ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ បូកលេខមិនដែលត្រូវជាអាស្រូវនយោបាយធំបំផុតរបស់ សម រង្ស៊ី!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1554
លិខិតមិត្តអ្នកអាន៖ បូកលេខមិនដែលត្រូវជាអាស្រូវនយោបាយធំបំផុតរបស់ សម រង្ស៊ី!លិខិតមិត្តអ្នកអាន៖ បូកលេខមិនដែលត្រូវជាអាស្រូវនយោបាយធំបំផុតរបស់ សម រង្ស៊ី!

ក្នុងនាមអ្នកតាមដាននយោបាយតាមតុកាហ្វេម្នាក់ ខ្ញុំបានសង្កេតឃើញថា ជាង២៥ឆ្នាំមកនេះគឺលោក សម រង្ស៊ី ពិតជាអ្នកនយោបាយខ្សោយបញ្ញា និងអន់ខាងគណិតវិទ្យាខ្លាំងណាស់ពីព្រោះគាត់គុណគូរ បូកលេខ មិនដែលត្រូវម្តងណាឡើយ។ នេះជាមូលហេតុចម្បងដែលធ្វើឱ្យជីវិតនយោបាយរបស់គាត់តែងតែបរាជ័យ និងបន្តធ្លាក់ដុនដាបដល់ម្លឹង។
ដើម្បីមើលឱ្យឃើញថា ហេតុអីបានជាខ្ញុំហ៊ាននិយាយថា លោក សម រង្ស៊ី អន់បញ្ញា និងខ្សោយខាងគណិតវិទ្យា? យើងគួរក្រឡេកថយក្រោយបន្តិចទៅមើលការសម្រេចចិត្តសំខាន់ៗ មួយចំនួនខាងនយោបាយរបស់គាត់ដែលជាលទ្ធផលនៃការវាយតំលៃសភាពការណ៍មិនត្រូវនិងបូកលេខខុសដែលជាកំហុសផ្នែកយុទ្ធសាស្ត្រ និងយុទ្ធវិធីក្នុងការប្រកួតប្រជែងនយោបាយ
ដណ្តើមប្រជាប្រិយភាព និងអំណាចដូចតទៅនេះ៖

ទី១៖ កាលពីឆ្នាំ ១៩៩៤ អំនួតនយោបាយបែបអញនិយម បែបតួឯកដែលជាចរិតធម្មជាតិរបស់ សម រង្ស៊ី បានជំរុញឱ្យគាត់សម្រេចចិត្តដើរចេញពីគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ហើយទៅបង្កើតគណបក្សមួយឈ្មោះថា គណបក្សជាតិខ្មែរ ពីព្រោះតែ សម រង្ស៊ី គិតថា គាត់គ្រាន់បើជាងទ្រង់រណឬទ្ធិ។
ពេលនោះ សម រង្ស៊ី បើកការវាយប្រហារធ្ងន់ៗទៅលើអតីតគណបក្សដែលផ្តល់កំណើត នយោបាយឱ្យខ្លួន។ មិនយូរប៉ុន្មាន គណបក្សជាតិខ្មែរក៏បែកបាក់ក្រោមអំនួត ភាពក្រអឺតក្រទម និងរបៀបដឹកនាំផ្តាច់ការ គ្រួសារនិយមរបស់សម រង្ស៊ី។ ហើយដើម្បីសម្រេចគោលដៅអាត្មានិយម និងទស្សនៈតួឯកនិយម សម រង្ស៊ី ក៏ងាកទៅបង្កើតគណបក្សមួយទៀតដោយដាក់ឈ្មោះខ្លួនឯងធ្វើជាកម្មសិទ្ធិផ្តាច់មុខអស់មួយជីវិត។ គំនិតអញនិយម ការខ្វះភាពអត់ធ្មត់ក្នុងនាមជាអ្នកនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្តទៅតាមតែអារម្មណ៍ផ្ទាល់ខ្លួន គឺជាកត្តាដែលនាំឱ្យជីវិតនយោបាយរបស់ សម រង្ស៊ី រសាត់អណ្តែតគ្មានកោះត្រើយរហូតដល់បច្ចុប្បន្ន។
ទីបំផុត ហ្វ៊ុនស៊ិនប៉ិចក៏រលាយ គណបក្ស សម រង្ស៊ី ក៏គ្មានកំណើត។ កាលណោះបើគាត់កុំដាក់លេខបូកសុប្បនិម្មិតច្រើនពេកលើខ្លួនគាត់ហើយអត់ធ្មត់នៅរួបរួមជាមួយសម្តេចក្រុមព្រះ ហើយកុំបំបែកហ្វ៊ុនស៊ិនប៉ិច ម្ល៉េះសមគណបក្សរាជានិយម មួយនេះប្រហែលជាអាចនៅតែខ្លាំងរហូតសព្វថ្ងៃ មិនចុះដុនដាបបែបនេះទេ ហើយលោក សម រង្ស៊ី ក៍ប្រហែលជាអាចមាន
ប្រជាប្រិយភាព អំណាច និងឥទ្ធិពលមិនរសាត់អណ្តែតដូចសព្វថ្ងៃនេះដែរ។

