ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ពី ប្រាសាទប្រែរូប

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 77
ស្វែងយល់ពី ប្រាសាទប្រែរូប ស្វែងយល់ពី ប្រាសាទប្រែរូប

ប្រាសាទប្រែរូបជាប្រាសាទដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទប្រែរូបនេះមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃតំបន់អង្គរក្នុងខេត្តសៀមរាប។ ត្រង់ជ្រុងស្រះស្រង់នៃផ្លូវកែងកាច់ទៅទិសខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃបារាយណ៍ទិសបូព៌ា‌ គឺត្រង់បង្គោលគីឡូម៉ែត្រលេខ ១៦ ។

ប្រាសាទប្រែរូបត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័ន ដែលមានព្រះបរមបច្ឆាមរណនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ត្រូវបានសាងឡើងក្រោយ ប្រាសាទមេបុណ្យ ក៏ប៉ុន្តែប្រាសាទនេះ មានសភាពដូចគ្នាបេះបិទជាមួយប្រាសាទមេបុណ្យ ពោលគឺ ប្រាសាទដែលបានកសាងឡើងជាប្រាសាទភ្នំ ព្រមទាំងមានថែវលេចលយចេញ តាំងពីពេលកសាងមកម្ល៉េះ ហើយមានរៀបជាបន្ទប់វែងៗ សំយុងមកក្រោមទៀត។

តាមការបង្ហាញពីមន្ដ្រីផ្នែកបុរាណវិទ្យា នៃក្រសួងវប្បធម៌‌ និងវិចិត្រសិល្បៈ បានឲ្យដឹងដែរថា តាមសិលាចារឹករបស់ ប្រាសាទប្រែរូបបានបញ្ជាក់នូវកាលវេលានៃការកសាងយ៉ាងច្បាស់ ព្រមទាំងបានបញ្ជាក់អំពី ព្រះរាជវង្សនៃព្រះបាទរាជេន្ទ្រវរ្ម័ន ដែលព្រះអង្គបានសាង លិង្គឈ្មោះ រាជេន្ទ្រភទ្រេស្វរៈ ដាក់នៅនឹងតួ​ប្រាសាទកណ្តាល ហើយក៏មានបង្ហាញដោយរូបសំណាកព្រះអង្គតម្កល់នៅ នឹងប្រាសាទតាមជ្រុងផងដែរ ដែលសុទ្ធសឹងទាក់ទងទៅនឹងលទ្ធិព្រហ្មញ្ញសាសនា។

អត្ថបទទាក់ទង