បទយកការណ៍! ក្រោមប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អង់គ្លេស កម្ពុជានឹងទទួលបានប្រយោជន៍ច្រើនក្នុងការនាំចេញ
ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងមុន នៅក្រោមការប្រព័ន្ធអនុគ្រោះពន្ធ ហៅកាត់ GSP របស់ចក្រភពអង់គ្លេស សម្រាប់នាំទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ ដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតាក្រោយពីការអនុគ្រោះនេះនឹងចាប់ផ្តើមអនុវត្តចាប់ពី ឆ្នាំ២០២១ តទៅ។
មន្ត្រីរដ្ឋាភិបាល អ្នកក្នុងវិស័យកាត់ដែរ និងវិស័យវិនិយោគ រំពឹងថា ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ នឹងមិនត្រឹមតែជួយជំរុញទំនិញកាន់តែច្រើននាំចេញពីកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយបំពេញបន្ថែម នូវការបាត់បង់ផ្នែកខ្លះ នៃ EBA នៅទីផ្សារអឺរ៉ុប ជាពិសេសជួយទាក់ទាញវិនិយោគបន្ថែមចូលមកកម្ពុជា ដើម្បី ផលិត កែច្នៃ និងវេចខ្ចប់ នាំចេញទៅទីផ្សារចក្រភពអង់គ្លេស។
ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជានឹងពិភាក្សាជាមួយអង់គ្លេស ដើម្បីស្តារទំនាក់ទំនងនៃការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ អំឡុងពេលមានវិបត្តិ ហើយនៅក្រោយវិបត្តិកកូវីដ ។ លោកបានបន្តទៀតថា កម្ពុជា នឹងពិភាក្សារកវិធានការណ៍ស្តារឡើងវិញនូវការនាំចេញ-នាំចូលឱ្យមានប្រក្រតីភាព ហើយទាញយកនូវអ្វីដែលបានធ្លាក់ចុះកន្លង ដែលបណ្តាលមកពីវិបត្តិកនៃការរីករាលដាលកូវីដ១៩ ។
ឯកឧត្តម សុខ សុភ័ក្ត្រ ថ្លែងថា៖ “នៅពេល អង់គ្លេសបែកចេញមកពីសហភាពអឺរ៉ុប គាត់អត់មានប្រើប្រព័ន្ធដែលចុះបញ្ជីរួមទេ ដូច្នេះយើង ត្រូវធ្វើការផ្នែករដ្ឋបាលជាមួយចក្រភពអង់គ្លេសដើម្បីយើងចេញវិញ្ញបនប័ត្រ ឬមួយយើងរៀបចំប្រព័ន្ធមួយទទួលស្គាល់វិធានប្រភពដើមទំនិញ ដែលនេះជាកិច្ចការបន្តដែលយើងត្រូវធ្វើ”។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា GSP នឹងដើរតួរជំនួស EBA ដែលធ្វើឲ្យការនាំចេញពីកម្ពុជា ទៅអង់គ្លេស បាន១០០ភាគរយ សម្រាប់ការនាំចេញទំនិញកម្ពុជា មិនជាប់ពន្ធ២០ភាគរយដូចកាលពីអង់គ្លេស នៅជាមួយអឺរ៉ុបឡើយ។
លោក បញ្ជាក់ថា GSP ផ្តល់ឲ្យកម្ពុជាមានលទ្ធភាពកាន់តែប្រសើរ ដើម្បីជម្រុញការនាំចេញ ក្នុងនោះកម្ពុជាអាចនាំចេញទំនិញគ្រប់បែបយ៉ាង ទៅប្រទេសអង់គ្លេស ដោយមិនជាប់ពន្ធនាំចូល ជាពិសេសការផ្តល់ការរូចពន្ធ លើមុខទំនិញចំនួន ៤០ មុខផ្សេងទៀត ដែលជាប់កម្រិតកូតា នៅក្រោមបន្ទាត់ពន្ធគយ ។
លោក បន្តថា សម្រាប់សហភាពអឺរ៉ុប ក្នុងនោះប្រទេសអង់គ្លេសគឺជាទីផ្សារធំបំផុត នៃការនាំចេញរបស់កម្ពុជា ក្នុងនោះចំពោះការចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប, ហើយបានបង្កើតផ្តល់ភាពប្រព័ន្ធអនុគ្រោះ (GSP) វានឹងធ្វើឲ្យទំនិញដែលជាប់កម្រិតកូតាក្រោមបន្ទាត់គយ ត្រូវរួចពន្ធទាំងអស់។
លោក កាំង ម៉ូនីកា ថ្លែងថា “មានន័យថា យើងអាចនាំចេញទំនិញគ្រប់បែបយ៉ាងទៅកាន់អង់គ្លេស ដោយអត់មានជាប់ពន្ធនាំចូល និងកម្រិតកូតាទេ ដូច្នេះវាល្អត្រង់ថា ប្រសិនអង់គ្លេសមិនបានចាកចេញ (EU) ហើយមានប្រព័ន្ធអនុគ្រោះពន្ធថ្មីដោយឡែករបស់ខ្លួនទេ គឺថាការនាំចេញទាំងឡាយទៅនឹង ៤០ បន្ទាត់ពន្ធគយ ដែលត្រូវបានដកចេញ ក្រោមប្រព័ន្ធ EBA នោះ គឺយើងនៅបន្តជាប់ពន្ធរបស់អង់គ្លេសទៀត”។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានយល់ឃើញស្រដៀងគ្នា ដោយបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះទូទៅ ជាការជម្រុញលើកទឹកចិត្តដល់អ្នកវិនិយោគ និងជាការទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែម ឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវលក្ខណៈពិសេស។ លោកឧកញ៉ា បន្តថា GSP នឹងជំនួសការបាត់បង់ ក្នុងប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុប សម្រេចដកចេញពីកម្ពុជា។
កម្ពុជានាំចេញផលិតផលទៅចក្រភពអង់គ្លេស មានដូចជា ផលិតផលសំលៀកបំពាក់ ស្បែកជើង អង្ករ និងកង់ ខណៈនាំចូលមកវិញ មានដូចជា រថយន្ត និងគ្រឿងចក្រជាដើម។
ក្នុងឆ្នាំ២០១៩ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអង់គ្លេស មានទឹកប្រាក់សរុបជាង ១ ពាន់លានដុល្លារអាមរិក។ ចំណែនៅក្នុងរយៈពេល ៣ខែ ឆ្នាំ ២០២០ កម្ពុជាបាននាំចេញ សរុបជាង ២០០លានដុល្លារ ក្នុងនោះការនាំចេញវិស័យកាត់ដេរជាង ១៩០ លានដុល្លារ និងទំនិញផ្សេងៗ ១៥ លានដុល្លារអាមេរិក៕