ទី២៖ នៅឆ្នាំ ១៩៩៧ សម រង្ស៊ី ហេតុតែចង់ល្បីឈ្មោះ បានប្រើលេខបូកសុប្បនិម្មិតមួយទៀតក្រោមល្បិចសាច់កម្ម ដោយបានប្រឌិតរឿងដ៏អាក្រក់ថោកទាបចោទប្រកាន់លោកនាយករដ្ឋ
មន្ត្រី ហ៊ុន សែន ថាជាអ្នកនៅពីក្រោយការបោកគ្រាប់បែកក្នុងហ្វូងបាតុករ។ ប៉ុន្តែនៅទីបំផុត សម រង្ស៊ី ក៏យល់ដឹងថាលេខបូកនេះបាននាំអោយខ្លួនខុសធ្ងន់ ហើយក៏សុខចិត្ត សរសេរលិខិតសុំទោស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ដោយសារភាពទទួលស្គាល់ថា រាល់ការចោទប្រកាន់នោះមិនត្រឹមត្រូវឡើយ។
ដូច្នេះ បើកុំតែបូកលេខខុសបែបនេះ សម រង្ស៊ី មិនបាត់បង់ឱកាសធ្វើនយោបាយនៅក្នុងប្រទេស ហើយត្រូវរត់ចោលស្រុកយ៉ាងយូរដូច្នោះឡើយដែរ។

ទី៣៖ នៅឆ្នាំ ២០០៨ លោក សម រង្ស៊ី បានវាយតំលៃជ្រុលហួស និងដាក់លេខបូកទាំងស្រមើស្រមៃ ថាគាត់អាចមានកំលាំងលើសពីគ្រប់គ្រាន់ដើម្បីឈោងចាប់អំណាចបានឆាប់ ប្រសិនបើរដ្ឋធម្មនុញ្ញកំណត់ត្រឹមសំឡេង ៥០% បូក ១ ។ ភាពស្រមើស្រមៃដេកយល់សប្តិឃើញតែអំណាចក៏បានជំរុញចិត្តលោភលន់របស់គាត់ឱ្យគាំទ្រ និងចូលរួមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយប្តូរពី ពីរភាគបី មកជា ៥០% បូក១ វិញ។
តាមពិតរូបមន្តថ្មីនេះមានបានជួយគាត់ឯណា តែផ្ទុយទៅវិញគឺជាអំណោយផលដល់បក្សកាន់អំណាច ហើយក៏ធ្វើឱ្យគាត់ឃ្លាតឆ្ងាយពីអំណាចកាន់តែឆ្ងាយទៅៗ។ បើសិនជា សម រង្ស៊ី ពូកែគណិតវិទ្យាជាងនេះតែបន្តិច ម្ល៉េះសមគាត់នឹងទទួលបានផលចំណេញច្រើនជាងនេះក្នុងល្បែងនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។

ទី៤៖ ក្នុងឆ្នាំ ២០១២ ដោយមើលឃើញថា កម្លាំងគាំទ្រមានតិចតួចពេក ហើយគ្មានសង្ឃឹមថាអាចយកប្រៀបលើគណបក្សកាន់អំណាចរបស់បុរសខ្លាំងបាន សម រង្ស៊ី ដែលសន្សំអស់ល្បឺត បានត្រឹមតែ ២៦ កៅអីក៏សុខចិត្តទៅដាក់ហ៊ុនជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដែលមានតែបីកៅអី តាមការរៀបចំរបស់បរទេសទោះជាដឹងថាខ្លួនគាត់ និងលោក កឹម សុខា គឺជាទឹក និងប្រេង ក៏ដោយចុះ។
ទីបំផុត សម រង្ស៊ី ដឹងខ្លួនថាបូកលេខច្រឡំ ចាញ់ប្រៀបលោក កឹម សុខា ឆ្ងាយណាស់
ជាពិសេសគឺការគណនាខុសលទ្ធផលនៃការចូលហ៊ុន ៖ ២៦+៣= សេចក្តីសំរេចតាមកុងសង់ស៊ុសមិនមែនភាគច្រើនជាអ្នកសំរេចឯណា!

