ខ្មែរប៉ុស្ដិ៍ Close

អ្នកជំនាញអភិរក្សជាតិ-អន្តរជាតិ កំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពក្រុមការងារជួសជុលព្រះពុទ្ធរូបពីរអង្គ សម័យក្រោយអង្គរនៅប្រាសាទប្រែរូប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
អ្នកជំនាញអភិរក្សជាតិ-អន្តរជាតិ កំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពក្រុមការងារជួសជុលព្រះពុទ្ធរូបពីរអង្គ សម័យក្រោយអង្គរនៅប្រាសាទប្រែរូប អ្នកជំនាញអភិរក្សជាតិ-អន្តរជាតិ កំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពក្រុមការងារជួសជុលព្រះពុទ្ធរូបពីរអង្គ សម័យក្រោយអង្គរនៅប្រាសាទប្រែរូប

អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបស់អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ រួមទាំងអ្នកស្រាវជ្រាវកូរ៉េ បានពិភាក្សាផ្លាស់ប្តូរយោបល់លម្អិតតាមជំនាញនីមួយៗ ដើម្បីបំពេញការងារអភិរក្សក្នុងការប្រើប្រាស់បច្ចេកទេស និងសម្ភារៈដែលមិនប៉ះពាល់ដល់ការជួសជុលព្រះពុទ្ធរូបពីរអង្គសម័យក្រោយអង្គរស្ថិតនៅប្រាង្គកណ្តាលនៃប្រាសាទប្រែរូប។

លោកបណ្ឌិត លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្កាបានឱ្យថា បច្ចុប្បន្នក្រុមអ្នកជំនាញបានសម្រង់ស្ថានភាពខូចខាត រកបំណែកព្រះពុទ្ធរូបទាំងពីរអង្គដែលបាត់បង់ សម្អាត និងផ្គុំបំណែកដែលរកឃើញនោះទៅនឹងដងខ្លួនពុទ្ធរូបរួចរាល់អស់ហើយ។ ចំពោះការងារដែលនៅសល់ត្រូវធ្វើបន្តគឺ ការសិក្សា លើសមាសធាតុបន្សំនៃសម្ភារៈនីមួយៗដែលខ្មែរបុរាណយកមកធ្វើពុទ្ធរូប មានដូចជា៖
១. ថ្មភក់៖ ពុទ្ធរូបទាំងពីរអង្គធ្វើឡើងដោយការផ្គុំថ្មភក់ច្រើនដុំប្រភេទផ្សេងៗគ្នា ដែលខ្លះសន្និដ្ឋានថាយកពីប្រាសាទនៅក្នុងតំបន់ ឯខ្លះទៀតមិនដឹងប្រភពទេ។
២. ខ្មុកម្រ័ក្សណ៍ដែលខ្មែរបុរាណយកមកប៉ាតលាបលើរូបបដិមា។
៣. ពហុវណ្ណភាព (ពណ៌ចម្រុះ) ៖ មានទឹកពណ៌មាសនិងក្រហមជាដើម ដែលមិនទាន់ដឹងថាខ្មែរបុរាណយកមកពីប្រទេសចិន ប្រទេសជិតខាង ឬផលិតខ្លួនឯង។
៤. កំបោរបាយអរម្រ័ក្សណ៍៖ ពាសបាយអរដើម្បីភ្ជិតកន្លែងប្រហោង ហើយលាបម្រ័ក្សណ៍ពីលើរូប។
៥. ដែក៖ មានមូល ស្រួច ទាល ជ្រុង ដែលបុរាណយកធ្វើជន្លួញ ធ្វើខ្ចាប់ដើម្បីតដុំថ្មមួយទៅមួយទៀតក្នុងការធ្វើរូបបដិមា ហើយមានគុណភាពល្អ ប្រើបានយូរ។
៦. ឈើ៖ ធ្វើជាស្នៀត ពន្លួញឈើដើម្បីតថ្ម។
៧. គ្រឿងលម្អ៖ នៅលើស្បង់ចីវរ ខ្សែក្រវ៉ាត់មានលម្អដោយសំបកសិប្បីសត្វយ៉ាង
ស្រស់ស្អាត។ ចំពោះសំណាកខ្មុកម្រ័ក្សណ៍ និងគ្រឿងលម្អ ក្រុមការងារបានយកទៅពិសោធន៍នៅប្រទេសកូរ៉េ ដើម្បីដឹងពីប្រភពនិងអាយុកាលដែលបច្ចុប្បន្នកំពុងរង់ចាំលទ្ធផល។

