ទស្សនៈមិត្តអ្នកអាន៖ អ្នកសារព័ត៌មានសម្រុកទិញអាវធំ ដើម្បីបានចូលជួបលោក នាយករដ្ឋមន្ត្រីហ៊ុន សែន!
ជំនួបប្រចាំឆ្នាំលើកទី៣ រវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងអ្នកសារព័ត៌មាន នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ ក្រោមការសម្របសម្រួល និងរៀបចំដោយក្រសួងព័ត៌មាន។ បើតាមប្រភពពីមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា នឹងមានអ្នកសារព័ត៌មានមិនតិចជាង ៥.០០០នាក់ទេដែលនឹងចូលរួមក្នុងវេទិកានេះ។
ជំនួបប្រចាំឆ្នាំលើកទី៣នេះ អាចចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្ថិសាស្រ្តមួយក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ហើយក៏ជាឱកាសមួយឲ្យអ្នកសារព័ត៌មានបានជួបជុំជជែកពិភាក្សាគ្នា និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ ជំនួបនេះក៏ជាឱកាសដ៏ល្អមួយនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងល្អក្នុងចំណោមអ្នកសារព័ត៌មាន និងមន្ត្រីនាំពាក្យតាមក្រសួងស្ថាប័ននានាដែលជាប្រភពព័ត៌មានរបស់
អ្នកសារព័ត៌មានត្រូវការជាចាំបាច់ដើម្បីបម្រើឲ្យការផ្សព្វផ្សាយព័ត៌មានពិត ឥតលម្អៀង រហ័សទាន់ចិត្ត និងគួរជាទីទុកចិត្តរបស់សាធារណជន និងចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
ជំនួបប្រចាំឆ្នាំលើកទី៣នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់លោកនាយករដ្ធមន្ត្រីហ៊ុន សែនជាមួយនឹងអ្នកសារព័ត៌មាន ក្នុងបរិបទប្រទេសកម្ពុជា ប្រកាន់យកមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្ស ហើយដែលសារពត៍មានក៏មានតួនាទីដ៍សំខាន់ក្នុងការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ ដែលជាឱកាសមាសសម្រាប់កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ក្នុងពេលដែលកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យឧស្សាហកម្ម សេវាកម្ម កសិកម្ម ពិសេស គឺវិស័យទេសចរណ៍ដែលជាប្រភពចំណូលជាតិ ជំរុញកំណើនសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ខែមករា បានលើកឡើងក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ការរីកចម្រើនរបស់ប្រទេសជាតិ ពិតណាស់មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អ្នកសារព័ត៌មានបានឡើយ។ លោកថា កម្ពុជាបានបាត់បង់ឱកាសកសាងប្រទេសជាច្រើនឆ្នាំមកហើយដោយសារ សង្រ្គាម។ ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ កម្ពុជាត្រូវការទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគទុនបរទេសជាច្រើនមកវិនិយោគនៅកម្ពុជា។
«ដូច្នេះការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ពិតប្រាក គឺកាន់តែផ្តល់នូវទំនុកចិត្តដល់ទេសចរណ៍ បរទេស និងវិនិយោគគិន បរទេស។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មានអនឡាញ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភព លោកក្នុងផ្លូវវិជ្ជមាន ដើម្បី ប្រទេសកម្ពុជាកាន់តែរីកចម្រើនលឿនទៅមុខ»។
យោងតាមស្ថិតិឆ្នាំ២០១៨ កម្ពុជា មានសារព័ត៌មានជាតិចំនួន ៣៥៣អង្គភាព ទស្សនាវដ្ដីជាតិ មានចំនួន ១២៦អង្គភាព ព្រឹត្តិបត្រចំនួន ២១អង្គភាព កាសែតអន្តរជាតិ ៤៤អង្គភាព ទស្សនាវដ្ដីអន្តរជាតិចំនួន ៦១អង្គភាព សមាគមអ្នកសារព័ត៌មានចំនួន ៤០អង្គភាព ទីភ្នាក់ងារសារព័ត៌មានបរទេសចំនួន ១៨អង្គភាព រោងពុម្ភ និងគ្រឹះស្ថានបោះពុម្ភ ១២៤អង្គភាព។ ដោយឡែក ស្ថានីយទូរទស្សន៍ មានផ្សាយផ្ទាល់នៅរាជធានី ភ្នំពេញ ចំនួន២២ស្ថានីយ ផ្សាយបន្តពីរាជធានីភ្នំពេញ ទៅខេត្តមានចំនួន ១៣២ស្ថានីយ។