ទី៥៖ មកដល់ឆ្នាំ ២០១៧ ដោយឈឺចាប់នឹងការចាញ់ប្រៀបលោក កឹម សុខា ខ្លាំងផង និងដោយចង់ធ្វើខ្លួនជាវីរៈបុរសក្នុងបក្សប្រឆាំងផង សម រង្ស៊ី ក៏បានបូកលេខខុសម្តងទៀត ដោយបានប្រញាប់ប្រញាល់ប្រកាសលាឈប់ពីតំណែងប្រធានបក្សសង្គ្រោះជាតិ ក្រោមហេតុផលថា ដើម្បីជួយសង្គ្រោះបក្សកុំឱ្យគេរំលាយ។ តាមពិត គាត់បូកលេខខុសព្រោះគាត់ស្មានរំពឹងទុកថាការលាលែងនេះគ្រាន់តែជាឆាកល្ខាន សំដែងដើម្បីសាងប្រជាប្រិយភាពឡើងវិញ ប៉ុណ្ណោះ ពីព្រោះសម រង្ស៊ី គិតថា បន្ទាប់ពីការលាលែង អ្នកគាំទ្ររបស់គាត់ភ្លូកទឹកភ្លូកដីនឹងងើបឡើងទាមទារកុំឱ្យគាត់ឈប់។ ប៉ុន្តែមានឯណា ស្ងាត់ដូចចោរលួចសេះ។ រីឯបក្សសង្គ្រោះជាតិ នៅតែរលាយដដែល។ កាលណោះ បើគាត់មិនបូកលេខខុសទៅប្រកាសលាលែងបែបនេះទេ ម្ល៉េះសមគាត់នឹងមិនបាត់បង់អំណាចទាំងស្រុងបែបនេះឡើយ ហើយលោក កឹម សុខាដែលមានតែ៣កៅអីក្នុងភាគហ៊ុនក៍មិនអាចឡើងជាប្រធានបក្សបានដែរ។

ទី៦៖ ដោយស្ពឹកមុខខ្លាំងពីព្រោះតែការបាត់បង់អំណាច និងឥទ្ធិពលអស់រលីងពីក្នុងបក្ស សម រង្ស៊ី ដែលមានចំណែករុញឱ្យបក្សសង្គ្រោះជាតិរលាយនោះ ស្រាប់តែទៅប្រកាសបង្កើតចលនាសង្គ្រោះជាតិឯណាឯណីទៅវិញ។ ការបង្កើតចលនានេះក្រោមហេតុផលថា ដើម្បីធ្វើជាសំប៉ានទៅជួយសំពៅ សង្គ្រោះជាតិដែលកំពុងជាប់គឿងហើយត្រូវភ្លើងឆេះទៀត។ ប៉ុន្តែ សំប៉ានដែលលោក សម រង្ស៊ី បង្កើតមានបានជួយសំពៅដែលកំពុងជាប់គឿង និងត្រូវភ្លើងឆេះឯណា ផ្ទុយទៅវិញ ចលនានេះបែរជាជួយឱ្យសំពៅកាន់តែភ្លើងឆេះខ្លាំងឡើងៗ រហូតដល់រលាយអស់។ ចលនាសង្គ្រោះជាតិ ក៏ត្រូវរលាយខ្លួនបាត់ទៅវិញដោយបន្សល់ទុកនូវការបែកបាក់យ៉ាងធ្ងន់ធ្ងរក្នុងចំណោមក្រុមប្រឆាំង។