លោកបណ្ឌិត បានបន្តទៀតថា ដោយសារសម្ភារៈដែលយកមកប្រើមានភាពចម្រុះ តម្រូវឱ្យអ្នកជំនាញផ្នែកនីមួយៗត្រូវស្វែងយល់របៀបនៃការប្រើប្រាស់និងប្រភពនៃវត្ថុធាតុដើម។ ដូច្នេះ លោក ក៏បានទាមទារឱ្យក្រុមការងារសម្រង់ព័ត៌មានខូចខាតឱ្យអស់ ពិនិត្យមើលស្លាកស្នាមជាលក្ខណៈពិសេសនៃបច្ចេកទេសបុរាណលើរូបព្រះពុទ្ធ។ កំណត់កូដពណ៌ឱ្យបានច្បាស់លាស់ទៅលើភាពខូចខាតនៃសំណង់ ហើយសម្ភារៈពីបុរាណដែលអាចប្រើការបាន ត្រូវយកមកប្រើឡើងវិញ ដោយមានការពិនិត្យយ៉ាងហ្មត់ចត់ពីវិស្វករទៅលើភាពធន់ និងភាពមាំនៃការទ្រទម្ងន់បដិមា។ លើសពីនោះត្រូវមានអ្នកជំនាញ 3D Scanning ដើម្បីមានភាពងាយស្រួលនិងដឹងច្បាស់អំពីបច្ចេកទេសកាន់តែលម្អិតក្នុងការបំពេញបន្ថែមរូបដែលបាត់បង់ឱ្យត្រូវនឹងរូបពិត។ ក្នុងនោះដែរដើម្បីបន្ថែមនិងពង្រឹងសមត្ថភាព នាយកដ្ឋានក៏បានរៀបចំវគ្គបណ្តុះបណ្តាលបុគ្គលិកជំនាញ ទាក់ទងនឹងការពង្រាងរូបផងដែរ ដើម្បីធ្វើឱ្យការអភិរក្សនិងជួសជុលកាន់តែល្អប្រសើរ។

សូមបញ្ជាក់ដែរថា ពុទ្ធបដិមាទាំងពីរអង្គនៅប្រាង្គកណ្តាលប្រាសាទប្រែរូប គឺបានបាត់បង់ព្រះកេស ព្រះហស្ថទាំងស្រុង និងដាច់ត្រឹមកជើង។ បដិមាព្រះពុទ្ធទាំងនេះ ធ្វើអំពីថ្មភក់ក្នុងរចនាបទបាយ័ន ទ្រង់ឈរក្នុងកាយវិការអភ័យមុទ្រៈលម្អដោយខ្មុក និងម្រ័ក្សណ៍ មានក្បាច់បិទលម្អដោយគ្រឿងសិប្បីសត្វថែមទៀត។ បើតាមលក្ខណៈសម្គាល់ខាងផ្នែកក្បាច់លម្អ និងរចនាបថបង្ហាញថា ព្រះពុទ្ធរូបទាំងពីរអង្គរនេះប្រហែលជាធ្វើឡើងក្នុងសម័យកណ្តាល (ស.វទី១៥-១៦) ជាសម័យដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ត្បិតប្រាសាទនេះដើមឡើយគឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ បច្ចុប្បន្នមានប្រជាជននៅជុំវិញទីនេះ តែងតែមកបន់ស្រន់សុំទឹកភ្លៀង និងបានហៅឈ្មោះពុទ្ធបដិមាទាំងពីរអង្គនេះថា «លោកតាសៅ»៕