ជនពិការថា ពួកគេសប្បាយចិត្តនៅពេលទទួលបានការងាររដ្ឋ
ក្រុមជនពិការ បានលើកឡើងថា ពួកគេសប្បាយចិត្តនៅពេលទទួលបានការងាររដ្ឋ បើទោះបីជាសមត្ថភាពរបស់ពួកអាចធ្វើការងារបានតែត្រឹមផ្នែកមួយក៏ដោយ។
លោក ឡាយ សុខគា ជនពិការមួយរូបដែលទទួលបានតួនាទីជាជំនួយការនាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលរស់នៅដោយឯករាជ្យ នៃជនពិការភ្នំពេញ កត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការផ្សេងៗ តែងតែបានជួយដល់ជនពិការទាំងការចូលរួមការបណ្តុះបណ្តាល និងការលើកទឹកចិត្ត ដើម្បីឲ្យមានលទ្ធភាពក្នុងការសម្រេចចិត្ត និងទទួលខុសត្រូវក្នុងជីវិត ក្នុងនោះឲ្យមានភាពក្លាហានចូលរួមក្នុងវិស័យការងារបានច្រើនដូចជាការប្រកបមុខរបរកាត់ដេរ អ៊ុតសក់ជាដើម ដែលទាំងនេះជាមុខរបរសុច្ចរិតទៀងត្រង់ និងងាយស្រួលសមស្របសម្រាប់ពួកគាត់ផងដែរ។
ថ្លែងក្នុងកម្មវិធីតុមូលវិទ្យុជាតិកម្ពុជា លោកបានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជនពិការជាច្រើនទទួលបានការងារធ្វើទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។
ចំណែក យុវតី ហង្ស ដានី ជនពិការស្វិតដៃជើងពីកំណើត និងជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លើកឡើងថា ជនពិការអាចតស៊ូនឹងការងារ បើទោះជាមិនមានកាយសម្បទាណាមួយគ្រប់គ្រាន់ដូចមនុស្សធម្មតាក៏ដោយ។ តំណាងជនពិការរូបនេះ បានសំណូមពរកុំឱ្យមានការរើសអើង ចំពោះជនពិការក្នុងឱកាសផ្តល់ការងារតាមសមត្ថភាពដែលពួកគេអាចធ្វើបាន។
តបនឹងសំណើនេះ លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខភមាលភាពជនពិការ នៃក្រសួងសងញកមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសការងារជាច្រើនដល់ជនពិការ ជាក់ស្តែងចាប់តាំងពីឆ្នាំ២០១១ មកដល់ឆ្នាំ២០១៨ មានជនពិការចំនួន២៨៣៩នាក់ ក្នុងនោះស្រ្តី៧៣០នាក់ កំពុងបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៤០។ ដោយឡែកវិស័យឯកជនពិសេសផ្នែកហិរញ្ញវត្ថុ ធនាគារ រោងចក្រមួយចំនួន មានជនពិការកំពុងបម្រើការងារចំនួន៣០៥៥នាក់។ លោកលើកឡើងថា ជនពិការខ្លះ ត្រូវបានផ្តល់ការងារដោយមិនចាំបាច់ទាមទារជំនាញ ឬសមត្ថភាពនោះឡើយ ប៉ុន្តែការងារខ្លះត្រូវការបណ្តុះបណ្តាលរយៈពេលខ្លី និងពេលចូលបម្រើការងារផ្ទាល់តែម្តង ដូចជាសេវាអនាម័យ ការងារក្នុងភោជនីយដ្ឋាន និងមានការងារជាច្រើនទៀតដែលជនពិការអាចធ្វើបាន។
លោក ស្លូត វណ្ណដា មន្រ្តីសម្របសម្រួលគម្រោងនៃអង្គការជនពិការកម្ពុជា បានគាំទ្រចំពោះជនពិការមួយចំនួន ដែលទទួលឱកាសទទួលបានការងារ ដោយលោកលើកឡើងថា សព្វថ្ងៃមានជនពិការបម្រើការងារនៅតាមស្ថាប័នរដ្ឋច្រើនជាងស្ថាប័នផ្សេងៗ ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធក្នុងការលើកកម្ពស់ជនពិការឲ្យមានការងារធ្វើ តាមរយៈការផ្តល់ឱកាស ចំណេះដឹង និងជំនាញបច្ចេកទេសផ្សេងៗផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងនីមួយៗត្រូវជ្រើសមន្រ្តីជាជនពិការឲ្យបានចំនួន២ភាគរយ ដើម្បីជំរុញការលើកកម្ពស់សិទ្ធិជនពិការ ពិសេសធានាឲ្យពួកគេទទួលបាននូវអត្ថប្រយោជន៍ និង ចៀសផុតពីការរើសអើង។
បើតាមការឲ្យដឹងពីមន្ត្រីនាយកដ្ឋានសុខភមាលភាពជនពិការ បានបញ្ជាក់ថា ក្រសួងការងារមានកម្មវិធីផ្គូរផ្គងការងារ និងហ្វឹកហ្វឺនការងារបន្ថែម សម្រាប់ជនពិការ ដែលមានបំណងទៅបម្រើការងារនៅតាមរោងចក្រសហគ្រាសវិស័យឯកជន ហើយប្រសិនបើជនពិការដែលចង់ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឬប្រកបកិច្ចការងារណាមួយអាចទាក់ទងទៅក្រសួង និងមន្ទីរសង្គមកិច្ចរាជធានីខេត្ត ឬក៏អាចទាក់ទងទៅកាន់ដៃគូអភិឌ្ឍន៍ដែលនៅខេត្តរបស់ខ្លួនរស់នៅក៏បានដែរ៕