ទូរទស្សន៍ខ្សែកាបទាំង នៅរាជធានី ខេត្ត មានចំនួន ១៣៣ ស្ថានីយ និងស្ថានីយវិទ្យុ FM នៅរាជធានីភ្នំពេញមានចំនួន ៨០ស្ថានីយ នៅតាមខេត្តមាន ២៥៤ស្ថានីយ និងស្ថានីយវិទ្យុAM មានចំនួន ១ស្ថានីយ។
ចំនួនអង្គភាពសារព័ត៌មាន ទស្សនាវដ្តី ព្រឹត្តិបត្រ កាសែតជាតិ អន្តរជាតិ វិទ្យុ ទូរស្សន៍ និងទីភ្នាក់ងារសារព័ត៌មានបរទេសដ៏ជាច្រើននៅក្នុងប្រទេសកម្ពុជា និងការបើកទូលាយគ្មានព្រំដែននៃបណ្តាញផ្សព្វផ្សាយសង្គមច្រើនស្កេះស្កះ ហើយកំពុងប្រតិបត្តិការនៅកម្ពុជាប្ចុច្បន្ននេះ ពិតជាបាន បង្ហាញពីលំហរសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ដែលផ្ទុយពីក្រុមប្រឆាំងមួយចំនួនបានរិះគន់ពីការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាន ខណៈពេលដែលក្រុមអ្នកព័ត៌មានក្បត់វិជ្ជាជីវៈមួយចំនួនបានផុងខ្លួនបំរើនយោបាយប្រឆាំង ចូលរួមក្នុងសកម្មភាពញុះញង់ និងប៉ះពាល់ដល់សន្តិសុខជាតិ ហើយត្រូវបានច្បាប់ចាត់វិធានការ។ ពួកគេមិនអាចស្រែកបំភ្លៃអំពីការបំបិទសិទ្ធិសេរីភាពនោះទេ ខណៈដែលទង្វើរបស់អ្នកសារព័ត៌មានមួយចំនួន ប្រើប្រាស់សិទ្ធិរបស់ខ្លួនហួសព្រំដែនកំណត់ដោយច្បាប់ ធ្លាក់ចូលក្នុងការប្រព្រឹត្តបទល្មើសនានា។
បើនិយាយអំពីសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ កម្ពុជា សព្វថ្ងៃជាឋានសួគ៌នៃសេរីភាព។ បើតាមតួលេខក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឲ្យដឹងថា ក្នុងចំណោមពលរដ្ឋកម្ពុជា ១៦លាននាក់ មានអ្នកប្រើប្រាស់ទូរសព័្ធចំនួន ២៧លានគ្រឿង។
ទាំងអស់នេះ ពិតជាបង្ហាញឱ្យពិភពលោកឃើញថា សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន និងការប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា គឺមានលក្ខណៈល្អប្រសើរខ្លាំងណាស់ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ទៀត នោះ គឺអ្នកសារព័ត៌មានបាន ទទួលនូវធាតុចូលបានលឿនរហ័សផងដែរ ខណៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានគាំទ្រ និងបង្ហោះផ្សាយខ្លឹមសារជាច្រើនជាជំហររបស់រាជរដ្ឋាភិបាល ផ្តល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានស្រង់យកទៅចុះផ្សាយ។ មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ចេញសារ និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ការផ្សាភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ និងថែមទាំងចាត់វិធានការភ្លាមៗតាមហ្វេសប៊ុកផេក ផ្ទាល់ខ្លួនទៀតផងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសផ្តោតជាអាទិភាពការផ្តល់សេវាសាធារណៈបានលឿនរហ័សតាមរយៈបណ្តាញផ្សព្វផ្សាយសង្គមថ្មី ហ្វេសប៊ុក។
ទោះយ៉ាងណា ជំនួបប្រចាំឆ្នាំលើកទី៣ រវាងអ្នកសារព័ត៌មាន និងលោកនាយករដ្ឋមន្ត្រីនេះ ត្រូវបានអ្នកសារព័ត៌មានបង្ហាញការគាំទ្រនិងមានមោទនភាពដែលបានចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់មួយនេះ។ ហេតុដូច្នេះហើយ ទើបនៅព្រឹកថ្ងៃទី១១ ខែមករា ២០១៩ មុនជំនួបជាមួយលោកនាយករដ្ឋមន្ត្រី គេឃើញថា មានអ្នកសារព័ត៌មានជាច្រើនបាននាំគ្នាសម្រុកទិញសម្លៀកបំពាក់(អាវធំ) នៅតាមទីផ្សារ និងហាងលក់សម្លៀកបំពាក់នានា ដើម្បីតុបតែងខ្លួនឲ្យបានសមរម្យចូលជួបជាមួយលោកនាយករដ្ឋមន្ត្រី នៅពេលល្ងាចថ្ងៃដដែលនេះ។
ដោយ៖ សុខ ហេង អតីតអ្នកសារព័ត៌មាន