ទី៧៖ ក្នុងឆ្នាំ ២០១៨ ពេលបោះឆ្នោត សម រង្ស៊ី បូកលេខខុសរឹតតែធ្ងន់ធ្ងរ។ តាមពិតគាត់ត្រូវឱ្យគណបក្សណាមួយក្នុងចំណោមគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្ស ចូលរួមបោះឆ្នោត ហើយអំពាវនាវឱ្យអ្នកគាំទ្របោះឆ្នោតឱ្យគណបក្សនោះ ដើម្បីប្រមូលសំឡេងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិមកវិញ ។ ប៉ុន្តែគាត់បែរជាបូកលេខច្រឡំ ហើយបែរទៅរំលាយបក្សទាំងពីរចោល ហើយអំពាវនាវកុំឱ្យអ្នកគាំទ្រចេញទៅបោះឆ្នោតក្រោមយុទ្ធនាការ«ដេកផ្ទះ ឈ្នះឯង‍‍»។ ទីបំផុត អ្នកដេកផ្ទះមានតែគ្នាគាត់មួយដំបរស្វា ដែលរត់ចោលស្រុកប៉ុណ្ណោះ ចំណែកឯពលរដ្ឋក្នុងស្រុករាប់ទាំងអ្នកធ្លាប់គាំទ្រអតីបក្សសង្គ្រោះជាតិផង បានចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដី ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលធ្វើឱ្យគណបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះយ៉ាងស្រួលដូចការហូបលតមិនបាច់ទំពារចឹង។

ទី៨៖ ចុងក្រោយនេះ បន្ទាប់ពីបូកលេខខុសតាមរយៈការធ្វើបក្សប្រហារទំលាក់ កឹម សុខា ដែលជាការពុះជ្រៀកសាកសពអតីតបក្សប្រឆាំង សម រង្ស៊ី នៅតែគ្មានបញ្ញាហើយបូក លេខច្រឡំដដែល ហើយច្រឡំលើកនេះគឺរឹតតែធ្ងន់ធ្ងរ។
តាមពិត សម រង្ស៊ី គួរតែបើកផ្លូវលើកទឹកចិត្តឱ្យអ្នកនយោបាយដែលជាប់បម្រាមទទួលយកសិទ្ធិធ្វើនយោបាយវិញឱ្យបានច្រើនតាមដែលអាចធ្វើបាន ទោះជារូបគាត់មិនទាន់ទទួលបានសិទ្ធិក្តី ពីព្រោះអ្នកនយោបាយទាំងនោះនឹងមានសិទ្ធិធ្វើសកម្មភាពចុះជួបសកម្មជន អ្នកគាំទ្រតាមមូលដ្ឋាន ដើម្បីពង្រឹងស្មារតីអ្នកគាំទ្រជាពិសេសដើម្បីត្រៀមខ្លួនក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាននៅពេលខាងមុខ។ យ៉ាងហោចណាស់ក៏សកម្មជន អ្នកគាំទ្របានឃើញអ្នកនយោបាយរបស់ពួកគេអាចប្រាស្រ័យទាក់ទងគ្នាជាមួយពួកគេបានដែរ។ ប៉ុន្តែផ្ទុយទៅវិញ សម រង្ស៊ី បែរជាបង្ខាំងអ្នកទាំងអស់នោះអោយនៅក្នុងទ្រុងជាមួយគាត់ ទាំងពេលទ្វារបើកចំហ។ មិនតែប៉ុណ្ណោះ សម រង្ស៊ី បែរទៅជានិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យពីព្រោះគ្មានអ្នកណាមកទទួលសិទ្ធិធ្វើនយោបាយ? នេះជារឿងគួរឱ្យអស់សំណើច។
ចុះអ្នកនយោបាយអីក៏បញ្ញាអន់យ៉ាងនេះ?

សរុបទៅ ចំណុចទាំងប៉ុន្មានដូចបានលើកឡើងខាងលើនេះគឺជាឧទាហរណ៍ជាក់ស្តែងបំផុត និងត្រួសៗក្នុងចំណោមបញ្ហាជាច្រើនរាប់មិនអស់ដែល សម រង្ស៊ី សម្រេចចិត្តខុសដោយសារតែបូកលេខច្រឡំ។ មកដល់ចំណុចនេះ ខ្ញុំនៅតែកោតសរសើរលោក គង់ គាំ ដែលធ្លាប់បានរួមរស់ជាមួយលោក សម រង្ស៊ី អស់ជាច្រើនឆ្នាំហើយ ចេះរកឃើញពាក្យបីម៉ាត់ មកពិពណ៌នា ពីលោកសម រង្ស៊ី ថា ជាមនុស្ស «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត»។ គឺពិតជាមហាត្រឹមត្រូវ ហើយខ្ញុំសុំកត់ត្រាពាក្យបីម៉ាត់នេះទុកជាពាក្យស្លោកសម្រាប់ពិពណ៌នាលោក សម រង្ស៊ី ជារៀងរហូត។ នេះហើយជាលទ្ធផលនៃនយោបាយបូកលេខច្រឡំរបស់លោក សម រង្ស៊ី៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