ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋាភិបាលកម្ពុជា ថ្កោលទោសបណ្តាក្រុមហ៊ុនផលិតបង្គន់ ដោយប្រើរូបភាពប្រាសាទខ្មែរ និងទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់ការលក់ជាបន្ទាន់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1249

    រដ្ឋាភិបាលកម្ពុជា បានថ្កោលទោសបណ្តាក្រុមហ៊ុនដែលផលិតផលបង្គន់ ដោយប្រើប្រាស់រូបប្រាសាទខ្មែរ។ ទន្ទឹមនឹងនេះកម្ពុជាបានស្នើឱ្យក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនបង្កើតទីផ្សារអនឡានអន្តរជាតិ បញ្ឈប់ជាបន្ទាន់នូវការលក់ផលិតផលប្រភេទនេះ នៅលើគេហទំព័របស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន អគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក លោក ជុំ សុន្ទរី ផ្ញើទៅកាន់ក្រុមហ៊ុន Amazon ដែលទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។

    នៅក្នុងសេចក្តីប្រកាសនេះលោក ជុំ សុន្ទរី បានថ្លែងថា ស្ថានទូត នៃកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានទទួលដំណឹងដោយតក់ស្លុត និងស្រងាកចិត្តថា៖
    * រូបភាពនៃប្រាសាទអង្គរដោយរួមមាន អង្គរវត្ត តាព្រហ្ម បាយ័ន ឬបឹងមាលា ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ និងទទួលបានអត្ថប្រយោជន៍ពីអង្គការអភិរក្សអន្តរជាតិ (UNESCO) ចាប់តាំងពីឆ្នាំ២០១៧ ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតទំនិញមួយចំនួន ធ្វើជារូបភាពនៃផលិតផលដែលបង្កភាពអាម៉ាស់ ក្នុងនោះមាន គម្របបង្គន់ កំរាលបន្ទប់ទឹក កំរាលជើងមុខបង្គន់ វាំងននងូតទឹក និងកំរាលផ្ទះបាយ។លើសពីនេះទៅទៀត ក្រុមហ៊ុនផលិតបានប្រើប្រាស់វិធីគួរឲ្យស្អប់ខ្ពើមដោយប្រើប្រាស់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា សំរាប់ជាការរចនានៃកម្រាលបន្ទប់ទឹក (កំរាលព្រំ និងបង្គន់)។
    * ទំនិញទាំងអស់ដែលបានរៀបរាប់ខាងលើត្រូវបានដាក់លក់ដោយក្រុមហ៊ុន Amazon នៅលើគេហទំព័រ amazon.com និង amazon.fr ។

    លោក ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសបណ្តាក្រុមហ៊ុនផលិត នៃផលិតផលទាំងអស់នេះ និងទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់ជាបន្ទាន់នូវការលក់របស់ខ្លួន ដោយដកចេញពីគេហទំព័រនូវផលិតផលទាំងនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសជាតិ និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតបានធ្វើការតវ៉ា និងការទាមទារខាងលើ ជាមួយសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩»។

    សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ក៏បានផ្ញើរលិខិតទៅកាន់ក្រុមហ៊ុន Amazon តវ៉ាចំពោះការលក់ផលិតផលទាំងនេះនៅលើគេហទំព័ររបស់ក្រុមហ៊ុន ហើយបានសង្កត់ធ្ងន់ថា «វាមិនមែនជាការចាំបាច់ទេក្នុងការទទូចលើចរិតលក្ខណៈថោកទាប នៃការប្រើប្រាស់នេះហើយការផ្សព្វផ្សាយផលិតផលដែលបង្កភាពអាម៉ាស់ ទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់» ៕

    ខាងក្រោមនេះជាលិខិតរបស់លោក ជុំ សុន្ទរី៖