ។ និយាយតាមភាសាកីឡាបាល់ទាត់គឺ «អកហ្សឺ» ដោយសារតែភាពតឹងត្អឹងមិនចេះបត់បែនទៅតាមសភាពការណ៍។ ខ្ញុំសង្ឃឹមថា មហាអំណាចលោកខាងលិចទំនងជាឆ្លាតជាងអ្វីដែលក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី គិតឆ្ងាយណាស់ ពោលគឺពួកគេនឹងមិនបោះបង់ចោលកូនក្រមុំដ៏ស្រស់ស្អាតដូចកម្ពុជាឡើយ ពីព្រោះបើពួកគេហ៊ានបោះបង់កម្ពុជា គឺពួកគេនេះហើយជាអ្នកខាតបង់ធំនៅចំពោះមុខការពង្រីកឥទ្ធិពលឥតឈប់ឈររបស់មហាយក្សចិន។

សរុបសេចក្តីទៅ អ្វីដែលក្រុមប្រឆាំងគំនិតខ្លីដឹកនាំដោយ សម រង្ស៊ី កំពុងត្រេកត្រអាលនឹងទណ្ឌកម្មរបស់លោកខាងលិច ឬត្រេកត្រអាលនឹងឥទ្ធិពលលោកខាងលិចហើយមើលស្រាល និងប្រមាថតួនាទីរបស់ចិន គឺជាការស្រមើស្រមៃបែបមនុស្សដើរមិនទាន់សភាពការណ៍ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយតែប៉ុណ្ណោះ។ នៅទីបំផុត ពួកគេនឹងបាត់បង់ទីពឹងដោយសារតែលោតខុសពីទិសខ្យល់បក់ជាមិនខាន។ រីឯអ្នកដែលកំពុងដើរត្រូវទិសខ្យល់ដែលខ្ញុំមើលឃើញនោះ គឺលោក ហ៊ុន សែន នេះហើយ។

ហេតុដូច្នេះហើយបានជាគណបក្សរបស់លោក ហ៊ុន សែន តែងមានប្រៀបលើបក្សប្រឆាំងដឹកនាំដោយ សម រង្ស៊ី តែរហូតមក។ និយាយដល់ចំណុចវាយតំលៃសភាពការណ៍ត្រឹមត្រូវបំផុតនោះ ខ្ញុំនៅតែមិនកោតសរសើរលោកហ៊ុន សែន គឺមិនបាន ដែលគាត់វាយតំលៃសភាពការណ៍ និងចិត្តសាស្ត្រពលរដ្ឋអាមេរិកត្រូវដោយគាត់ហ៊ានប្រកាសជាសាធារណះថាលោក Donald Trump នឹងឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកនៅពេលដែលមនុស្សសឹងតែមួយពិភពលោកក្នុងនោះ រាប់បញ្ចូលទាំងមេបក្សប្រឆាំងនៅកម្ពុជាផង គេនិយាយថា Hillary Clinton នឹងឈ្នះ។

នៅពេលខាងមុខនេះ ខ្ញុំអាចមើលឃើញជាមុននូវប្រៀបខ្លាំងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នឹងកាន់តែមានទម្ងន់ថែមទៀតដោយសារតែមេដឹកនាំគណបក្សនេះមានទស្សនៈវិស័យវែងឆ្ងាយ អាចព្យាករណ៍ទិសខ្យល់បក់ទុកជាមុន និងបានត្រៀមខ្លួនជាមុនយ៉ាងល្អ ខណៈដែលក្រុមប្រឆាំងវិញ មកដល់ម៉ោងនេះហើយនៅតែមិនទាន់ភ្ញាក់ខ្លួន មិនដឹងទិសតំបន់ដែលត្រូវដើរនៅឡើយ។ ពួកគេហាក់ដូចកំពុងស្ថិតក្នុងសម័យសង្គ្រាមត្រជាក់នៅឡើយទេ ខណៈដែលពិភពលោកបានដើរដល់ចំណុចពហុប៉ូលទៅហើយនោះ។

នេះហើយជាលទ្ធផលនៃការដឹកនាំរបស់ សម រង្ស៊ី ដែលលោក គង់ គាំ ពិពណ៌នាថាជាមនុស្ស «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ និងធ្វើមិនដែលកើត» ជាពិសេសអ្វីលោក សម រង្ស៊ី ចេះ និងកំពុងបន្តធ្វើគឺ «ល្បិចកញ្ជ្រោងអាងអំណាចខ្លា» តែប៉ុណ្ណោះ។

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

អត្ថបទទាក់ទង